៥ចំណុចដើម្បីយកឈ្នះភាពទន់ខ្សោយ

  • 2022-08-16 8:21:36
  • ចំនួនមតិ 0 | ចំនួនទស្សនា 508


លើលោកនេះគ្មាន​នរណា​ម្នាក់​ល្អឥតខ្ចោះ​នោះទេ ទោះបីមនុស្សដែលមានប្រាជ្ញាឆ្លាតវៃយ៉ាងណាក៏ដោយក៏មានភាពទន់ខ្សោយដែរ។ មានមនុស្សជោគជ័យជាច្រើនដែលបានខិតខំប្រឹងប្រែងតស៊ូរហូតដល់ទទួលបាននូវអ្វីដែលពួកគេចង់បាន។ ទាំងនោះមិនមែនជារឿងចៃដន្យនោះទេ វាដោយសារតែពួកគេដឹងយ៉ាងច្បាស់ពីភាពខ្សោយ និងភាពខ្លាំងរបស់ខ្លួន ហើយថែមទាំងដឹងយ៉ាងច្បាស់ពីរបៀបយកឈ្នះលើភាពខ្សោយរបស់ខ្លួន ក៏ដូចជាការផ្តោតលើភាពខ្លាំងដើម្បីអភិវឌ្ឍន៏ និងពង្រឹងសមត្ថភាពរបស់ពួកគេផងដែរ។ ខាងក្រោមនេះគឺជា ៥ចំណុចដែលអ្នកអាចប្រើដើម្បីយកឈ្នះភាពទន់ខ្សោយរបស់ខ្លួនបាន៖

. ការគ្រប់គ្រងពេលវេលា៖ ជាធម្មតាយើងតែងតែមានទម្លាប់មួយ គឺព្យាយាមធ្វើកិច្ចការជាច្រើននៅក្នុងពេលតែមួយ វាគឺជារឿងល្អ តែវាក៏មិនសូវជាល្អណាស់ណាដែរ។ អ្នកត្រូវធ្វើការវិភាគពីចំនួននៃកិច្ចការដែលអ្នកត្រូវធ្វើ និង ចំនួនដែលអ្នកអាចធ្វើបាន។ រៀបចំ និង ការគ្រប់គ្រងពេលវេលា គឺជាជំនាញពីរយ៉ាងដាច់ដោយឡែកពីគ្នាដែលអ្នកត្រូវតែចេះឱ្យបានច្បាស់ ប្រសិនបើអ្នកពិតជាចង់ក្លាយជាមនុស្សជោគជ័យពិតប្រាកដមែន។ មនុស្សដែលមានការទទួលខុសត្រូវខ្ពស់ជាមួយនឹងពេលវេលា និងអាចសម្រេចនូវកិច្ចការច្រើនក្នុងរយៈពេលដ៏ខ្លីបាន។

. ពង្រឹងជំនាញសំខាន់ៗ៖ ដូចអ្វីដែលបានរៀបរាប់ខាងលើ មនុស្សដែលមានភាពឆ្លាតវៃ គឺតែងតែផ្តោតលើពេលវេលា និងភាពខ្លាំងរបស់ពួកគេ រួមទាំងការកែលម្អ និងពង្រឹងនូវអ្វីដែលពួកគេមានក្នុងខ្លួនរួចជាស្រេចផងដែរ។ នៅពេលដែលអ្នកខ្លាំងពូកែលើអ្វីដែលមាននៅក្នុងខ្លួនរបស់អ្នកហើយ នោះនឹងគ្មាននរណាម្នាក់អាចកត់សម្គាល់ពីភាពទន់ខ្សោយរបស់អ្នកបានឡើយ។

. កំណត់គោលដៅ និងរៀបចំផែនការ៖ ការបង្កើតផែនការជាក់លាក់មួយ អាចផ្តល់ឱ្យអ្នកនូវការផ្តោតអារម្មណ៍ដ៏ត្រឹមត្រូវក្នុងការឆ្ពោះទៅរកគោលដៅដែលអ្នកចង់ទៅ។ ប្រសិនបើគ្មានការផ្តោតឬយកចិត្តទុកដាក់លើផែនការអ្វីមួយនោះទេ អ្នកប្រាកដជាមានអារម្មណ៍វិលវល់ មិនជ្រះស្រឡះ ឬអាចនឹងឈានទៅរកការពន្យារពេលក្នុងការឆ្ពោះទៅរកភាពជោគជ័យរបស់អ្នកទៀតផង។ អ្នកគួរបង្ហាញពីអ្វីដែលអ្នកចង់បាន និងអ្វីដែលអ្នកមានគម្រោងថានឹងធ្វើវាឱ្យបានក្នុងពេលជាក់លាក់ណាមួយ។ ហើយសូម្បីតែមនុស្សដែលទទួលជោគជ័យនៅថ្ងៃនេះ ក៏ធ្លាប់រៀបចំផែនការ និងតស៊ូយ៉ាងខ្លាំងដូចគ្នាដែរ។

. មានឆន្ទៈក្នុងការទទួលយកហានិភ័យ៖​ រាល់ការប្រកួតប្រជែងគឺតែងតែមានហានិភ័យ វាគ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ។ ឆន្ទៈក្នុងការទទួលយកនូវរាល់បញ្ហាដែលកើតមាន នឹងអាចធ្វើឱ្យអ្នកកាន់តែមានភាពសកម្ម នៅក្នុងការប្រកួតប្រជែងទាំងនោះ។ ការភ័យខ្លាចដ៏ធំបំផុតដែលយើងទាំងអស់គ្នាតែងតែប្រឈមមុខ នោះគឺការភ័យខ្លាចចំពោះការបាត់បង់។ ការដែលមានអារម្មណ៍បែបនេះនឹងអាចបញ្ឈប់យើងពីការទទួលយកឱកាស ឬការបន្តដំណើរឆ្ពោះទៅមុខ។ ហើយអ្វីដែលសំខាន់បំផុតដែលធ្វើឱ្យមនុស្សទទួលបានជោគជ័យ នោះគឺឆន្ទៈក្នុងការទទួលយកហានិភ័យរបស់ពួកគេ។

. នៅជាមួយភាពវិជ្ជមាន៖ សត្រូវដ៏អាក្រក់បំផុតក្នុងគំនិតរបស់អ្នក នោះគឺភាពអវិជ្ជមាន។ ភាពអវិជ្ជមានអាចអូសទាញអ្នកឱ្យងាកចេញពីផ្លូវរបស់អ្នកបាន ប្រសិនបើអ្នកមិនអាចគ្រប់គ្រងឬការពារខ្លួនឯងពីវាបាន។ អ្នកនឹងមិនអាចអនុវត្ត ឬធ្វើសកម្មណាមួយសម្រាប់គោលដៅរបស់អ្នកបានឡើយ ប្រសិនបើនៅជុំវិញខ្លួនរបស់អ្នកពោរពេញទៅដោយភាពអវិជ្ជមាន។ ការរស់នៅជាមួយភាពវិជ្ជមាននឹងធ្វើឱ្យអ្នកទទួលអារម្មណ៍មួយថាអ្នកអាចធ្វើរឿងគ្រប់យ៉ាងបាន ហើយភាពជោគជ័យរបស់អ្នកនឹងមិននៅឆ្ងាយពីអ្នកឡើយ៕

អត្ថបទ៖ វិសាល

ផ្នែកមួយនៃសៀវភៅ៖ ផ្តើមពីសូន្យ

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: