ដំណើរនៃអាយុ និងការងារដែលអ្នកត្រូវដឹង

  • 2022-08-03 8:51:17
  • ចំនួនមតិ 0 | ចំនួនទស្សនា 541


រាល់កំហុសទាំងអស់សុទ្ធតែមានដំណោះស្រាយ ដូច្នេះអ្នកកុំបារម្ភច្រើនពេកអី ព្រោះថារាល់ការបរាជ័យទាំងអស់គឺវាសុទ្ធសឹងតែជាមេរៀនមួយដ៏ល្អសម្រាប់អ្នក។​ ដូច្នេះអ្វីដែលអ្នកត្រូវចាំក្នុងចិត្តនោះគឺ៖

១. មុនអ្នកអាយុ២០ឆ្នាំ អ្នកត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យក្លាយជាសិស្សល្អ៖ អ្នកត្រូវសិក្សាឈ្វេងយល់នូវជំនាញផ្សេងៗឱ្យបានច្រើន ពិសេសរាល់ជំនាញទាំងឡាយណាដែលខ្លួនឯងស្រឡាញ់និងចូលចិត្ត។​ ប៉ុន្តែប្រសិនបើអ្នករកខ្លួនឯងមិនទាន់ឃើញទេ សំខាន់ណាស់ក្នុងវ័យនេះអ្នកត្រូវប្រឡូកខ្លួនចូលក្នុងកិច្ចការឱ្យបានច្រើនវិស័យតាមដែលអាចធ្វើបាន ដើម្បីធ្វើឱ្យប្រាកដថាអ្នករកខ្លួនឯងឃើញហើយ បន្ទាប់មកចាប់យកជំនាញមួយនោះមកអភិវឌ្ឍន៍ និងសិក្សាឱ្យបានច្រើនដើម្បីទទួលបានបទពិសោធន៍មួយច្បាស់លាស់។ អាយុ២៥ឆ្នាំអ្នកត្រូវតែសប្បាយជាមួយនឹងកំហុសឆ្គង ដើម្បីយកវាធ្វើបទពិសោធន៍ជីវិតរបស់អ្នក។

២. មុនអ្នកអាយុ៣០ឆ្នាំ អ្នកត្រូវរៀនពីនរណាម្នាក់៖ ក្នុងន័យនេះគឺសំដៅខ្លាំងទៅលើការជ្រើសរើស និងស្វែងរកថានរណាជាមនុស្សដែលអ្នកនឹងយកមកធ្វើជាគំរូ? ព្រោះថានៅពេលដែលអ្នកដឹងថានរណាគឺជាគំរូរបស់អ្នកហើយ មានន័យថាអ្នកនឹងដើរតាមផ្លូវរបស់មនុស្សដែលអ្នកយកជាគំរូនោះ វាប្រៀបដូចជាអ្នកបានស្គាល់ពីខ្លួនឯងអ៊ីចឹងដែរ។

៣. អាយុពី៣០ ទៅ៤០ឆ្នាំអ្នកត្រូវតែដឹងច្បាស់ពីគោលដៅរបស់ខ្លួន៖
ប្រសិនបើអ្នកចង់ក្លាយខ្លួនជាអ្នករកស៊ីដែលធ្វើការឱ្យខ្លួនឯងមែននោះ សំខាន់ណាស់ដែលអ្នកត្រូវគិតគូក្នុងអំឡុងពេលវ័យនេះ ព្រោះក្នុងវ័យនេះអ្នកប្រាកដជាធ្លាប់បានឆ្លងកាត់នូវបទពិសោធន៍ការងារជាច្រើន ដែលវាល្មមឱ្យអ្នកអាចឈានជើងចាប់ផ្តើមចេញធ្វើខ្លួនឯងបានហើយ។ ព្រោះពេលដែលអ្នកឈានដល់អាយុនេះ វាសំខាន់ណាស់ដែលអ្នកត្រូវតែដឹងច្បាស់ពីគោលដៅរបស់ខ្លួនឯងដែលអ្នកចង់បាន។

៤. អាយុពី ៤០ ទៅ៥០ឆ្នាំត្រូវផ្តោតឱ្យខ្លាំងទៅលើគោលដៅដែលយើងកំពុងមាន៖ ស្ថិតក្នុងវ័យនេះអ្នកមិនគួរផ្លាស់ប្តូគោលដៅខ្លួនឯង ហើយលោតទៅធ្វើនេះឬនោះនោះទេ ព្រោះថាក្នុងវ័យនេះ វាយឺតពេលហើយក្នុងការផ្លាស់ប្តូរគោលដៅ ហើយអត្រានៃភាពជោគជ័យក៏មានតិចតួចផងដែរ។ ដូច្នេះហើយអ្នកត្រូវតែប្រាកដថាអ្វីដែលអ្នកគិតថាវាជាគោលដៅរបស់អ្នកនេះ គឺជាអ្វីដែលអ្នកស្រឡាញ់ពេញចិត្តនឹងធ្វើវាពិតប្រាកដ១០០%មែន។

៥. អាយុពី ៥០ ទៅ៦០ឆ្នាំធ្វើការជាមួយក្មេងៗជំនាន់ក្រោយ៖ ការដែលអ្នកត្រូវធ្វើការជាមួយក្មេងៗជំនាន់ក្រោយនេះ ក៏ព្រោះថាក្មេងៗជំនាន់ក្រោយនឹងអាចធ្វើការងារល្អប្រសើរជាងអ្នក ទាំងកម្លាំងកាយចិត្ត និងទាំងបញ្ញាស្មារតី។ ដូច្នេះអ្នកគួរធ្វើការជាមួយពួកគាត់ វិនិយោគលើពួកគាត់ និងសិក្សាសុំយោបល់ពីពួកគាត់ទាំងនោះ ដើម្បីយកគំនិតយោបល់ទាំងនោះមកគិតពិចារណាដើម្បីអភិវឌ្ឍក្រុមហ៊ុនរបស់អ្នក។

អត្ថបទ៖ វិសាល 

ផ្នែកមួយនៃសៀវភៅ៖ ផ្នត់គំនិតមេដឹកនាំ

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: