ពេលអតិថិជនកំពុងខឹង តើអ្នកគួរធ្វើដូចម្តេច?
- 2022-10-18 3:01:16
- ចំនួនមតិ 0 | ចំនួនទស្សនា 538
ពេលអតិថិជនកំពុងខឹង តើអ្នកគួរធ្វើដូចម្តេច?
ក្នុងនាមជាអ្នកលក់ម្នាក់ សំខាន់ខ្លាំងណាស់ដែលអ្នកត្រូវមានចិត្តអត់ធ្មត(ចិត្តធ្ងន់) ក្នុងការព្យាយាមដើម្បីធ្វើឱ្យការលក់របស់ខ្លួនទទួលបានផល។ ក្នុងការលក់ផលិតផលឬសេវាកម្មអ្វីមួយ អ្នកលក់តែងតែចង់បាននូវការគាំទ្រពីសំណាក់អតិថិជនដែលខ្លួនកំពុងបញ្ជុះបញ្ជូល ដើម្បីលក់ផលិតផលឬសេវាកម្មរបស់ខ្លួនឱ្យដាច់។ រហូតពេលខ្លះអាចធ្វើឱ្យអតិថិជនមានការធុញទ្រាំ ឬក៏ខឹងសម្បារក៏ថាបាន តែក្នុងនាមជាអ្នកលក់ សំខាន់ណាស់ត្រូវតែធ្វើយ៉ាងណាដើម្បីលក់ឱ្យគ្រប់នូវចំនួនរបស់ខ្លួនដែលខាងក្រុមហ៊ុនបានដាក់ឱ្យ រហូតដល់ពេលខ្លះធ្វើឱ្យភ្នាក់ងារលក់មួយចំនួនហ៊ាននិយាយបំភ្លើសពីគុណតម្លៃនៃផលិតផលរបស់ខ្លួនទៀតផង ដែលជាហេតុធ្វើឱ្យអតិថិជនមានការខឹងសម្បារក៏ថាបាន។ ហើយខាងក្រោមនេះគឺជាវិធីសាស្រ្តផ្សះផ្សារមួយចំនួនសម្រាប់ភ្នាក់ងារលក់ដើម្បីដោះស្រាយនៅពេលដែលជួបនឹងបញ្ហាបែបនេះ៖
នៅស្ងៀមស្តាប់សិន៖ កាលដែរនៅស្ងៀមស្តាប់ពីស្ថានភាពដោយមិនប្រកែកតបតទៅវិញ គឺជាវិធីមួយដែលអាចធ្វើឱ្យអតិថិជនកាន់តែអាចសម្រួលអារម្មណ៍របស់គាត់បាន។ បន្ទាប់ពីស្តាប់ដឹងរឿងអស់ហើយចាំឆ្លើយតបទៅគាត់វិញដោយសម្តីផ្អែមល្ហែមដែលប្រកបដោយហេតុផល។ ព្រោះពេលខ្លះកំហុសដែលធ្វើឱ្យអតិថិជនខឹង នោះវាមិនមែនសុទ្ធតែជាកំហុសរបស់ខាងភ្នាក់ងារលក់ទាំងអស់ឡើយ វាក៏អាចមកពីការភន់ច្រលំទៅលើអ្វីមួយ ឬមានបញ្ហាបច្ចេកទេសអ្វីមួយដែលអាចធ្វើឱ្យអតិថិជនមានកំហឹងដោយអចេតនា។ ក្នុងករណីបែបនេះ បើទោះបីជាខាងភ្នាក់ងារលក់មានឬមិនមានកំហុសក៏ដោយ អ្នកក៏គួរតែអគុណទៅកាន់អតិថិជនរបស់អ្នកដែលបានប្រាប់ពីកំហុសឆ្គង ក្នុងន័យកែលំអរផងដែរ ហើយធ្វើបែបនេះអតិថិជនអាចនឹងឈប់ខឹងក៏ថាបាន។
ប្រើពាក្យសុំទោស៖ ការប្រើប្រាស់ពាក្យសុំទោស មិនមែនសំដៅទៅលើការសុំលើកលែងទោសពីកំហុសនោះទេ ហើយក៏មិនមែនប្រើដើម្បីសារភាពកំហុសនោះដែរ។ តែក្នុងន័យនេះ ពាក្យសុំទោសផ្តោតសំខាន់ទៅលើការគួរសមពេលស្ថិតក្នុងស្ថានភាពដែលអតិថិជនកំពុងខឹងដើម្បីធ្វើឱ្យអតិថិជនស្ដាប់ទៅមានអារម្មណ៍ថាធូស្រាលកំហឹងរបស់គាត់ ដើម្បីជាភាពងាយស្រួលក្នុងការដោះស្រាយបញ្ហាដែលកំពុងកើត ឬដើម្បីឆ្ពោះទៅជំហានលក់បន្ទាប់ទៀត។
សំណងជម្ងឺចិត្តបន្ដិចបន្ដួច៖ សំណងជម្ងឺចិត្តត្រង់កន្លែងនេះមិនមែនសំដៅចំពោះតែជាទឹកប្រាក់តែមួយមុខនោះទេ តែវាអាចជាការថែមជូននូវអ្វីមួយ ឬការបញ្ជុះតម្លៃពិសេសដល់អតិថិជនដែលកំពុងមិនសប្បាយចិត្ត ដែលអាចជួយបន្ធូអារម្មណ៍គាត់បានខ្លះដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហាចំពោះមុខបានដោយសន្តិវិធី។ ក៏ដូចជាកុំឱ្យមានផលបោះពាល់ដែលឈ្មោះរបស់ក្រុមហ៊ុនផងដែរ៕
អត្ថបទ៖ វិសាល
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: