ការគិត២យ៉ាងដែលនាំអ្នកឱ្យចាកចេញពីភាពអស់សង្ឃឹម
- 2022-08-22 7:49:18
- ចំនួនមតិ 0 | ចំនួនទស្សនា 483
ការគិត២យ៉ាងដែលនាំអ្នកឱ្យចាកចេញពីភាពអស់សង្ឃឹម
នៅក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗតែងតែជួបប្រទះនូវបញ្ហាផ្សេងៗ ទាំងធំ និងតូច ដែលមិនអាចគេចផុតបាន។ អ្នកខ្លះមានបញ្ហានៅកន្លែងធ្វើការ ដោយត្រូវគេបញ្ឍប់ ឯខ្លះទៀតមានបញ្ហាលើការសិក្សា ចំណែកឯអាជីវករវិញបែរជារកស៊ីខាតចុងខាតដើម។ អ្នកដែលជួបប្រទះនូវរឿងទាំងអស់នេះ នោះពួកគេនឹងមានអារម្មណ៍ថា ខ្លួនគេជាមនុស្សអត់ប្រយោជន៍ ធ្វើរឿងអ្វីក៏បរាជ័យ អស់កម្លាំងកាយចិត្ត លែងចង់ដើរទៅមុខបន្តទៀត។ ពួកគេពិតជាអស់សង្ឃឹមនឹងជីវិតរបស់ពួកគេខ្លាំងណាស់ ដូច្នេះដើម្បីជាកម្លាំងចិត្តក្នុងការបន្តដើរលើផ្លូវជីវិតនេះតទៅមុខទៀត។ ចំណុច៣យ៉ាងនេះអាចជួយឱ្យអ្នកកសាងកម្លាំងចិត្តមកវិញបាន៖
១. ត្រូវចាំថាជីវិតមនុស្សតែងតែផ្លាស់ប្តូរ៖ នៅពេលជួបរឿងអាក្រក់ៗ អ្នកប្រាកដជាគិតថារឿងអស់ទាំងនោះនឹងកាន់តែអាក្រក់ទៅៗ ហើយមិនអាចកែមកល្អវិញបានឡើយ មកដល់ត្រង់នេះឈប់គិតពីរឿងអាក្រក់បន្តិច!.. អ្នកត្រូវចាំថា ជីវិតមនុស្សប្រៀបបានទៅនឹងចករសាតអណ្តែតនៅក្នុងទន្លេអ៊ីចឹង ពេលខ្លះក៏បង្អួតសម្រស់នៅលើផ្ទៃទឹក ហើយពេលខ្លះទៀតក៏លិចទៅក្នុងទឹកដូចមានអ្វីមកសង្កត់ពីលើអ៊ីចឹង។ ចូរអ្នកគិតថា ជីវិតរបស់អ្នកថ្វីដ្បិតតែវាអាក្រក់នៅពេលនេះមែន តែក៏មិនមានន័យថា វាអាក្រក់រហូតដែរ។ វាអាចនឹងល្អនៅថ្ងៃស្អែក ឬសប្តាហ៍ក្រោយ ឬក៏ឆ្នាំក្រោយក៏ថាបាន។ កុំបារម្មណ៍អី!… ជីវិតអ្នកនឹងប្រែជាស្រស់បំព្រង់នៅថ្ងៃណាមួយជាក់ជាមិនខានឱ្យតែអ្នកនៅតែបន្តដំណើរជាមួយជីវិតមួយនេះ។
២. រឿងគ្រប់យ៉ាងវាមិនមែនអាក្រក់រហូតដូចដែរអ្នកគិតនោះទេ៖ បង្រួមបញ្ហាធំៗទាំងអស់ ដែលអ្នកកំពុងជួបឱ្យទៅជាតូចៗ ដោយបង្កើតនូវមធ្យោបាយផ្សេងៗដើម្បីដោះស្រាយវា ជាមួយនឹងការគិតវិជ្ជមានថា អ្នកនឹងមានផ្លូវដើរមួយដ៏ល្អ ដោយមិនជាប់គាំងនៅនឹងមួយកន្លែងឡើយ។ ចូរគិតក្នុងចិត្តថាគ្រប់រឿងទាំងអស់ វាមិនអាក្រក់ដូចដែលអ្នកកំពុងគិតនោះទេ៕
អត្ថបទ៖ ប៊ុនហ៊ាង
ផ្នែកមួយនៃសៀវភៅ៖ ជម្រៅនៃការគិត
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: