គោលការណ៍មាសរបស់លោក លី ខ្វាន់យូ ដែលធ្វើឱ្យសិង្ហបុរីខ្លាំង

  • 2022-09-09 3:30:19
  • ចំនួនមតិ 0 | ចំនួនទស្សនា 563


នៅ​ពេល​គេ​និយាយ​អំពី​ប្រទេស​សិង្ហបុរី ដែល​រីក​ចម្រើន​មក​ទល់​សព្វថ្ងៃនេះ គេ​មិន​អាច​មិន​និយាយ​អំពី​ឈ្មោះ​លោក លី ខ្វាន់យូ បានឡើយ ព្រោះ​លោក​គឺជា​បិតា​ស្ថាបនិក (Founding Father) នៃ​ប្រទេស​សិង្ហបុរី និងជា​រដ្ឋ​បុរស (statesman) ដ៏​ឆ្នើម​របស់​ប្រទេស​ផងដែរ។ ហើយខាងក្រោមនេះជាចំណេះដឹងខ្លះៗដែលលោក លីខ្វាន់យូ ធ្វើឱ្យសិង្ហបុរីខ្លាំងដូចសព្វថ្ងៃ៖ នយោបាយ​សំខាន់ៗ​របស់​លោក​ លី ខ្វាន់យូ

មាន​គណបក្ស​តែ​មួយ​ គឺ​គណបក្ស​ People’s Action Party ដែល​លោក​ជា​អ្នក​បង្កើត។ អ្នក​ណា​ហ៊ាន​ប្រឆាំង​នឹង​នយោបាយ​លោក​លី ខ្វាន់យូ ឬ​បង្កើត​គណបក្ស​ថ្មី ត្រូវ​លោក​លី ខ្វាន់​យូ​​ ចាប់​ដាក់​ពន្ធនាគារ និង​រំលាយ​គណបក្ស​ចោល​ទាំង​អស់។ ព្រោះលោក​យល់​ថា​សិង្ហបុរី​មិន​អាច​មាន​និន្នាការ​នយោបាយ​ច្រើន​បាន​ទេ ពោល​គឺ​ត្រូវ​ដើរ​តាម​បន្ទាត់​នយោបាយ​តែ​មួយ​ដែល​លោក​បាន​ត្រួស​ត្រាយ​ផ្លូវរួច​ហើយ។

ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​អប់រំ៖ ព្រោះ​ប្រទេស​មាន​ផ្ទៃ​ដី​តូច បើ​គ្មាន​តម្រិះវិជ្ជា​ជ្រៅជ្រះ​ មុខ​តែ​ប្រឈម​នឹង​បញ្ហា​ពិបាក​ច្រើន ដូចនេះ​ការ​ពង្រឹង​វិស័យ​អប់រំ និងធនធាន​មនុស្ស គឺវាស្ថិត​នៅ​ក្នុង​កម្មវិធី​ជា​អាទិភាព​របស់​លោក​។ វិស័យ​អប់​រំ​នៅ​សិង្ហបុរី​ត្រូវ​គេ​ចាត់​ទុក​ថា​មាន​ស្តង់​ដារ​ខ្ពស់​ កម្រិត​កំពូល​នៅ​ក្នុង​ពិភពលោក។

សណ្ដាប់​ធ្នាប់​សង្គម និង ​បរិស្ថាន​ស្អាត ចរាចរណ៍​ល្អ សង្គម​គ្មាន​ភាព​អនាធិបតេយ្យ គ្មាន​អំពើ​ឆក់​ប្លន់ឬ​អំពើ​អាវាសែ​អ្វី​ទាំងអស់។ ការ​បំបាត់​អំពើ​ពុករលួយដោយ​ផ្ដល់​ប្រាក់​ខែឬ​ប្រាក់​បៀវត្ស​ខ្ពស់​សម្រាប់​មន្ត្រី​រដ្ឋការ និង ពង្រឹងច្បាប់។

ប្រឈម​នឹង​ការ​ខ្វះ​ខាត​ធនធាន​ធម្មជាតិ លោក ​លីខ្វាន់យូ ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​សេដ្ឋកិច្ច ដោយ​កែប្រែ​ប្រទេស​ជា​តំបន់​នាំចេញ «ផលិតផល​សម្រេច -finished goods» និង​ ដើរ​កៀងគរ​វិនិយោគិន​បរទេសឱ្យមក​បណ្ដាក់​ទុននៅ​សិង្ហបុរី (foreign investment)។ លោក ​លីខ្វាន់យូ ជា​មេដឹកនាំ​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​បំផុត (commitment) ក្នុង​ការ​សម្រេច​ឱ្យបាននូវ​ផែនការ​ដែល​លោក​ដាក់​ចេញ ទោះ​បី​ត្រូវ​បង់​ក្នុង​តម្លៃ​ណា​ក៏​ដោយ (at all cost) វាមាន​ន័យ​ថា​អ្វី​ដែល​លោក​ដាក់​ចេញ​មក​ត្រូវ​តែ​អនុវត្ត​ឱ្យបាន។

វិស័យ​សិទ្ធិ​មនុស្ស មជ្ឈដ្ឋាន​អ្នក​សេរី​និយម ចាត់​ទុក​ថា​លោក​លី ខ្វាន់យូ រឹតត្បិត​សេរីភាព​បុគ្គល​ខ្លាំងពេក តែលោក​លី ខ្វាន់យូ បាន​ឆ្លើយ​តប​វិញ​ថា នយោបាយ​រឹតត្បិត​សេរីភាព​បែប​នេះ គឺ​ដើម្បី​ធ្វើឱ្យប្រជាពលរដ្ឋ​ម្នាក់ៗក្លាយ​ជា​កោសិកា​សង្គមមួយដ៏ល្អ គឺជាធនធានដែល​មាន​ស្មារតី​ទទួល​ខុសត្រូវ និងត្រូវ​មាន​កាតព្វកិច្ច​ទទួល​ខុសត្រូវទៅលើជោគវាសនាប្រទេសជាតិ។

អត្ថបទ៖ វិសាល

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: