ជំនាញទាំង៧ ដែលអ្នកគួរមាននាសម័យបច្ចេកវិទ្យានេះ

  • 2022-08-29 9:54:57
  • ចំនួនមតិ 0 | ចំនួនទស្សនា 486


ការត្រៀមខ្លួន​ជាមួយនឹង​ការពង្រឹង​ជំនាញ​របស់ខ្លួន វា​គឺជា​ការបង្កើន​នូវ​គុណភាព​ជីវិត។ មិន​ចំពោះ​ថា អ្នក​បាន​រៀន​នៅទីណា ពេលណា ពិន្ទុ​ខ្ពស់​ក្តីឬទាប​ក្តី​នោះទេ ដរាបណា​អ្នក​អាច​ឆក់​យកបាននូវ​ជំនាញទាំង៧ខាងក្រោម​នេះ នោះ​អ្នកនឹង​ក្លាយជា​មនុស្ស​ជោគជ័យ​លើ​ការអភិវឌ្ឍ​ខ្លួនជាក់ជាមិនខាន។ ហើយខាងក្រោមនេះជាជំនាញទាំង៧ដែលលោកអ្នកគួរឈ្វេងយល់៖

) ច្នៃប្រឌិត និងបង្កើត​ថ្មី៖ ការបង្កើត​ថ្មី​សំដៅលើ​គោល​គំនិត​ប្រាជ្ញា​ស្មារតី និង​ការច្នៃប្រឌិត​របស់​អ្នកដែល​ខុសប្លែក​ពី​របកគំហើញមុនៗ (មាន​ប្រ​យោ​ជ​ន៍​សម្រាប់​មនុស្សជាតិ)។ ការច្នៃប្រឌិត​នឹងធ្វើ​ឱ្យ​អ្នក​ក្លាយជា​មនុស្សដែល​មាន​សក្ដានុពលម្នាក់ដែល​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​កិច្ចការ​សង្គម​បាន​យ៉ាង​ជោគជ័យ​។ ហើយ​វា​ជា​រឿង​មួយ​ដែល​មិនអាច​ទៅរួច​សម្រាប់​អ្នកដទៃ តែ​វា​អាចទៅរួច​សម្រាប់​អ្នក ដរាបណា​អ្នក​មិន​បោះបង់​ការព្យាយាម​មួយ​នេះ។

) ជំនាញ​កំុ​ព្យូ​ទ័​រ៖ កុំព្យូ​ទ័​រ​ត្រូវបានគេទទួលស្គាល់​ថា បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅ​យុគសម័យ​បច្ចេកវិទ្យា​នេះ។ សមត្ថភាព​វិជ្ជាជីវៈ​របស់​អ្នក​ទោះបី​ជាមាន​ទំនាក់ទំនង​តិចក្តី ច្រើនក្តី មិនអាច​គេចផុត​ពី​ជំនាញ​មួយ​នេះ​បានឡើយ។  MS-Office, PowerPoint ឬ Excel គឺជា​ជំនាញ​គ្រឹះ​មួយ​ដែល​ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​ថា វាចាំបាច់​សម្រាប់​កិច្ចការ​ប្រចាំថ្ងៃ​នៅ​គ្រប់​ស្ថាប័ន​នានា ដូច្នេះវាគឺជា​ជំនាញ​មួយ​ដែល​អ្នក​មិនអាច​ខ្វះ​បានឡើយ។

) សមត្ថភាព​ដោះស្រាយ​បញ្ហា៖ វាគឺជា​ជំនាញ​មួយ យ៉ាង​ពិសេស​ដែល​អាចបង្កើត​ភាព​អស្ចារ្យ​នៅក្នុង​បរិបទការងារ និង​ជីវភាព​របស់​អ្នក​បាន ទោះបីជា​បញ្ហា​ទាំងនោះធំឬតូចក៏ដោយ។ ហើយ​ការ​ផ្ដោតលើ​មូលហេតុ និង​ឬ​សគល់​នៃ​បញ្ហា​វា​ជា​វី​ធី​សាស្ត្រ​មួយ​ដែលធ្វើឱ្យ​អ្នក​ស្គាល់​ច្បាស់​ពី​បញ្ហា និង​ដំណោះស្រាយ។ ហើយ​ទាំងនេះ វា​ទាមទារ​ឱ្យអ្នកមាន​ទំនុកចិត្ត ក្លាហាន ហ៊ាន​ប្រឈមមុខ​នឹង​ឧបសគ្គ និងមាន​សុទិដ្ឋិនិយម​ខ្ពស់ ​ធ្វើយ៉ាងណា​ប្រែក្លាយ​រឿង​ធំ​ឱ្យទៅជា​រឿង​តូច និង​រឿង​តូចឱ្យ​ទៅជា​អត់​រឿង​។

) ការសម្រេចចិត្ត៖ មនុស្ស​ដែលមាន​សមត្ថភាព​ក្នុងការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ​ទោះបីជាស្ថិតនៅក្នុង​កាលៈទេសៈ​បែ​ប​ណាក៏ដោយ ពួកគេនឹងមិន​សាង​ប្រវត្តិសាស្ត្រ​ឈឺចាប់ និងនិយាយ​ពាក្យ​ថា​ស្តាយក្រោយ​សម្រាប់​ខ្លួនឯង ឬ​អ្នកដទៃ​ឡើយ។ អ្នក​អាច​ឈ្វេងយល់​ពី​ស្ថានភាព​នោះ​ឱ្យច្បាស់​ជាមុនសិនមុននឹង​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ភាពជឿជាក់ ព្រមទាំង​ព្យាយាម​ធ្វើ​វា​ឱ្យសាមញ្ញ និង​ងាយស្រួល​តាម​អ្វីដែល​អ្នក​អាចធ្វើ​បាន។

) វិភាគ​វែកញែក៖ ជីវិត​ពិតជា​ពោរពេញ​ទៅដោយ​ឧបសគ្គ និង​បញ្ហា​ជាច្រើន​ដែល​កើតមាន​ជា​បន្តបន្ទាប់ ​នេះ​វាទាមទារ​ឱ្យអ្នកមាន​ជំនាញ​យ៉ាង​ពិសេស​មួយទៀត​ដើម្បី​ជីកឫសគល់បញ្ហា​ទាំងអស់នោះ ហើយនោះវា​គឺជា​ជំនាញ​វិភាគ​វែកញែក។ ដំណោះស្រាយ​ជា​ច្រក​ផ្លូវឬអំណះអំណាង​ដ៏​ត្រឹមត្រូវ​របស់​អ្នក​ដែលកើតចេញពី​ការវិភាគ​បញ្ហា​ទាំងនោះ ហើយវានឹង​ពាំ​នាំមក​នូវ​ទំនុកចិត្ត និង​ភាពជឿជាក់ដែលអាច​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ​របស់​អ្នក​ឱ្យដើរដោយ​រលូត​ឆ្ពោះទៅមុខ​ជានិច្ច។

) ការគ្រប់គ្រង​ពេលវេលា៖ ការគ្រប់គ្រង​ពេលវេលា​ឱ្យ​មាន​ប្រសិទ្ធភាពជាមួយនឹង​ការប្ដេជ្ញាចិត្ត​ខ្ពស់ វាគឺជា​ផ្នែក​មួយ​យ៉ាងសំខាន់ និងមាន​ឥទ្ធិពល​គ្រប់​ស្ថានភាព​ទាំងអស់​នៅក្នុង​ជីវិត។ វា​ហាក់បីដូចជា រឿង​ងាយស្រួល​ដើម្បី​បំប៉ន​ខ្លួន​អ្នក​ឱ្យ​មាន​ជំនាញមួយ​នេះ ប៉ុន្តែ​វា​មិន​ដូច​ជាអ្វីដែល​អ្នក​គិត​នោះទេ។ វិធីសាស្ត្រ​ដ៏​ល្អ​ដើម្បី​អនុវត្តន៍​ចំណុច​នេះបាន គឺអ្នក​ត្រូវតែ​រៀបចំ​គម្រោង​បែងចែក​កិច្ចការ​របស់​អ្នក​ឱ្យបាន​ត្រឹមត្រូវ និងច្បាស់លាស់ជាមុនសិន។

) សមត្ថភាព​ទំនាក់ទំនង៖ ការទំនាក់ទំនង គឺជា​ជំនាញ​ពិសេស​មួយទៀតដែល​អ្នក​ត្រូវមាន ហើយ​ការងារ​ដែលមាន​ប្រសិទ្ធភាព ​ពិតជា​មិនអាច​កើតមាន​នោះឡើយ ប្រសិនបើ​អ្នក​គ្មានជំនាញមួយនេះ​នៅក្នុង​ខ្លួន។ ការប្រាស្រ័យ​ទាក់ទង​តាមរយៈ​ការសរសេរ ស្តាប់ និងការសន្ទនា​យ៉ាង​យកចិត្តទុកដាក់​ជាមួយ​មនុស្ស​​ជុំវិញខ្លួននឹង​ជំរុញ​ឱ្យ​ជំនាញ​ទំនាក់ទំនង​របស់​អ្នករឹតតែមាន​សក្ដានុពល​កាន់​តែ​ខ្លាំង​៕

អត្ត​បទ​៖ វិសាល

ផ្នែកមួយនៃសៀវភៅ៖ ផ្តើមពីសូន្យ

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: