ផ្តើមរកស៊ីស្របពេលដែលអ្នកកំពុងធ្វើការឱ្យគេ

  • 2022-10-10 10:08:55
  • ចំនួនមតិ 0 | ចំនួនទស្សនា 475


អ្នកអាចចំណាយពេល ៨ម៉ោងធ្វើការ និងគេងអស់៦ម៉ោង ស្របពេលដែលអ្នកមានពេលដល់ទៅ ២៤ម៉ោងក្នុងមួយថ្ងៃ ដូច្នេះសួរថាតើអ្នកគួរចំណាយពេល១០ម៉ោងទៀតធ្វើអ្វី? អ៊ីចឹងចុះបើរកស៊ីផងធ្វើការផងវាយ៉ាងម៉េចវិញ? ច្បាស់ណាស់ថានឹងអាចទៅរួច ប៉ុន្តែថាតើអ្នកត្រូវធ្វើយ៉ាងណាដើម្បីរក្សាតុល្យភាពរវាងការធ្វើការងារឱ្យគេ និងការរកស៊ីខ្លួនឯង? អ្នកអាចយកវិធីទាំងនេះមកសាកល្បងដើម្បីទុកគ្រាន់ជាគំនិត៖

១ ជាមុខរបរដែលមានទីផ្សារ៖ ជាការពិតណាស់ អ្នកត្រូវប្រាកដក្នុងចិត្តថាមុខរបររបស់អ្នកពិតជាមានទីផ្សារ និងមានសង្ឃឹមច្រើនក្នុងការប្រឡូកចូលក្នុងវិស័យជំនួញដើម្បីប្រុងប្រយត្ន័រាល់បញ្ហា និងសិក្សារកឱកាសទុកជាមុន។ ព្រោះថាបើផលិតផល ឬអាជីវកម្មរបស់អ្នក មិនសូវទទួលបានចំណាប់អារម្មណ៍ នោះអ្នកនឹងប្រឈមនូវការខាតបង់ខ្ពស់ជាក់ជាមិនខាន។

២ ធ្វើគម្រោង និងកាលវិភាគពេលវេលា៖ កុំភ្លេចថា ទោះបីជាអ្នកមានមុខរបរផ្ទាល់ខ្លួនក៏ដោយ អ្នកនៅតែមានតួនាទីជាបុគ្គលិកក្រុមហ៊ុនដែលអ្នកកំពុងធ្វើដដែល។ ដូចនេះអ្នកត្រូវចេះរៀបចំគម្រោង និងកាលវិភាគបែងចែកពេលវេលារវាងការងារ និងការរកស៊ីរបស់អ្នកឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ដើម្បីជៀសវាងកុំឱ្យមានបញ្ហាដោយប្រការណាមួយ ព្រោះរឿងនេះវាពិតជាសំខាន់ខ្លាំងណាស់ក្នុងការរក្សានូវតម្លៃរបស់អ្នក។

៣ ចេះប្រើប្រាស់បច្ចេកវិទ្យានាសម័យបច្ចុប្បន្ន៖ ជាការពិតណាស់បច្ចេកវិទ្យាបានក្លាយជារបស់មួយដ៏សំខាន់ ហើយក៏ជាផ្នែកមួយនៃជីវិតរបស់មនុស្សគ្រប់រូបផងដែរ។ ហើយសម័យនេះគឺខុសគ្នាដាច់កាលពីសម័យមុនដែលអ្នករកស៊ី ពិបាកខ្លាំងក្នុងការប្រាស្រ័យទាក់ទងជាមួយអតិថិជន ប៉ុន្ដែសម្រាប់សម័យទំនើបនេះ វាលែងជាឧបសគ្គទៀតហើយ។ អ្នកអាចប្រាស្រយ័ទាក់ទងជាមួយអតិថិជនរបស់អ្នករឹតតែងាយស្រួល ទាំងតាមបណ្តាញសង្គមផ្សេងៗ និងតាមទូរស័ព្ទ ដើម្បីទទួលការកម្មង់ ទទួលប្រាក់ និងការដឹកជញ្ជូនដោយប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនទៅដល់អតិថិជនបានយ៉ាងងាយ។

៤ កុំប្រហែសនឹងការងាររបស់អ្នក៖ ក្នុងការចាប់ផ្តើមរកស៊ីដំបូង អ្នកនឹងមិនទាន់ទទួលបានផលចំណេញភ្លាមៗនោះទេ ហើយដំណើរការក៏នៅមិនទាន់ដើរស្រួលដែរ។ ដូចនេះអ្នកនៅតែត្រូវការចំណូលពីការធ្វើការរបស់អ្នកដដែល។ យ៉ាងណាមិញសូមកុំភ្លេចឆ្នាំងបាយដើមដែលជាប្រភពចំណូលទៀងទាត់របស់អ្នកឱ្យសោះ ព្រោះពេលខ្លះវាក៏អាចជួយទប់នូវការចំណាយច្រើនរបស់អ្នកផងដែរ។ នៅកន្លែងធ្វើការអ្នកត្រូវផ្ដោតអារម្មណ៍ និងយកចិត្តទុកដាក់ ព្រមទាំងបំពេញតួនាទីជាបុគ្គលិកដ៏ល្អម្នាក់ កុំឱ្យសមត្ថភាពការងាររបស់អ្នកធ្លាក់ចុះ ព្រោះតែរឿងរកស៊ីរបស់អ្នក។ រហូតដល់ពេលមួយដែលអ្នកគិតថាការរកស៊ីរបស់អ្នកអាចឱ្យអ្នកចេញពីការងារបាន ពេលនោះហើយដែលអ្នកត្រូវសម្រុកខ្លាំងទៅលើកិច្ចការរកស៊ីរបស់ខ្លួន៕

អត្ថបទ៖ បូទីន

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: