ធ្វើជាអ្នកលក់ត្រូវតែប្រុងប្រយ័ត្ននូវចំណុចទាំងនេះ
- 2022-09-15 2:50:55
- ចំនួនមតិ 0 | ចំនួនទស្សនា 384
ធ្វើជាអ្នកលក់ត្រូវតែប្រុងប្រយ័ត្ននូវចំណុចទាំងនេះ
ក្នុងនាមជា Sale (អ្នកលក់) ឬជាប្រធានក្រុមហ៊ុនម្នាក់ សំខាន់ណាស់ដែលអ្នកត្រូវជៀសវៀង និងកុំបង្កឱ្យមានកំហុសឆ្គងណាមួយឱ្យសោះនៅពេលដែលនាំផលិតផលរបស់អ្នកទៅដល់ដៃអតិថិជន ព្រោះថាដង្ហើមរបស់ក្រុមហ៊ុនមួយ វាពឹងផ្អែកយ៉ាងខ្លាំងទៅលើការលក់។ ហើយខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលក្នុងនាមជា Sale ត្រូវសិក្សាឱ្យបានច្បាស់លាស់៖
១. គិតឱ្យច្បាស់រវាងលុយ និងមិត្តភាព៖ ក្នុងនាមជា Sale សំខាន់ណាស់ដែលអ្នកត្រូវរិះរកគ្រប់វិធីដើម្បីលក់ផលិតផលរបស់ខ្លួនឱ្យដាច់។ ប៉ុន្តែក្នុងនោះអ្នកក៏ត្រូវចេះបែងចែកឱ្យច្បាស់រវាងតម្រូវការនៃលក់ដើម្បីលុយ និងការកសាងមិត្តភាពផងដែរ ព្រោះថាប្រសិបបើអ្នកលក់ផលិតផលមួយទៅឱ្យនរណាម្នាក់ដែលអ្នកមិនទាន់ស្គាល់ទេនោះ ជំហ៊ានដំបូងអ្នកត្រូវការកសាងមិត្តភាពជាមួយម្នាក់នោះជាមុនសិន ជាជាងគិតតែពីការលក់ ដែលនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ដៃគូម្ខាងទៀត ដែលគេអាចនឹងយល់ថាអ្នកមកមានទំនាក់ទំនងជាមួយគេ គឺដើម្បីតែចង់លក់ផលិតផលតែមួយមុខ។ ដូច្នេះហើយមុននឹងអ្នកអាចឈានទៅដល់ការលក់អ្នកត្រូវកសាងទំនាក់ទំនងជាមួយអតិថិជនគោលដៅរបស់អ្នកជាមុនសិន ដើម្បីសិក្សាឱ្យច្បាស់ពីពួកគាត់ថាតើពួកគាត់មានលទ្ធភាព និង មានតម្រូវការខ្លាំងប៉ុណ្ណាចំពោះផលិតផលដែលអ្នកកំពុងតែមាននេះ។
២. ស្គាល់មិនច្បាស់ពីអតិថិជន៖ ចំណុចនេះសំខាន់ខ្លាំងណាស់ ព្រោះថាមុននឹងអ្នកឈានដល់ការលក់ផលិតផលអ្វីមួយទៅដល់អតិថិជនរបស់អ្នក អ្នកត្រូវតែស្គាល់ឱ្យច្បាស់នូវអតិថិជនរបស់អ្នក ដើម្បីធ្វើការបែងចែកឱ្យច្បាស់ថាតើមនុស្សប្រភេទណាជាអតិថិជនគោលដៅ ហើយមនុស្សប្រភេទណាជាអតិថិជនបន្ទាប់បន្សំ។ ហើយមុននឹងអ្នកឈានដល់ការកំណត់ពីអតិថិជនរបស់អ្នក វាតម្រូវឱ្យអ្នកសិក្សានូវចំណុចទាំងអស់នេះផងដែរ៖ តើផលិតផលរបស់អ្នកត្រូវនឹងមនុស្សវ័យណា? ជីវភាពបែបណា? មនុស្សស្ថិតនៅតំបន់បែបណា? និងទំហំនៃតម្រូវការរបស់ពួកគាត់ប៉ុណ្ណា? ពេលដែលអ្នកសិក្សាបានច្បាស់ពីចំណុចទាំងនេះហើយនោះ អ្នកនឹងយល់ច្បាស់ពីអតិថិជនគោលដៅ និងអតិថិជនបន្ទាប់បន្សំរបស់អ្នក។
៣. រំខានអតិថិជន៖ ចំណុចនេះរឹតតែសំខាន់ខ្លាំងចំពោះ Sale ព្រោះថាប្រសិនបើអ្នកយល់មិនច្បាស់ ឬក៏សិក្សាពីអតិថិជនរបស់អ្នកមិនទាន់ច្បាស់ទេ នោះអ្នកនឹងក្លាយជា Seller ដ៏គួរឱ្យធុញទ្រាន់បំផុត។ ប្រសិនបើអ្នកធ្លាក់ចូលក្នុងចំណុចនេះហើយ កុំសូម្បីតែអតិថិជនដែលមិនចាប់អារម្មណ៍នូវផលិតផល ឬសេវាកម្មរបស់អ្នក សូម្បីតែអតិថិជនដែលចាប់អារម្មណ៍នូវផលិតផល ឬសេវាកម្មរបស់អ្នក ក៏ពួកគាត់ធុញនឹងអ្នកដែរ។ ដូច្នេះហើយកុំធ្វើឱ្យមានកំហុសឆ្គងនេះកើតឡើងឱ្យសោះ។ ដូច្នេះតើអ្វីជា Seller ដ៏គួរឱ្យធុញទ្រាន់នោះ? ចម្លើយនោះគឺ អ្នកយល់មិនច្បាស់ពីអតិថិជនគោលដៅ ឬអតិថិជនដែលសមនឹងផលិតផលរបស់អ្នក កាលណាអ្នកយល់មិនច្បាស់អំពីរឿងទាំងនេះ នោះពិតជាពិបាកខ្លាំងហើយ។ សញ្ញាដែលអ្នកអាចកត់សម្គាល់អតិថិជនរបស់អ្នកបាន ថាតើពួកគាត់ចាប់អារម្មណ៍នូវផលិតផល ឬសេវាកម្មរបស់អ្នកឬក៏អត់នោះ គឺនៅពេលអ្នកបង្ហាញពីផលិតផល ឬសេវាកម្មរបស់អ្នកទៅកាន់ពួកគាត់នូវជំហានដំបូង អ្នកនឹងអាចកត់សម្គាល់បានខ្លះទៅលើចំណាំអារម្មណ៍របស់ពួកគាត់។ ហើយបន្ទាប់មកបន្ទាប់ពីពួកគាត់ទទួលដឹងពីផលិតផលរបស់អ្នកហើយ តើពួកគាត់នឹងទាក់ទងមកអ្នកដែរឬអត់? បើក្នុងរយៈពេលដ៏ខ្លី (៣ ទៅ៥ថ្ងៃ) ពួកគាត់មិនទាក់ទងមកទេ។ ជំហានទី២ អ្នកអាចទាក់ទងទៅគាត់ដោយវិធីណាមួយ ដូចជា ខលទៅ, ឬឆាតតាមហ្វេសបុក។ បើខលទៅគាត់ អ្នកត្រូវសុំគាត់ណាត់ជួប តែប្រសិនបើគាត់បដិសេធលើសពីពីរដង ឬឆាតមិនតប នោះហើយជាសញ្ញាដែលអ្នកគួរតែបោះបង់ចោលពួកគាត់ ហើយគួរចំណាយពេលទៅរកអ្នកផ្សេងវិញ កុំឱ្យខាតពេល ព្រោះពួកគាត់មិនចាប់អារម្មណ៍ផលិតផល ឬសេវាកម្មរបស់អ្នកឡើយ។ អ្នកត្រូវដឹងថាជាធម្មតាប្រសិនបើអតិថិជនពិតជាចាប់អារម្មណ៍នូវផលិតផល ឬសេវាកម្មរបស់អ្នកមែន នោះមិនយូរទេពួកគាត់នឹងទាក់ទងមកអ្នកជាក់ជាមិនខាន៕
អត្ថបទ៖ វិសាល
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: