បើមានបញ្ហាកើតឡើងដោយមិនបានដឹងមុន តើត្រូវធ្វើដូចម្តេច?

  • 2022-10-05 7:04:34
  • ចំនួនមតិ 0 | ចំនួនទស្សនា 476


បញ្ហាទាំងឡាយដែលកើតឡើងដោយគ្មានការព្រៀងទុក ដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់អ្នក នោះអ្នកគួរតែចេះរកដំណោះស្រាយឬវិធីសាស្រ្តក្នុងការបង្វៀងស្ថានការណ៍ដើម្បីកុំ​ឱ្យបញ្ហាទាំងនោះមកគ្របដណ្ដប់លើជីវិតរបស់អ្នកបាន។ ហើយខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដើម្បីជាដំណោះស្រាយលើបញ្ហាទាំងអស់នេះ៖

គិតទុកមុន៖ នៅពេលដែលអ្នកជួបនឹងស្ថានភាពស្មុគស្មាញណាមួយដែលអ្នកនឹកស្មានមិនដល់ អ្នកច្បាស់ជាបញេ្ចញនូវការតបតរទៅវិញដោយមិនបានគិត។ ជំនួសឱ្យការតបតរដោយមិនបានគិតនោះ អ្នកគួរតែចំណាយពេលបន្តិចដើម្បីគិត មុននឹងធ្វើសកម្មភាពផ្សេងៗចេញមក។ ពេលខ្លះប្រសិនបើអ្នកកាន់តែឆេវឆាវស្ថានភាពនោះនឹងកាន់តែអាក្រក់។​ ដូច្នេះហើយអ្នកត្រូវតែទុកពេលគិតរកដំណោះស្រាយឱ្យបានល្អសិន ដើម្បីទទួលបានលទ្ធផលល្អនៅពេលក្រោយ។

រក្សាគំនិតវិជ្ជមាន និងស្វែងរកដំណោះស្រាយ៖ វាជារឿងធម្មតាទៅហើយ សម្រាប់មនុស្សភាគច្រើនដែលតែងតែសន្មតថា រឿងអាក្រក់ដែលពួកគេជួបប្រទះនឹងជះផលអវិជ្ជមានឱ្យពួកគេវិញ។ ប៉ុន្តែចំពោះចំណុចនេះវាមិនពិតទាំងអស់នោះទេ ព្រោះជួនកាលអ្វីដែលអ្នកមិនចង់បានឬមិនចង់ជួបក្នុងជីវិត វាក៏អាចផ្លាស់ប្តូរជីវិតរបស់អ្នកបានដែរ។ ហើយការផ្លាស់ប្តូរនេះនឹងនាំមកនូវលទ្ធផលវិជ្ជមានដែលធ្វើឱ្យជីវិតរបស់អ្នកកាន់តែប្រសើរឡើង។ ដូច្នេះឈប់បន្ទោសខ្លួនឯងចំពោះរឿងរ៉ាវអាក្រក់ៗដែលកើតមកលើខ្លួនទៀតទៅ ហើយបកមកគិត និងរិះរកដំណោះស្រាយវិញ ទើបធ្វើឱ្យស្ថានការណ៍បានប្រសើរឡើង។ អ្នកគ្រាន់តែរក្សាជំហររបស់ខ្លួនឱ្យល្អ នោះអ្នកនឹងមើលឃើញពីទិដ្ឋភាពល្អៗនៅគ្រប់ស្ថានភាពទាំងអស់។

មានទំនុកចិត្តលើខ្លួនឯង៖ រឿងមួយដែលអាចជួយអ្នកឱ្យយកឈ្នះលើបញ្ហាប្រឈម និងស្ថានភាពអាក្រក់ៗក្នុងជីវិតរបស់អ្នកបាន នោះគឺការជឿជាក់លើសមត្ថភាព និងមានទំនុកចិត្តលើខ្លួនឯង។ អ្នកមិនត្រូវបដិសេធឬមិនទទួលដោះស្រាយចំពោះស្ថានភាពណាមួយដែលមិនបានដឹងមុន ឬមិនបានគិតទុកមុននោះទេ អ្នកគួរតែប្រឈមមុខនឹងផលវិបាកទាំងអស់នោះដោយមិនញញឹត ព្រោះបើអ្នកទុកវាចោលនោះវានឹងរឹតតែពិបាកដោះស្រាយជាងមុន តែបើបញ្ហាទាំងនោះលើសពីសមត្ថភាពរបស់អ្នក រឿងដែលចាំបាច់ អ្នកត្រូវតែរកជំនួយ៕

អត្ថបទ៖ បូទីន

ផ្នែកមួយនៃសៀវភៅ៖ ជម្រៅនៃការគិត

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: