សញ្ញាដែលបង្ហាញថាអ្នកមិនអាចរួចផុតពីភាពក្រីក្រ

  • 2022-08-06 6:03:04
  • ចំនួនមតិ 0 | ចំនួនទស្សនា 657


គ្មាន​នរណា​ម្នាក់​​ចង់​ក្លាយ​ជា​អ្នកក្រ​នោះទេ តែយ៉ាងណាក៏ដោយ បើ​ទោះ​បី​ជា​មនុស្ស​​ស្អប់​ភាព​ក្រីក្រ ហើយ​ចង់បានភាព​មានបាន​ក៏ដោយក៏​ស្ថានភាព​ជាក់ស្តែង អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើនគឺនៅតែ​ស្ថិត​ក្នុង​ភាគរយ​តិចតួច​ដដែល ខណៈដែរ​ចំនួន​អ្នក​ក្រ​វិញ​គឺ​មាន​​​​ច្រើនលើសលប់​នៅ​លើ​ពិភពលោក​។ ហើយខាងក្រោម​នេះគឺ​ជា​សញ្ញា​មិន​ល្អ​មួយ​ចំនួន​ដែល​រារាំង​មនុស្ស​មិនឱ្យ​ក្លាយ​ទៅ​ជា​អ្នក​មាន​នៅ​ពេល​អនាគត៖

ចាយច្រើន៖ បច្ចុប្បន្ន​មនុស្ស​ភាគ​ច្រើន​តែង​និយម​ប្រើប្រាស់​សំភារៈ​ទំនើប​ៗដែល​មាន​តម្លៃ​ថ្លៃៗដោយមិនសូវខ្វល់ពីរបៀបបែងចែកប្រាក់ចំណូលឡើយ ព្រោះអ្វីដែលសំខាន់សម្រាប់ពួកគេគឺសន្សំលុយទិញសំភារៈទំនើបៗទាំងនោះ។ សម្រាប់​អ្នក​ដែល​មាន​លទ្ធភាព​គ្រប់គ្រាន់ ​គឺវាគ្មាន​បញ្ហាអ្វី​នោះ​ទេ ប៉ុន្តែបញ្ហា​គឺ​ត្រង់ថា​អ្នកដែល​មិន​សូវ​មានលទ្ធភាព ព្រោះ​ពួក​គេ​ភាគ​ច្រើន​ព្យាយាម​ប្រើប្រាស់​របស់​ទាំង​នោះ បើ​ទោះ​ជា​ខ្លួន​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក៏​ដោយ។ ប្រការ​នេះហើយដែលធ្វើ​ឱ្យ​មនុស្ស​ភាគ​ច្រើន​មិន​អាចមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់នាថ្ងៃអនាគត​បាន ព្រោះ​ពួកគេមិន​បាន​សន្សំ​ប្រាក់​សម្រាប់​ពេល​ចាំបាច់​។

មានបំណុលច្រើនពេក៖ ការ​ជំពាក់​ធនាគារឬនរណា​ម្នាក់ វាគឺ​ជា​រឿង​ជៀស​មិន​ផុតនោះទេ ទាំង​ក្នុង​ជីវិត​ឯកជន​ធម្មតា និងក្នុង​ពេល​ធ្វើ​អាជីវកម្ម។ តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​ នៅ​ត្រង់​ថា ការ​ខ្ចី​លុយ​នោះគឺ​ធ្វើ​ឡើង​ក្នុង​ន័យ​អ្វី ហើយ​មាន​ផែន​ការ​ច្បាស់លាស់ក្នុង​ការ​សង់​វិញ​ដែរ​ឬ​អត់។ អ្នក​ខ្លះ​ខ្ចី​លុយ​គេ​ដើម្បីពង្រឹង​ជំនួញ​របស់​ខ្លួនឱ្យកាន់​តែ​រឹងមាំ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ជំពាក់​ធនាគារដោយ​សារសំញែងសំភារៈនិយមឬ​លេង​ល្បែង​ស៊ីសង​ផ្សេងៗ។

ពឹងផ្អែកលើអ្នកដទៃខ្លាំងពេក៖ ការ​ពឹង​ពាក់​អ្នក​ដទៃ គឺជា​រឿង​ធម្មតា​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​គ្រប់​រូប ព្រោះ​មនុស្ស​ម្នាក់​មិន​អាច​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​បានទាំងអស់នោះទេ ដូច្នេះហើយទើប​ត្រូវ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា រាល់​ពេល​ដែល​អ្នក​ពឹង​អ្នក​ដទៃ​គឺ​ជា​រឿង​ត្រឹម​ត្រូវរហូត​នោះទេ ព្រោះ​វា​អាច​ទៅ​ជា​ទម្លាប់​មិន​ល្អ​មួយក្នុង​ការ​មិនហ៊ានឬមិនព្រម​ព្យាយាម​បញ្ចេញ​សមត្ថភាពឱ្យ​អស់ដោយខ្លួនឯង ហើយ​បែរ​ជា​ទៅពឹងតែ​អ្នកដទៃ​​ឱ្យ​ជួយជាប្រចាំ។ នៅពេល​ដែល​អ្នក​មិន​ធ្វើ​រឿង​អ្វី​មួយឱ្យ​អស់​ពី​សមត្ថភាពឬពីលទ្ធភាព​ទេ​នោះ អ្នក​នឹង​មិន​អាច​ឈោង​ចាប់​យក​ភាព​ជោគជ័យ​ឬរំដោះខ្លួនចេញពីភាពក្រីក្របានឡើយ​ ជា​ពិសេស​នៅ​ថ្ងៃ​មួយ​ដែល​គ្មាន​មនុស្ស​ជួយអ្នកតែម្តង។ ដូច្នេះគួរ​ធ្វើ​កិច្ច​ការឱ្យ​អស់​ពី​កម្លាំងកាយ​ចិត្តជាមុន​សិន មុន​អ្នក​សម្រេច​ថាពឹង​អ្នក​ដទៃ​ឱ្យ​ជួយ។

គ្មានមហិច្ឆតា៖ មហិច្ឆតាគឺជាចំណុច​ដ៏​សំខាន់​របស់​មនុស្ស​ក្នុង​ការ​សម្រេច​អ្វី​មួយ តែ​បើ​គ្មាន​មហិច្ឆតា​ទេ មនុស្ស​ភាគ​ច្រើន​មិន​សូវ​គិត​ចង់​ធ្វើ​អ្វី​ឡើយ ហើយ​បើ​ទោះបី​ជា​ធ្វើក៏​ធ្វើដោយមិនអស់ពីលទ្ធភាព និងសមត្ថភាព​ដែរ។ ជាក់ស្តែង​បើ​កាល​ណា​មនុស្សណាម្នាក់​មាន​មហិច្ឆតា​ចង់​ក្លាយ​ទៅ​ជា​អ្វីមួយ​ហើយ គេ​នឹង​ស្វែង​រក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បីសម្រេច​គោល​ដៅ​របស់​ខ្លួនឱ្យទាល់តែបាន បើ​ទោះ​បី​ជា​មាន​ការ​លំបាក និងត្រូវ​ចំណាយ​ពេល​វេលា​យូរ​យ៉ាង​ណាក៏ដោយ។

ជំហរមិនច្បាស់លាស់៖ បើ​អ្នក​មិន​មាន​​ជំហរ​ច្បាស់លាស់ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វី​មួយ​នោះទេ នោះអ្នក​នឹង​ធ្វើការងារដោយគ្មានគោលដៅ គឺចេះតែធ្វើដើម្បីកំដរតែ​ពេល​វេលា។ នៅ​ពេល​ដែលអ្នក​គ្មាន​គោល​ជំហរ​ច្បាស់លាស់ វា​ប្រាកដ​ណាស់​ថាអ្នក​នឹង​មិន​អាច​មាន​ឥទ្ធិពល​លើ​អ្នកដទៃ​បានឡើយ តែ​គឺ​ជា​អ្នកទៅវិញទេដែល​ទទួល​រងឥទ្ធិពល​ពី​អ្នក​ដទៃនោះ​។ ក្នុងន័យនេះមិន​មែនឱ្យអ្នក​ត្រូវ​តែ​ឈរ​លើ​គោលជំហរ​របស់​ខ្លួន​រហូតខ្វះការពិចារណាឬ​ស្តាប់​យោបល់ពីអ្នកដទៃ​នោះទេ គឺអ្នកត្រូវស្តាប់ និងពិចារណាដោយយកចិត្តទុកដាក់ ហើយយកវាមក​ថ្លឹងថ្លែងឱ្យ​ឃើញ​ថា តើវាពិត​ជា​ត្រឹមត្រូវ និងមានឱកាស​ជោគ​ជ័យឬក៏អត់៕

អត្ថបទ៖ វិសាល

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: