នេះជាអ្វីដែលកំពុងរារាំងអ្នកមិនឱ្យសម្រេចគោលដៅ

  • 2022-09-22 2:25:18
  • ចំនួនមតិ 0 | ចំនួនទស្សនា 421


បើនិយាយពីភាពមានបាន តើនរណាខ្លះដែលមិនចង់ក្លាយជាអ្នកមាននោះ? មានមនុស្សជាច្រើនតែងតែប្រាថ្នាចង់បានជីវិតមួយដែលរស់នៅប្រកបទៅដោយភាពសប្បាយរីករាយ ប៉ុន្តែបំណងប្រាថ្នានេះវាមិនមែនសុទ្ធតែអាចកើតឡើងនោះទេ ព្រោះមានឧបសគ្គជាច្រើនដែលមករារាំងនូវបំណងប្រាថ្នាមួយនេះ។ ដូច្នេះតើអ្វីទៅដែលរារាំងអ្នកពីការសម្រេចគោលដៅរបស់អ្នក?

១. ដំបូន្មានពីមនុស្សដែលគិតតែរឿងអវិជ្ជមាន៖ ប្រសិនបើអ្នកទទួលយោបល់ឬដំបូន្មានពីបុគ្គលដែលតែងតែគិតអវិជ្ជាមាន នោះអ្នកប្រាកដជាបានលទ្ធផលមកវិញក៏អវិជ្ជមានទៅតាមហ្នឹងដែរ។ ដោយក្នុងនោះអ្នកតែងតែទទួលបានមកវិញនូវពាក្យថា ធ្វើមិនកើត ទៅមិនរួច ធ្វើអ៊ីចឹងវាមិនខ្មេះ ឬខ្លាចនេះខ្លាចនោះ ដែលតែងតែលេចចេញពីមាត់របស់បុគ្គលបែបនេះ។ ដូចនេះហើយការស្វះស្វែងរកបុគ្គលដែលត្រឹមត្រូវ មានបទពិសោធន៍ច្បាស់លាស់ និង មានចក្ខុវិស័យវែងឆ្ងាយ វាពិតជាសំខាន់ខ្លាំងណាស់ដើម្បីធ្វើឱ្យអ្នកទទួលបាននូវគំនិតល្អៗដើម្បីតម្រង់ទិស និងផ្លូវសម្រាប់ឱ្យអ្នកដើរ​ឆ្ពោះទៅរកអ្វីដែលអ្នកចង់បាន។

២. គោលដៅមិនច្បាស់លាស់៖ ធ្វើជាមនុស្សរឿងសំខាន់បំផុតនោះគឺគោលដៅជីវិត ព្រោះមនុស្សនឹងគ្មានពាក្យថាហត់នោះទេ នៅពេលដែលពួកគេរកឃើញគោលដៅពិតប្រាកដរបស់ខ្លួន។ អ៊ីចឹងហើយទើបគោលដៅរបស់អ្នកមិនគួរណាមានភាពទូលំទូលាយពេកនោះទេ។ ឧទាហរណ៍ថា បើអ្នកចង់ក្លាយជាអ្នកមានឬអ្នករកស៊ីម្នាក់ក្នុងថ្ងៃអនាគតមែននោះ នោះអ្នកក៏ត្រូវតែដៅគោលដៅរបស់អ្នកឱ្យច្បាស់ថាចង់ធ្វើអ្វី និងចង់បានអ្វីដើម្បីរៀបចំសកម្មភាពអនុវត្ត។ មិនមែនគ្រាន់តែស្រែកក្តែងៗថា ខ្ញុំចង់ក្លាយជាអ្នកមាន ហើយគ្មានគោលដៅ គ្មានប្រមាណវិធីច្បាស់លាសនោះទេ នោះអ្នកក៏មិនអាចបាននូវអ្វីដែលខ្លួនចង់បានដែរ។

៣. គ្មានភាពអត់ធ្មត់ និងការតស៊ូ៖ មុននឹងសម្រេចបានកិច្ចការអ្វីមួយជាធម្មតាមិនមែនអង្គុយសុខៗហើយសម្រេចបាននោះទេ គឺវាតម្រូវឱ្យអ្នកហែលឆ្លងរាប់ពាន់ឧបសគ្គ និងភាពបរាជ័យ ជាច្រើនដែលរង់ចាំអ្នកនៅខាងមុខ។ ដូច្នេះអ្នកត្រូវតែមានចិត្តតស៊ូអត់ធ្មត់ និងការប្តេជ្ញាចិត្តខ្ពស់។ បើសិនអ្នកជាបុគ្គលម្នាក់ដែលពុំសូវមានការអត់ធ្មត់ និង គំនិតវិជ្ជមានចំពោះភាពបរាជ័យនោះទេ នោះអ្នកនឹងបោះបង់កិច្ចការរបស់អ្នកចោលកណ្ដាលទីជាក់ជាមិនខាន។ ហើយអ្នកត្រូវចាំថាផ្នត់គំនិតរបស់អ្នកវិជ្ជមានឬអវិជ្ជមាន វាគឺជាកូនសោរនៃអ្វីៗដែលអ្នកចង់បាន។ បើអ្នករើសយកភាពវិជ្ជមាន នោះអ្នកនឹងជោគជ័យ តែបើអ្នករើសយកភាពអវិជ្ជមាន នោះអ្នកនឹងបរាជ័យទៅតាមហ្នឹងដែរ៕

អត្ថបទ៖ វិសាល

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: