ចាប់ផ្ដើមរកស៊ី ចាប់ផ្តើមរៀនសូត្រ

  • 2022-08-14 4:22:11
  • ចំនួនមតិ 0 | ចំនួនទស្សនា 533


ដើម្បីបង្កើតអាជីវកម្ម ឬក្រុមហ៊ុនមួយឱ្យចេញជារូបរាង អ្នកត្រូវមានរឿងជាច្រើនដែលត្រូវធ្វើ និងត្រូវយល់ឱ្យបានច្បាស់ទៅនឹងកិច្ចការទាំងអស់នោះ។ តើអ្នកដឹងទេថាអាជីវកម្មឬក្រុមហ៊ុនរបស់អ្នកត្រូវមានអ្វីខ្លះ? តើអ្នកត្រូវរៀបចំរចនាសម្ព័ន្ធ បទបញ្ជាផ្ទៃក្នុង និងវិធីសាស្រ្តដូចម្ដេចខ្លះដើម្បីធ្វើឱ្យអាជីវកម្មនោះដើរទៅមុខដោយរលូន? តើអ្នកត្រូវការបុគ្គលិកប៉ុន្មាននាក់ ផ្នែកអ្វីខ្លះ? ទាំងនេះគឺជារឿងសំខាន់ៗសម្រាប់អ្នកគួរតែរៀនសូត្រ ហើយខាងក្រោមនេះមាន៣ចំណុចសម្រាប់ឱ្យអ្នកយកទៅពិចារណា៖

១. រៀនស្របពេលបើកអាជីវកម្ម​៖ អ្នកប្រហែលជាមិនធ្លាប់បានដឹងទេថា ខ្លួននៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីបើកអាជីវកម្មមួយឱ្យដើរទៅមុខ។ ក្នុងនោះមានចំណេះជំនាញជាច្រើន ដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកអាចដំណើរការទៅបានដោយរលូន ហើយក្នុងនោះផងដែរ អ្នកក៏មានឱកាសបានរៀនសូត្រពីចំណេះដឹងទាំងនេះ (រកស៊ីដំបូង) ដោយគ្មានបង់ប្រាក់មួយកាក់មួយសេននោះដែរ។ ព្រោះនៅពេលដែលអ្នកធ្វើការឱ្យគេ អ្នករៀនបានត្រឹមតែការងារដែលអ្នកកាន់កាប់តែប៉ុណ្ណោះ មិនបានរៀនពីដំណើរការទាំងមូលនៃការបង្កើតអាជីវកម្មឡើយ។ មួយវិញទៀតអ្នកត្រូវដឹងថាការចាប់ផ្តើមអាជីវកម្មដំបូងមិនត្រូវហក់លោតខ្លាំងពេកនោះទេ ព្រោះថាវាជាពេលដែលអ្នកកំពុងរៀនស្របពេលអនុវត្ត។ អ៊ីចឹងហើយអ្នកត្រូវចាប់ផ្តើមពីតូចទើបល្អ កុំធំល្អមើលតែមួយភ្លេត ហើយដួលទៅវិញ យើងផ្តើមពីតូច ទោះខាតក៏ខាតតិចដែរ។

២. រៀនដឹកនាំមនុស្ស៖ ជារឿងធម្មតាទេ ការធ្វើអាជីវកម្មតែងតែត្រូវការបុគ្គលិក ដូចនេះហើយទើបការដឹកនាំមនុស្សគឺជារឿងមួយដ៏សំខាន់ដើម្បីធ្វើឱ្យការងារមានប្រសិទ្ធភាព។ ស្របពេលនេះអ្នកអាចជួលបុគ្គលិតត្រឹម៣ ទៅ៤ នាក់សិនដើម្បីងាយក្នុងការដឹកនាំពួកគាត់ ព្រោះមនុស្សតិចចំណាយតិច និងងាយធ្វើការ។ ពេលនោះហើយដែលអ្នកត្រូវចាំបាច់រៀនធ្វើជាអ្នកដឹងនាំ រៀនពីការមើលនិស័្សយរបស់មនុស្ស រៀនបែងចែកការងារ រៀនពីទំនួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំ រៀនធ្វើការជាមួយមនុស្សគ្រប់ប្រភេទ និងរៀនធ្វើជាមេដឹងនាំដ៏រឹងមាំ។

៣. រៀនគ្រប់គ្រងហិរញ្ញវត្ថុ៖ គេថាផ្ទះតូចស្រួលរៀបចំ អ៊ីចឹងហើយអាជីវកម្មតូចក៏ងាយគ្រប់គ្រងហិរញ្ញវត្ថុជាងអាជីវកម្មខ្នាត់ធំដែរ ព្រោះថារឿងរៀបចំហិរញ្ញវត្ថុនេះគឺជារឿងស្មុគស្មាញបំផុត បែបនេះហើយអ្នកក៏ត្រូវឈឺក្បាលខ្លាំងដែរចំពោះការរៀបចំរឿងនេះ ដូចនេះអ្នកត្រូវរៀបចំវាច្បាស់លាស់ចៀសវាងប្រើគណនីច្របូកច្របល់រួមគ្នាជាមួយគណនីផ្ទាល់ខ្លួន បើមិនអ៊ីចឹងទេច្បាស់ជាមានរឿងធំជាក់ជាមិនខានឡើយនៅថ្ងៃមុខ។ ត្រូវបែងចែកឱ្យដាច់រវាងគណនីទាំងពីរនេះ ហើយមួយវិញទៀតអ្នកត្រូវតាមដានបញ្ជីចំណូលចំណាយឱ្យបានត្រឹមត្រូវប្រចាំខែ ប្រចាំឆមាស ឬប្រចាំឆ្នាំ និងកាត់បន្ថយការចំណាយណាដែលពុំចាំបាច់៕

អត្ថបទ៖ បូទីន

ផ្នែកមួយនៃសៀវភៅ៖ ផ្តើមពីសូន្យ

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: