ចំណុចដែលអាចធ្វើឱ្យអាជីវកម្មមួយដួលបាន
- 2022-08-23 4:31:29
- ចំនួនមតិ 0 | ចំនួនទស្សនា 479
ចំណុចដែលអាចធ្វើឱ្យអាជីវកម្មមួយដួលបាន
ការងាររកស៊ីវាមិនមែនចេះតែដើរទៅមុខដោយរលូនរហូតនោះទេ វាតែងតែជួបនឹងបញ្ហាជាប្រចំា រហូតពេលខ្លះក៏អាចធ្វើឱ្យអាជីវកម្មមួយដើរដល់ផ្លូវបញ្ចប់ក៏ថាបាន។ ដូច្នេះហើយទើបវាទាមទារឱ្យសហគ្រិនម្នាក់ៗមិនថាថ្មីថ្មោង ឬក៏ចាស់វស្សារហើយក៏ដោយ ត្រូវមានគំនិតច្នៃប្រឌិតជាប្រចាំ។ តើអ្នកដឹងថាអ្វីខ្លះជាហេតុផលដែលនាំឱ្យអាជីវកម្មមួយទទួលរងការបរាជ័យដែរឬទេ? ហើយនេះគឺជាហេតុផលទាំងអស់នោះ៖
១. ការទាក់ចិត្តអតិថិជននៅខ្សោយ៖ ជាការពិតណាស់បើចង់ឱ្យអាជីវកម្មមួយដំណើរការទៅបានដោយរលូន និង ទទួលបានការគាំទ្រច្រើន ចាំបាច់អ្នកត្រូវតែចេះគោរព និងឱ្យតម្លៃដល់អតិថិជនរបស់អ្នក។ ដូចជាពាក្យមួយគេនិយាយថា អតិថិជនគឺជាស្ដេច។ ដូចនេះទាំងពាក្យសម្ដី ទាំងកាយវិការ ទាំងសេវាកម្ម និងទាំងផលិតផលត្រូវតែមានគុណភាពល្អជានិច្ច ព្រោះអតិថិជនទាំងអស់នោះនឹងជួយផ្សព្វផ្សាយបន្ដ នៅពេលដែលផលិតផលឬសេវាកម្មដែលអ្នកផ្តល់ឱ្យមានគុណភាពខ្ពស់។ តែបើអ្នកខ្វះខាតនូវចំណុចទាំងនេះហើយនោះ វាអាចនឹងធ្វើឱ្យជំនួញរបស់អ្នកយ៉ាប់យើនជាក់ជាមិនខាន។
២. គុណភាពនៃការគ្រប់គ្រង៖ ក្នុងនាមជាម្ចាស់អាជីវកម្មម្នាក់ អាចនិយាយបានថាគឺជាមនុស្សម្នាក់ដែលធ្លាប់ហែលឆ្លង់នូវការលំបាកជាច្រើនដើម្បីធ្វើឱ្យអាជីវកម្មរបស់ខ្លួនដើរមុខបាន។ ដូច្នេះហើយបន្ទាប់ពីការខិតខំ និងការតស៊ូរទាំងនេះ អ្នកក៏ត្រូវមានភាពជាអ្នកដឹកនាំក្នុងខ្លួនផងដែរ ព្រោះថាការគ្រប់គ្រងអាជីវកម្មវាទាមទារឱ្យអ្នកចេះគ្រប់គ្រងមនុស្សឱ្យបានល្អដើម្បីជាកម្លាំងរុញច្រានអាជីវកម្មរបស់អ្នកឱ្យទៅមុខដោយរលូន។ អ៊ីចឹងហើយទើបអ្នកត្រូវតែជាឆ្អឹងខ្នងមួយដើម្បីជាបង្គោលដល់មនុស្សក្រោមបង្គាប់ ដោយសារថាពួកគេគ្មានឬនៅស្ទើរបទពិសោធន៍ក្នុងការគ្រប់គ្រងផ្នែកផ្សេងៗ ដូចជា ហិរញ្ញវត្ថុ ការទិញលក់ និងផលិតកម្ម..។ល។ ហើយភាពបរាជ័យនៃមុខជំនួញក៏បណ្ដាលមកពីកង្វះខាតចំណេះដឹងនៃការរៀបចំផែនការ និងការគ្រប់គ្រងបញ្ជីក្នុងប្រតិបត្តិការទាំងអស់នោះដែរ។
៣. បញ្ហាហិរញ្ញវត្ថុ៖ ជាអ្នករកស៊ីម្នាក់បើខ្វះការយល់ដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ (ចំណូល និងចំណាយ) ឱ្យបានត្រឹមត្រូវហើយ នោះបញ្ហាធំនឹងកើតឡើង។ ជាក់ស្តែងដូចជាការប្រើប្រាស់លុយផ្ទាល់ខ្លួនលាយឡំនឹងលុយក្រុមហ៊ុន មិនដឹងលុយចំណេញឬខាត នោះហើយជាហានិភ័យ។ ប្រការបែបនេះហើយទើបធ្វើឱ្យអ្នកមិនអាចតាមដានបានដិតដល់ពីចំណូលចំណាយនៃអាជីវកម្មរបស់ខ្លួន នេះគឺជាការធ្វេសប្រហែសមួយដែលអាចធ្វើឱ្យអាជីវកម្មមួយដួលដោយមិនដឹងខ្លួនបាន៕
អត្ថបទ៖ វិសាល
ផ្នែកមួយនៃសៀវភៅ៖ ផ្តើមពីសូន្យ
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: