ចំណុចសាមញ្ញៗដើម្បីដាស់តឿនខ្លួនឯង

  • 2022-09-12 8:58:42
  • ចំនួនមតិ 0 | ចំនួនទស្សនា 272


តើរាល់​ថ្ងៃ​ហ្នឹងអ្នក​បាន​ធ្វើ​អ្វី​ខ្លះ​​​? តើអ្នកកំពុងគិតអ្វី!!….តើធ្លាប់គិតពីអនាគតរបស់អ្នកដែរឬទេ?…….នៅ​ពេល​ដែល​ជីវិត​​កំពុងតែរ​សាត់អណ្តែតបែបនេះហើយ ​ដែល​ទាមទារ​ឱ្យអ្នក​ចេះ​គ្រប់គ្រង​ដំណើរ​ជីវិត​ខ្លួន​ឯង​ឱ្យបាន​ត្រឹមត្រូវ​​ ជា​ពិសេស​នោះ​គឺ​ការ​ធ្វើជា​គ្រូ​ដ៏​ល្អ​សម្រាប់​ខ្លួន​ឯង។ ហេតុផល​នេះ​ហើយ​ដែល​អ្នក​ត្រូវ​តែក្រើនរំលឹក​ខ្លួន​ឯង​នូវ​​​ចំណុចសាមញ្ញៗ​ដូចខាងក្រោម​​នេះ​ជា​រៀងរាល់​ថ្ងៃដើម្បី​សាបព្រោះ​គ្រាប់ពូជជីវិត​របស់​អ្នកឱ្យ​ដុះ​ពន្លក​ឡើង​​វិញ៖

គិត​ថា ខ្លួន​ពិត​ជា​អស្ចារ្យ៖ ក្នុងន័យនេះមិនមែនឱ្យអ្នកយកខ្លួនទៅប្រៀបធៀបជាមួយនរណាម្នាក់នោះទេ តែវាគឺជាការក្រើនរំលឹកដល់អ្នកខ្លួនឯង ដែលធ្លាប់តែមិន​ពេញ​ចិត្ត​នូវអ្វី​ដែល​ខ្លួនកំពុងមាន​ និងអ្វីដែលខ្លួនកំពុងធ្វើ។ ការដែរគិតថាខ្លួនឯងពិតជាអស្ចារ្យនេះ វាគឺជារបៀបដែលអ្នកគួរតែផ្តោតមកលើខ្លួនដើម្បីស្វែងរកនូវចំណុចខ្សោយ ឬ ចំណុចដែលមិនល្អណាមួយដែលអ្នកកំពុងតែក្រាញននាលមិនចង់កែប្រែឱ្យមកកែប្រែឡើងវិញ។

គិត​ថា ខ្លួន​អ្នក​អាច​ធ្វើ​អ្វីៗ​បាន៖ អ្នក​ច្បាស់​ជា​ឆ្ងល់​ហើយ​ថា ហេតុ​អ្វី​បាន​ជា​បុគ្គល​មួយ​ចំនួន​ជោគជ័យ ខណៈ​ដែល​បុគ្គល​ខ្លះ​ទៀត​បរាជ័យ? ពេលខ្លះ​អ្នក​ថែម​ទាំង​គិត​ថា ខ្លួន​ឯង​មិន​អាច​ធ្វើ​អ្វី​បាន​តាម​ការ​ចង់​បាន​របស់​ខ្លួន​ទៀត​ក៏ថាបាន ដែរនេះ​បាន​ធ្វើ​ឱ្យ​អ្នក​អស់សង្ឃឹម និងតូចចិត្ត​នឹង​ឆាក​ជីវិត​ខ្លួន​ឯង​។ ដូច្នេះហើយឈប់​គិត​ពី​បញ្ហា​មួយ​នេះ ហើយ​​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​​ខ្លួន​អ្នក ដោយងាក​មក​ដាស់​តឿន​ខ្លួន​ឯង​វិញម្តង​។

មោទនភាព​នូវ​អ្វី​ដែល​អ្នក​មាន​​ក្នុង​ថ្ងៃ​នេះ៖ មាន​មនុស្ស​មួយ​ចំនួន​តូចចិត្ត​នឹង​វាសនា​ដែល​កើត​មក​ជា​អ្នក​ក្រ ​រស់​នៅ​លំបាកវេទនា តែ​មិន​ខំ​រើ​បម្រាស​ចេញពីភាពលំបាកនេះទេ ខណៈដែរ​មនុស្ស​មួយ​ចំនួន​ទៀត​រស់​នៅ​យ៉ាង​សុខសាន្ត​មិន​សូវ​ខ្វាយខ្វល់​នឹងអ្វី​​ឡើយ។ មើល​ទៅ​ឆាកជីវិត​របស់​បុគ្គល​ទាំងពីរ​នេះ​ខុសគ្នា​ដូច​មេឃ​ហើយ​នឹង​ដីអ៊ីចឹង។ មកដល់ត្រង់នេះបើទោះបីជា​អ្នក​កើត​មក​​ក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ អ្នក​ត្រូវ​តែ​ទទួល​យក​វា ដើម្បីយកស្ថានភាពនោះមកដោះស្រាយតាមដែលអាចធ្វើទៅបាន។ ហើយ​មាន​តែ​ការ​ខិតខំ​ប្រឹងប្រែង​តែ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឱ្យ​ជីវិត​របស់​អ្នក​មាន​ការ​ផ្លាស់ប្ដូរ។

ត្រៀម​ខ្លួន​ដើម្បី​ឆក់​យក​ភាព​ជោគជ័យ​ឱ្យបាន៖ តើ​អ្នក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ឬ​នៅដើម្បី​ចាប់​យក​ភាព​ជោគជ័យ​ក្នុង​ជីវិត​របស់​អ្នក? បើ​នៅ​តើ​អ្វី​ទៅជា​គោលដៅ​ដែល​អ្នក​ចង់​ជោគជ័យ? ការងារ? ការ​សិក្សា? តំណែង? កេរ្តិ៍ឈ្មោះ? ជំនួញ? គ្រួសារ​ដ៏​មាន​សុភមង្គល? ក្នុង​ចំណោម​ចំណុច​ទាំង​នេះ អាច​មាន​ចំណុច​មួយចំនួន​ដែល​​អ្នក​ចង់​​បាន​ ហេតុដូច្នេះ​ហើយ វា​មិនមែនជា​អ្វី​ដែល​អ្នក​ត្រូវ​អែនអន​ដេក​រង់ចាំ​ឱកាស​ចូល​មក​ដល់​នោះ​ឡើយ ពោល​គឺ​ត្រូវ​ចាប់​ផ្តើម​ចេញ​ពី​ខ្លួន​អ្នកឥលូវនេះតែម្តង៕

អត្ថបទ៖ វិសាល

ផ្នែកមួយនៃសៀវភៅ៖ ភ្លេចគិត

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: