ផ្តើមធ្វើអាជីវកម្មខ្នាតតូច និងមធ្យម តើគួរមើលលើចំណុចណាខ្លះ?

  • 2022-10-01 9:13:01
  • ចំនួនមតិ 0 | ចំនួនទស្សនា 471


មានគំនិតចង់រកស៊ីមិនពិបាក តែអ្វីដែលពិបាកនោះ ថាតើគួររកស៊ីអ្វី នោះទើបជារឿងដែលឈឺក្បាលបំផុត។ មកដល់កន្លែងនេះ អ្នកប្រហែលជាត្រូវការពេលបន្តិចដើម្បីគិតទៅដល់មុខរបរមួយណាដែលខ្លួនចង់បង្កើត ដើម្បីធ្វើឱ្យមុខរបរមួយនោះអាចចេញជារូបរាងបាន។ តែដំបូងដៃអ្នកគួរតែគិតទៅលើឱកាសទីផ្សារ និងចំណូលចិត្តរបស់អ្នកជាមុនសិនដែរ ថាតើវាអាចដំណើការបានទេនាពេលបច្ចុប្បន្ន និងអនាគត? ដើម្បីជាគន្លឹះខ្លះៗគ្រាន់ទុកពិចារណា ខាងក្រោមនេះគឺជាគំនិតគោលៗមួយចំនួននៃការបង្កើតអាជីវកម្ម៖

រៀបចំ និងគិតទុកមុន៖ ត្រូវចាប់ផ្តើមពីការសិក្សាស្រាវជ្រាវជាមុនដើម្បីជាទុននៃចំណេះដឹងក្នុងការកង្កើតនូវមុខរបររកស៊ីអ្វីមួយ អ្នកត្រូវចាប់ផ្តើមដោយគំនិត គិតទៅលើទំហំទីផ្សារ និងការប្រកួតប្រជែងនៃអាជីវកម្មមួយនោះ។ ហើយក៏ត្រូវតែជាការចាប់ផ្តើមដោយចេញពីការស្រឡាញ់ផងដែរ ព្រោះថាសម្រាប់អាជីវកម្មថ្មីថ្មោង វាត្រូវការប្រើពេលវេលា ប្រាក់កាក់ បូករួមទាំងកម្លាំងញើសឈាមរបស់អ្នកជាច្រើន ដើម្បីផ្តោតទៅលើវា។

រៀបចំផែនការ៖ ដំបូងត្រូវសិក្សាពីដើមទុន លទ្ធភាព និងសមត្ថភាពដែលអ្នកមាន ដើម្បីជាហេតុក្នុងការកសាងផែនការអាជីវកម្មរបស់ខ្លួន ដើម្បីបង្ហាញដល់អ្នកវិនិយោគ (បើមាន) ឬក្រុមការងារទាំងអស់ ឱ្យពួកគេអាចមើលឃើញពីលទ្ធផលនៅថ្ងៃខាងមុខ។ ដើម្បីរៀបចំផែនការមួយបាន ទី១ត្រូវចេះកំណត់ទីផ្សារគោលដៅ ឬអតិថិជនគោលដៅឱ្យបានច្បាស់លាស់ ថាតើមានមនុស្សប៉ុន្មាននាក់ និងមនុស្សប្រភេទណាខ្លះដែលនឹងទទួលយកទំនិញ ឬសេវាកម្មរបស់អ្នក? តើអតិថិជនទាំងនោះនឹងចំណាយប៉ុន្មានលើទំនិញ ឬសេវាកម្មរបស់អ្នក? ត្រូវចេះសិក្សាទៅលើចំណុចខាងលើនេះដើម្បីជាតម្រុយក្នុងការចាប់ផ្តើមអាជីវកម្ម។ ហើយបើការសិក្សានោះបង្ហាញថា លទ្ធភាពទទួលបានប្រាក់ចំណេញតិចជាងចំណាយ នោះយើងគួរតែពិចារណាឡើងវិញឬក៏ដូរផែនការដើម្បីធ្វើវាឱ្យមានលទ្ធភាពខ្លាំងជាងនេះ។ ទី២ កំណត់ពីបញ្ហាឬកាប្រកួតប្រជែង៖ ត្រូវចេះរៀបចំផែនការទុកជាមុនសម្រាប់បញ្ហាទាំងឡាយណាដែលអាចកើតមាននៅក្នុងដំណើរការអាជីវកម្មដែលអ្នកបានគ្រោង។ វាយតម្លៃ និងសិក្សាទៅលើការប្រកួតប្រជែងនៃអាជីវកម្មនោះ មុនពេលវាយលុកទីផ្សារ។ មួយវិញទៀតអ្វីដែលអ្នកត្រូវគិតគូរដែរនោះ គឺប្រព័ន្ធផ្លូវច្បាប់ មានន័យថាអ្នកត្រូវរៀបចំឯកសារដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកស្របច្បាប់។

កញ្ចប់ថវិកាសម្រាប់ទីផ្សារ៖ ការសរសេរពីគម្រោងនៃកញ្ចប់ថរិកា ដែលត្រូវប្រើប្រាស់សម្រាប់ចំណាយលើការផ្សព្វផ្សាយ ឬចំណាយលើការធ្វើទីផ្សារផ្សេងៗ គឺជារឿងដែលសំខាន់បំផុតដើម្បីកុំឱ្យការធ្វើទីផ្សាររបស់អ្នកមានបញ្ហា។ ការងារបន្ទាប់គឺជ្រើសរើសវិធីផ្សព្វផ្សាយ ឬប្រព័ន្ធផ្សព្វផ្សាយមួយដែលស្របនឹងកញ្ចប់ថវិការដែលអ្នកបានគ្រោងទុក។

អត្ថបទ៖ វិសាល

ផ្នែកមួយនៃសៀវភៅ៖ ផ្តើមពីសូន្យ

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: