ចាប់ផ្តើមអាជីវកម្មដំបូង មិនគួរមើលរំលងចំណុចទាំងនេះឡើយ

  • 2022-08-17 3:21:07
  • ចំនួនមតិ 0 | ចំនួនទស្សនា 508


ដើម្បីចាប់ផ្តើមអាជីវកម្មដំបូង វាតម្រូវឱ្យអ្នកមានការលះបង់ខ្ពស់ ទាំងពេលវេលា ​និងទាំងកម្លាំងកាយចិត្ត ដើម្បីផ្តោតទៅលើតែអាជីវកម្មមួយនោះ។ ដំណើរការនៃអាជីវកម្មនៅក្នុងក្តីស្រមៃរបស់អ្នក ត្រូវបានចំណាយពេលយូរដើម្បីឱ្យអ្នកសិក្សា និងកសាងក្រុមការងារមួយដែលមានភាពរឹងមាំល្អ ដើម្បីធ្វើយ៉ាងណាឱ្យការងារទាំងនោះដើរដោយរលូន។ ប៉ុន្តែក្នុងនោះអ្នកក៏ត្រូវប្រឈមខ្លាំងជាមួយនឹងបញ្ហាជាច្រើនផងដែរ ព្រោះបើអ្នកហ៊ានតែប្រហែសតែបន្តិច នោះអ្នកនឹងអាចត្រូវបិទទ្វាអាជីវកម្មរបស់អ្នក ដោយសារកំហុសតិចឬច្រើនដែលអ្នកមិនបានចាប់អារម្មណ៍។ ដូច្នេះកុំឱ្យកំហុសឆ្គងទាំងនេះមករារាំងអ្នកបានឱ្យសោះ ហើយខាងក្រោមនេះគឺជាកំហុសឆ្គងដែលអ្នកគួរតែជៀសវាង៖

កុំព្យាយាមធ្វើកិច្ចការទាំងអស់តែម្នាក់ឯង៖ មនុស្សយើងម្នាក់ៗ សុទ្ធតែមានជំនាញខុសៗពីគ្នាទៅតាមទេពកោសល្យ និងចំណេះដឹងរបស់ខ្លួនរៀងៗខ្លួន។ ដូច្នេះហើយអ្នកត្រូវចេះជំនាញមួយឱ្យបានច្បាស់ នោះគឺជំនាញដឹកនាំមនុស្ស ព្រោះថាដើម្បីដំណើរការអាជីវកម្មមួយបាន សំខាន់ណាស់ការកសាងក្រុមការងារ មិនថាជាក្រុមការងារតូចឬធំនោះទេ គឺសុទ្ធតែជាធាតុសំខាន់ដើម្បីរុញអាជីវកម្មឱ្យទៅមុខ។ អ៊ីចឹងហើយទើបវាត្រូវឱ្យអ្នកច្បាស់ខ្លាំងពីរបៀបដឹកនាំមនុស្ស និងចេះបែងចែកការងារទៅតាមផ្នែកនីមួយៗដែលមាននៅក្នុងអាជីវកម្មរបស់អ្នក កុំព្យាយាមធ្វើកិច្ចការទាំងអស់តែម្នាក់ឯង កុំសូម្បីតែរឿងតូចតាចបន្តិចបន្តួចក៏ដោយ អ្នកត្រូវចេះចែកកិច្ចការទាំងនោះឱ្យកុ្រមការងារជាជាងធ្វើខ្លួនឯង ហើយអ្នកគួរតែយកពេលទៅគិតពីឱកាស និងវិធីសាស្រ្តផ្សេងៗដែលធ្វើឱ្យអាជីវកម្មរីកចម្រើន នោះទើបជាកិច្ចការរបស់អ្នក។

មិនចូលចិត្តប្រកួតប្រជែង៖​ បើមិនចូលចិត្តការប្រកួតប្រជែងគួរណាស់ទៅធ្វើការឱ្យគេវិញទៅ ព្រោះថាការធ្វើអាជីវកម្ម គឺជាកិច្ចការមួយដែលអ្នកត្រូវប្រឈមនឹងការប្រកួតប្រជែងខ្លាំងបំផុត អ៊ីចឹងហើយអ្នកត្រូវតែជាមនុស្សដែលចូលចិត្តការប្រកួតប្រជែង ដើម្បីយកឈ្នះ និង ចាប់យកឱកាសក្នុងការវាយលុកទីផ្សារ។ ធ្វើផែនការអាជីវកម្ម (Business plan competition) ដើម្បីវាយលុកទីផ្សារអាជីវកម្មដែលអ្នកកំពុងដើរ ធ្វើការផ្សព្វផ្សាយនូវគំនិតអាជីវកម្មរបស់ខ្លួនឱ្យល្បី កសាងឱកាសជួបជាមួយអាជីវករដទៃទៀតដែលអាចនឹងក្លាយជាដៃគូរសហការជាមួយអ្នកនាពេលអនាគត។ ដូចនេះកុំខ្លាចក្នុងការនិយាយពីអាជីវកម្មរបស់អ្នកទៅកាន់មហាជន និង កុំខ្លាចក្នុងការប្រកួតប្រជែងដែលមានជារៀងរាល់ថ្ងៃ។

ការសម្ពោធអាជីវកម្មរៀបចំមិនសូវល្អ៖ អ្នកត្រូវកំណត់ឱ្យច្បាស់ទៅលើកាលបរិច្ឆេទ ពេលវេលា និងសកម្មភាព ក្នុងការរៀបចំសម្ពោធអាជីវកម្មរបស់អ្នក។ ត្រូវចេះធ្វើគ្រោងការទុកជាមុននៅរាល់សកម្មភាពទាំងអស់នៃកម្មវិធីទាំងមូល គិតពីបញ្ហាដែលអាចនឹងកើតឡើងដើម្បីត្រៀមដំណោះស្រាយ។ ជាក់ស្តែងដូចជា អាហារ ភេសជ្ជៈ និង ទីតាំងចំណត់ជាដើម។ ធ្វើជាតារាងកត់ទុកនៅសម្ភារៈ និងរបស់ប្រើប្រាស់ក្នុងកម្មវិធី។ ហើយជាពិសេសនោះ ថាតើភ្ញៀវប្រភេទណាខ្លះដែលអ្នកត្រូវអញ្ញើញ? ភ្ញៀវ VIP និង ភ្ញៀវធម្មតាត្រូវរៀបចំកន្លែងយ៉ាងដូចម្តេច? ទាំងនេះសុទ្ធតែជារឿងចំាបាច់បំផុតដែលអ្នកគួរតែរៀបចំឱ្យបានល្អ ព្រោះអ្នកត្រូវចាំថា ថ្ងៃដែលបើកសម្ពោធ គឺជាថ្ងៃសំខាន់បំផុតដែលអ្នកបង្ហាញឱ្យភ្ញៀវកិតិ្តយសទាំងអស់បានដឹង និងបានស្គាល់ពីអាជីវកម្មរបស់អ្នក ដូចនេះហើយកុំឱ្យមានកំហុសណាមួយកើតឡើងឱ្យសោះ។

មានមនុស្សជាច្រើនដែលបរាជ័យនៅពេលចាប់ផ្តើមអាជីវកម្មដំបូង ប៉ុន្តែពួកគេនៅតែអាចទទួលបានជោគជ័យដដែល។ តើអ្នកដឹងថាហេតុអ្វីទេ? ចម្លើយនោះគឺមិនបោះបង់ ហើយហេតុអ្វីមិនបោះបង់? ព្រោះស្រឡាញ់ ដូច្នេះអ្នកត្រូវរកឱ្យឃើញនូវក្តីស្រឡាញ់របស់អ្នក មុននឹងអ្នកចាប់ផ្តើមអាជីវកម្មនោះ៕

អត្ថបទ៖ វិសាល

ផ្នែកមួយនៃសៀវភៅ៖ ផ្តើមពីសូន្យ

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: