គន្លឹះទាក់ចិត្តក្រុមការងារដែលអ្នកដឹកនាំគួរតែដឹង

  • 2022-08-31 3:04:58
  • ចំនួនមតិ 0 | ចំនួនទស្សនា 327


ដំបូងអ្នកនឹងគិតថាវាគឺជាការផ្តល់ប្រាក់ខែខ្ពស់ ប៉ុន្តែការ​ផ្ដល់​​​ប្រាក់ខែ​ខ្ពស់​​​ ពេល​ខ្លះក៏​​មិន​ប្រាកដ​ថាអាច​ធ្វើ​ឱ្យ​​ក្រុមការងារ​​​មាន​ទឹកចិត្ត​កាន់តែ​ខ្ពស់​ចង់​ធ្វើ​ការ​ឱ្យអ្នក​រហូតនោះដែរ។ ការ​​ប្ដេជ្ញា​ចិត្ត គុណ​តម្លៃ​ក្នុង​ការងារ ការ​លើក​ទឹកចិត្ត គឺ​ជា​មូលដ្ឋាន​គ្រឹះ​​យ៉ាង​សំខាន់​ក្នុងការទាក់ចិត្ត​​បុគ្គលិក​។ ដូច្នេះហើយខាងក្រោយនេះគឺជាចំណុចសំខាន់ៗនៃការទាក់ចិត្តបុគ្គលិកឱ្យនៅជាមួយអ្នកបានយូរអង្វែង។

សេរីភាព៖ បុគ្គលិក​ដែល​​អនុវត្ត​​ការងារ​បាន​ល្អ​ប្រសើរ គឺ​ជា​​គុណ​សម្បត្តិ​ដ៏​សំខាន់​ធ្វើឱ្យ​ក្រុមហ៊ុន​​​​ទទួល​បាន​ជោគជ័យ។ ប៉ុន្តែកិច្ចការ​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​​អាច​​​ទទួល​បាន​លទ្ធផល​ល្អ​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​តឹងរឹង​ដូចស្ថិតក្នុង​ទ្រុង​ដែក​​នោះ​ទេ។ សេរីភាព​ការងារ ​​គឺ​ជា​ថ្នាល​​ពង្រីក​ការ​ទំនាក់ទំនង​​​ក្នុង​បរិបទការងារ​ ដែល​នេះ​​គឺជា​គ្រឹះ​នៃ​ការ​បង្កើត​ថ្មី​ និងការ​ច្នៃប្រឌិត។ ដូច្នេះសូម​ផ្តល់​សេរីភាព​ដល់​បុគ្គលិក​ដើម្បីជីកកកាយ​​នូវ​អ្វី​ដែល​គេ​យល់​ថា​​ត្រឹមត្រូវ​ គ្រាន់ជាគំនិតខ្លះៗដើម្បីអភិវឌ្ឍក្រុមហ៊ុន។

គោលដៅ​​៖ ការ​បំពេញ​​​ការងារ​របស់​​បុគ្គលិក​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ គឺ​ដើម្បី​សម្រេច​​​ឱ្យបាន​នូវគោលដៅ​​របស់​ក្រុមហ៊ុន​នា​ពេល​ខាងមុខ។ គោលដៅ​ដ៏​ច្បាស់លាស់​អាច​​ជួយ​បង្កើត​​មហិច្ឆតា និងការ​ឱ្យ​តម្លៃ​​​ទៅដល់​បុគ្គលិក​​ដែលខិតខំ​បំពេញ​ការងារ​។ ការងារ​ដែល​គ្មាន​គោលដៅ​ច្បាស់លាស់​ប្រៀប​ដូច​ជា​​មនុស្ស​​ពិការ​ភ្នែក ដូច្នេះ​​ម្ចាស់​ក្រុមហ៊ុន​ឬថ្នាក់​ដឹក​នាំ​ត្រូវ​ពន្យល់​ពី​គោលដៅ​របស់​ក្រុមហ៊ុន​ឱ្យ​បាន​ច្បាស់​ដល់បុគ្គលិករបស់ខ្លួន នោះទើបប្រព័ន្ធការងារប្រកបដោយភាពរលូន។

បេសកកម្ម៖ ពាក្យ​ថា​​ ល្អជាងគេបំផុង លឿនជាងគេបំផុត មានគុណភាពជាងគេបំផុត នេះ​គឺ​ជា​ក្តី​ប្រាថ្នា​ដ៏ធំ​​មួយ​ទៀត​របស់​បុគ្គលិក​​ដែល​ចង់​​ឮ​ចេញ​ពី​​មាត់​របស់​អតិថិជនមក​កាន់​ក្រុមហ៊ុនឬស្ថាប័ន​របស់​ខ្លួន។ ត្រង់​ចំណុច​នេះ ក្រុមហ៊ុន​ត្រូវ​​​បង្ហាញ​​បុគ្គលិក​នីមួយៗ​​ពី​​បេសកកម្ម​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់​ថា ​តើ​ខ្លួន​ចង់​សម្រេច​គោលដៅ​អ្វី? ទន្ទឹម​នឹង​​បង្ហាញ​​​ការងារ​ជាក់ស្តែង និងមូលហេតុ​ឱ្យបាន​ច្បាស់លាស់​។

ចែកចំណេះដឹង៖ រឿង​មួយ​ទៀត​ដែល​បុគ្គលិក​ទូទៅ​ចង់​បាន​ពី​ក្រុមហ៊ុន​នោះ​គឺ ​​ការទទួល​បាន​ចំណេះដឹង​មកវិញ​ពី​ក្រុមហ៊ុន​យ៉ាង​ពិត​ប្រាកដ​សម្រាប់​អាជីពការងារ​របស់​ពួកគេ​នៅ​ពេល​អនាគត។ ការ​ផ្តល់​ចំណេះដឹង និង​ ការ​បង្ហាត់​បង្រៀន​​បុគ្គលិក​ឱ្យ​មាន​ជំនាញ​កាន់តែ​​​ខ្ពស់ បើ​ទោះបីជា​ដឹង​ថា បុគ្គលិក​នោះ​​នឹង​មិន​​​ធ្វើ​ការ​ឱ្យ​ខ្លួន​ជា​រៀង​រហូត​​យ៉ាងណា​ក៏ដោយ នេះ​​​ជា​ឥទ្ធិពល​លើក​​ទឹកចិត្ត​​​យ៉ាង​មាន​ប្រសិទ្ធភាព​មួយ​ដល់​ពួកគេ​។ ត្រូវ​ចាំ​ថាបើ​ក្រុមហ៊ុន​មួយ​​យក​ចិត្ត​ទុកដាក់​ចំពោះ​បុគ្គលិករបស់ខ្លួន នោះបុគ្គលិក​​ក្រុមហ៊ុន​នោះ​ក៏​​យកចិត្ត​ទុក​​​ដាក់ដល់​ក្រុមហ៊ុន​នោះ​វិញ​​​ដែរ។​

អត្ថបទ៖ បូ ទីន

ផ្នែកមួយនៃសៀវភៅ៖ ផ្តើមពីសូន្យ

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: