៥ វិធីដើម្បីបង្វឹកខួរក្បាលរបស់អ្នក
- 2022-08-04 7:59:08
- ចំនួនមតិ 0 | ចំនួនទស្សនា 484
៥ វិធីដើម្បីបង្វឹកខួរក្បាលរបស់អ្នក
ខួរក្បាលរបស់មនុស្សវាពិតជាសំខាន់ខ្លាំងណាស់ ព្រោះវាជាតួអង្គចាំបាច់ក្នុងការបញ្ជា និងគិតពីសកម្មភាពការងារគ្រប់យ៉ាង។ ប្រសិនបើអ្នកមានអារម្មណ៍ថា ការគិតគូរលើការងារឬរៀនសូត្រមិនសូវល្អ នោះមានន័យថា ខួរក្បាលរបស់អ្នកមិនទាន់មានភាពរឹងមាំគ្រប់គ្រាន់ឡើយ។ ដូច្នេះដើម្បីពង្រឹងខួរក្បាលឱ្យកាន់តែប្រសើរ និងឆ្លាតវៃជាងមុន ខាងក្រោមនេះគឺជាគន្លឹះខ្លះៗ៖
១. កុំគិតច្រើនរឿងក្នុងពេលតែមួយ៖ មនុស្សភាគច្រើនចូលចិត្តធ្វើរឿងច្រើនក្នុងពេលតែមួយដែលចំណុចនេះធ្វើឱ្យខួរក្បាលមិនអាចធ្វើកាមានប្រសិទ្ធភាពឡើយ។ ជាជម្រើសល្អ អ្នកគួរតែចេះបែងចែកការងារណាដែលសំខាន់ និង ការងារមិនសូវសំខាន់ជាមុនសិនដើម្បីងាយស្រួលក្នុងការប្រើប្រាស់ខួរក្បាលឱ្យមានប្រសិទ្ធភាព។
២. គេងឱ្យគ្រប់គ្រាន់៖ ការធ្វើការងារជាច្រើនដែលប្រកបទៅដោយភាពស្មុគស្មាញ នោះវានឹងធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង ហើយសមត្ថភាពក្នុងការគិតក៏ថយចុះជាងមុនដែរ។ ខួរក្បាលរបស់អ្នកនឹងដំណើរការរហូតប្រសិនបើអ្នកមិនទុកពេលដើម្បីសម្រាកខ្លះ។
៣. ឈ្វេងយល់ពីចំណេះដឹងថ្មីៗ៖ នាពេលបច្ចុប្បន្ននេះ ការឈ្វេងយល់អំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅលើពិភពលោក វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះនៅពេលដែលអ្នកដឹងរឿងកាន់តែច្រើន វានឹងធ្វើឱ្យអ្នកមានគំនិត និងចំណេះដឹងក៏កាន់តែច្រើនទៅតាមហ្នឹងដែរ។ ការបង្កើតទម្លាប់បែបនេះ វានឹងធ្វើឱ្យខួរក្បាលរបស់អ្នកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាស្មុគស្មាញផ្សេងៗបានដោយងាយ។
៤. កុំបរិភោគគ្រឿងស្រវឹង៖ ការបរិភោគគ្រឿងស្រវឹង ពិតជាមានផលប៉ះពាល់ខ្លាំងណាស់ដល់សុខភាពខួរក្បាលរបស់អ្នក ជាពិសេសនោះគឺធ្វើឱ្យការចងចាំរបស់អ្នកចុះខ្សោយយ៉ាងឆាប់រហ័ស។ ដើម្បីធ្វើឱ្យខួរក្បាលរបស់អ្នកមានសុខភាពល្អ ជម្រើសដ៏ល្អគឺត្រូវតែព្យាយាមជៀសវាងការប្រើប្រាស់គ្រឿងស្រវឹងតាមតែអាចធ្វើបាន។
៥. ហាត់ប្រាណជាប្រចាំ៖ ការហាត់ប្រាណពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរបស់អ្នក ព្រោះប្រសិនបើគ្មានសុខភាពមាំមួនទេ អ្នកប្រាកដជាគ្មានអារម្មណ៍ដើម្បីគិតគូរលើរឿងការងារនោះទេ។ ហើយនៅពេលដែលអ្នកធ្វើលំហាត់ប្រាណម្តងៗ វានឹងធ្វើឱ្យខួរក្បាលមានភាពស្រស់ស្រាយ និងកាត់បន្ថយភាពតានតឹងដែលបណ្តាលមកពីរឿងស្មុគស្មាញផ្សេងៗបានថែមទៀតផង។
អត្ថបទ៖ វិសាល
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: