តើនាយកប្រតិបត្តិ (CEO) ត្រូវមានកាតព្វកិច្ចសំខាន់ៗអ្វីខ្លះ?
- 2022-10-12 7:56:34
- ចំនួនមតិ 0 | ចំនួនទស្សនា 511
តើនាយកប្រតិបត្តិ (CEO) ត្រូវមានកាតព្វកិច្ចសំខាន់ៗអ្វីខ្លះ?
ក្រុមហ៊ុនមួយដែលមាននាយកប្រតិបត្តិឬ CEO (Chief of Executive Officer) ដ៏មានសក្ដានុពលម្នាក់ គឺពិតជាអាចដឹកនាំក្រុមហ៊ុននោះឱ្យឆ្ពោះទៅរកភាពរីកចម្រើនជាក់ជាមិនខាន។ ប៉ុន្តែបើទោះបីជាបែបនេះក្ដី ជាទូទៅភាពជានាយកប្រតិបត្តិដ៏ល្អពោរពេញទៅដោយសមត្ថភាព និងជាទីគោរពស្រឡាញ់របស់បុគ្គលិកគ្រប់គ្នាបែបនេះមិនសូវនឹងរកបានឡើយ។ ហើយខាងក្រោមនេះគឺជាចំណុចសំខាន់ខ្លះៗដែលនាយកប្រតិបត្តិទូទៅគួរយកទៅត្រិះរិះពិចារណាដើម្បីធ្វើខ្លួនឱ្យក្លាយជាអ្នកដឹកនាំដ៏ល្អ និងអាចដឹកនាំក្រុមហ៊ុនឱ្យរីកចម្រើនទៅមុខដោយរលូន៖
ផ្តោតលើចក្ខុវិស័យរបស់ក្រុមហ៊ុន៖ ជានាយកប្រតិបត្តិត្រូវកំណត់យុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដើម្បីសម្រេចបានភាពជោគជ័យលើគោលដៅដែលបានកំណត់។ តួនាទីរបស់នាយកប្រតិបត្តិត្រូវធ្វើការពន្យល់យ៉ាងលម្អិត និងច្បាស់លាស់ប្រកបដោយទំនួលខុសត្រូវពីស្ថានភាពការងារដែលជាចក្ខុវិស័យរបស់ក្រុមហ៊ុនទៅដល់បុគ្គលក្នុងស្ថាប័នរបស់ខ្លួន។
ប្រើមនុស្សឱ្យចំគោលដៅ៖ ជានាយកប្រតិបត្តិត្រូវទទួលខុសត្រូវលើការធានាតុល្យភាពការងារ ដោយការប្រើប្រាស់ធនធានមនុស្សតាមជំនាញ មុខតំណែង និងពេលវេលាត្រឹមត្រូវ។ ហើយនេះគឺវាទាមទារឱ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុនត្រូវមានជំនាញនៃការគិត និងការឈ្វេងយល់ឱ្យបានស៊ីជម្រៅពីលក្ខណៈសម្បត្តិនៃធនធានមនុស្សឱ្យស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន។
ចែករំលែក៖ វប្បធម៌ចែករំលែករួមមាន អាកប្បកិរិយា លក្ខណសម្បត្តិ និងគុណតម្លៃដ៏ថ្លៃថ្នូរ គឺជាភារកិច្ចមួយទៀតរបស់នាយកប្រតិបត្តិដែលត្រូវមាន ដើម្បីជាឥទ្ធិពលក្នុងការសាបព្រោះនូវភាពស្រស់បំព្រងនៅក្នុងបរិយាកាសការងារ ក៏ដូចជាការប្រើប្រាស់បុគ្គលិកដែលស្របទៅតាមបទពិសោធន៍ និងកម្រិតវប្បធម៌របស់ពួកគេ។ អ្វីដែលពិសេសនោះគឺគុណតម្លៃដែលនាយកប្រតិបត្តិត្រូវផ្ទេរពីថ្នាក់លើដល់ថ្នាក់ក្រោមនៅគ្រប់ផ្នែករបស់ក្រុមហ៊ុន ដ្បិតអីគុណតម្លៃនេះនឹងធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ល្អ ដែលវាគឺជាគ្រឹះឱ្យពួកគេអាចបំពេញការងារបានល្អ។
ទំនួលខុសត្រូវលើក្រុមហ៊ុន៖ មនុស្សគ្រប់គ្នាយល់ស្របថានាយកប្រតិបត្តិជាអ្នកទទួលខុសត្រូវតែម្នាក់គត់លើប្រតិបត្តិការផ្សេងៗរបស់ក្រុមហ៊ុន។ ដូច្នេះនាយកប្រតិបត្តិត្រូវដើរតួយ៉ាងសកម្មគ្រប់ផែនការ និងគោលដៅរបស់ក្រុមហ៊ុនឱ្យបានជោគជ័យជាមួយដៃគូដែលពាក់ព័ន្ធ។ ភាពជានាយកប្រតិបត្តិត្រូវទាមទារឱ្យមានការយល់ដឹងខ្ពស់លើកិច្ចការក្នុងក្រុមហ៊ុន ទីផ្សារ និងដំណើរការស្នូលរបស់ក្រុមហ៊ុន៕
អត្ថបទ៖ វិសាល
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: