គំនិតគួរពិចារណា៖ វិធីសាស្ត្រខ្លះៗសម្រាប់អ្នកចង់ចាប់ផ្តើមរកស៊ី

  • 2022-08-05 3:53:10
  • ចំនួនមតិ 0 | ចំនួនទស្សនា 497


ការបើកដំណើរការ​អាជីវកម្មដំបូងៗ វា​គឺជា​រឿង​មួយ​ដ៏​លំបាក​សម្រាប់​អ្នក​ដែល​ទើបនឹង​ប្រឡូក​​ខ្លួនចូលថ្មីថ្មោង ព្រោះអ្វីៗសុទ្ធតែ​ចាប់​ផ្តើមពី​ចំណុចសូន្យ​ទាំងអស់។ ប្រសិនបើ​មានបទពិសោធន៍ ដើមទុន និង​ធនធានមនុស្ស​គ្រប់គ្រាន់ នោះគឺជា​រឿង​ដ៏ល្អ ប៉ុន្តែបើ​អ្នក​មិនដឹងថាត្រូវ​ចាប់ផ្តើម​ពី​ចំណុច​ណា និង​ត្រូវមាន​អ្វីខ្លះ​ទេនោះ ​វាមានន័យថា អ្នក​ចាំបាច់​ត្រូវតែ​សិក្សា​បន្ថែម​មុននឹង​បោះ​ជំ​ហ៊ាន​ចូលប្រឡូក​ក្នុង​វិស័យ​មួយ​នេះ។ ខាងក្រោម​នេះ Business Record បាន​លើកយក៤ចំណុច​មក​បកស្រាយ​ស​ង្ខេ​ប គ្រាន់​ជា​គំនិតមុន​ឈាន​ជើង​ដល់​ការធ្វើ​អាជីវកម្ម៖

១. មាន​មហិច្ឆតា​លើ​ការចាប់ផ្តើម៖ ជាទូទៅ​​អ្នកជំនួញឬមហាសេដ្ឋី​នៅ​ជុំវិញ​ពិភពលោក ពួកគាត់តែងតែមាន​មហិច្ឆតារៀងៗខ្លួន​ដើម្បី​បង្កើត​អាជីវកម្ម​របស់ខ្លួនឱ្យជោគជ័យ។ បើ​គ្មាន​មហិច្ឆតា​ទេ ម្ល៉េះ​អាជីវកម្ម​របស់​ពួកគាត់ទាំងនោះ​នឹងគ្មាន​ផ្លូវ​បានឃើញ​ពន្លឺ​ថ្ងៃ​ឡើយ។ ដូច្នេះ​វា​សំខាន់​ណាស់​សម្រាប់​អ្នកចង់ចេញរកស៊ីថ្មីថ្មោងដើម្បី​ស្គាល់​ខ្លួនឯង​ឱ្យ​កាន់តែច្បាស់​ថាពិតជា​ដាក់ចិត្ត​ដាក់​កាយលើកការ​បើក​អាជីវកម្ម​ថ្មី​មួយនេះ​ឱ្យបានសម្រេចពិតមែន។

២. សក្ដានុពល​នៅលើ​ទីផ្សារ៖ ចំណុច​នេះនឹង​អាច​រកឃើញ​ចម្លើយ​នៅពេលដែល​អ្នក​បាន​សម្លឹងមើល និង​បាន​សិក្សាស្រាវជ្រាវ​ទីផ្សារ​បាន​កាន់តែ​ច្រើនពី​កម្រិត​នៃ​ការទាក់ទាញ និង​ការទទួលបាន​ការគាំទ្រ​ពី​សាធារណជន។ បើ​អ្នកមិនដឹងថា​ទីផ្សារ​ត្រូវការ​អ្វី និង​មាន​ស្ថានភាព​បែបណាទេ? តើ​អ្នកបង្កើត​អាជីវកម្ម​មួយនេះឡើងដើម្បី​អ្វី? ហើយគន្លឹះ​ដ៏​ល្អ​នៅទីនេះ គឺ​មានការ​ស្រាវជ្រាវ​ទីផ្សារ​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់ ទើប​ធ្វើឱ្យ​អ្នក​រកឃើញ​គំនិត​ចាប់ផ្តើម​អាជីវកម្ម​ពិតប្រាកដ​មួយ​សម្រាប់​ខ្លួនឯងបាន​ជោគជ័យ។

៣. មើល​កញ្ចប់​ហិរញ្ញវត្ថុ៖ ដោយហេតុថា​អាជីវកម្ម​បើក​ដំបូង​នឹង​មិនអាច​រកប្រាក់​ចំណូល​មកវិញ​បាន​ភា្លមៗនោះ ដូច្នេះអ្នក​ត្រូវ​កំណត់​ពី​ដើមទុន​របស់ខ្លួន​ក្នុង​ការបើក​អាជីវកម្ម និងរៀបចំ​គម្រោង​ឱ្យច្បាស់​ពី​ការចំណាយ​ដោយ​ប្រយោលផ្សេងៗ។ ហើយអ្វីដែល​សំខាន់​ជាងគេ​ទៅទៀត​នោះ គឺ​អាជីវកម្ម​ថ្មីថ្មោង​ត្រូវមាន​ទុនបម្រុង​ផ្សេងទៀតដែល​ត្រូវ​ត្រៀម​ទុកជាមុន ​យ៉ាងហោចណាស់​ទប់​ឱ្យ​បាន​រយៈពេល១ឆ្នាំ ដើម្បី​ជៀសវាង​ស្ថានភាព​ប្រែប្រួល​ណាមួយ​ដែល​មិនអាច​ដឹង​មុន​មក​បំផ្លាញ​អាជីវកម្មរបស់អ្នក។ ក្រៅពីនេះអ្នកត្រូវ​កំណត់​រយៈពេលឱ្យច្បាស់លាស់មួយ​ផងដែរ ថា​តើ​អ្នកនឹង​ទទួលបាន​ប្រាក់ចំណេញ​មកវិញ​នៅពេលណា? ហើយ​ប្រាក់ចំណេញទាំងនោះ​មាន​ប្រភព​ចេញ​មកពី​ណាខ្លះ?

៤. ចំណេះដឹង​ផ្នែក​អាជីវកម្ម៖ គ្មាន​នរណាម្នាក់​ល្អឥតខ្ចោះចេះ​គ្រប់​ដប់ និង​ដឹង​គ្រប់​រឿង​នោះទេ។ អ្នក​ក៏​ដូចគ្នា​ដែរ ចន្លោះ​ខ្វះខាត​នៅក្នុង​អាជីវកម្មគឺ​ពិត​ជាមាន ដូច្នេះហើយ​បានជា​នៅពេល​ចាប់ផ្តើម​ថ្មីថ្មោង អ្នក​ត្រូវ​កំណត់ថា តើ​អ្វី​ទៅជា​ភាពខ្លាំង និងភាព​ខ្សោយ​របស់ខ្លួន​នៅក្នុង​ការបើក​អាជីវកម្ម? វិធីសាស្ត្រ​ដ៏​ល្អអ្នក​ត្រូវ​កំណត់​ពី​ទេពកោសល្យ ឬជំនាញ​ពិសេស​របស់​អ្នក​ដែល​ត្រូវមាន​សម្រាប់​ការធ្វើ​អាជីវកម្មឬត្រូវ​ឈ្វេងយល់ថា ជំនាញ​ធ្វើ​អាជីវកម្ម​របស់​អ្នកមាន​ក្នុង​កម្រិត​ប៉ុណ្ណា ទើប​អាចឱ្យ​អាជីវកម្ម​មាន​ដំណើការ​ល្អ និង​បន្ត​ឈ​ជើងបាន​យូរអង្វែង។

អត្ថបទ៖ ប៊ុនហ៊ាង

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: