ក្រមសីលធម៌ដើម្បីទាញចិត្តអតិថិជន
- 2022-07-26 4:11:31
- ចំនួនមតិ 0 | ចំនួនទស្សនា 791
ក្រមសីលធម៌ដើម្បីទាញចិត្តអតិថិជន
ការរកស៊ីគឺត្រូវតែមានក្រមសីលធម៌ ហើយក្រមសីលធម៌នេះ វាតែងតែប្រែប្រួលជានិច្ចពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយផ្អែកលើវប្បធម៍ ជាតិសាស្ត្រ និងកត្តាផ្សេងៗទៀត។ បើកាលណាបុគ្គលិករបស់អ្នកខ្វះខាតនូវក្រមសីលធម៌ វាក៏នឹងធ្វើឱ្យកេរ្តិ៏ឈ្មោះក្រុមហ៊ុនរបស់អ្នកមានបញ្ហាទៅតាមហ្នឹងដែរ។ ដូចនេះអ្នកអាចបង្វឹកក្រុមការងាររបស់អ្នកទៅលើ៥ចំណុចដូចខាងក្រោមនេះ៖
១-ត្រូវមានភាពស្មោះត្រង់៖ ក្នុងការប្រកបអាជីវកម្ម អ្នកត្រូវផ្តោតសំខាន់បំផុតទៅលើភាពស្មោះត្រង់របស់បុគ្គលិក ដែលមានចំពោះក្រុមហ៊ុន និងអតិថិជន។ ព្រោះថាបញ្ហានេះវាជាកេរ្តិ៏ឈ្មោះរបស់ក្រុមហ៊ុនរបស់អ្នក ដែលជាអ្នកកំណត់ជោគវាសនាធ្វើឱ្យក្រុមហ៊ុនរបស់អ្នកអាចដំណើរការទៅមុខទៀតបានឬមិនបាន។ អ្នកប្រាកដជាយល់ហើយថា និរន្តរភាពនៃអាជីវកម្មវានឹងមិនអាចស្ថិតនៅក្នុងដៃរបស់អ្នកបាននោះទេ បើសិនជាអ្នកមិនផ្តោតសំខាន់ទៅលើរឿងក្រមសីលធម៌នេះ។ ហើយទីផ្សារដែលមិនប្រកបដោយក្រមសីលធម៌ វានឹងបង្ករគ្រោះថ្នាក់ដល់អ្នកវិញបាននាពេលអនាគតជាក់ជាមិនខាន។
២- ភាពឯកជនរបស់អតិថិជនគឺជាអាទិភាព៖ នេះគឺជារឿងមួយដ៏សំខាន់ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន។ ព្រោះថាមនុស្សម្នាក់ៗ មិនថាជាបុគ្គលបែបណានោះទេ គេសុទ្ធតែមានកិត្តិយសរបស់គេរៀងៗខ្លួន។ ដូចនេះក្នុងនាមជាក្រុមហ៊ុនដែលផ្តល់នូវសេវាកម្មឬផលិតផលដល់អតិថិជន អ្នកត្រូវចេះទុករឿងនេះជារឿងសំខាន់ កុំឱ្យឯកជនភាពរបស់អតិថិជនរបស់អ្នកបែកធ្លាយឱ្យសោះ។ ហាមដាច់ខាតទៅនិយាយប្រាប់គេឯងជាសាធារណៈ បើទោះជាអ្នកស្គាល់គ្នាក៏ដោយ។ ដូចនេះសូមយល់អារម្មណ៍អតិថិជន និងរក្សាការសម្ងាត់របស់ពួកគាត់ផង និងកុំបកអាក្រាតការសម្ងាត់របស់អតិថិជនរបស់អ្នក ព្រោះវាជារឿងថោកទាបណាស់។
៣- កុំបំផ្លើស៖ ចូរធ្វើបទបង្ហាញពីផលិតផលរបស់អ្នកដូចអ្វីដែលជាគុណភាពពិតប្រាកដនៃផលិតផលនោះ។ កុំបំផ្លើសពីគុណភាពពិតរបស់វាអី ដែលវាហួសទៅនឹងលទ្ធភាពនៃផលិតផលឬសេវាកម្មរបស់អ្នក ដែលវាមិនមែនជាការពិត។ ក្នុងការទទួលប្រាក់ចំណេញគឺជាអាទិភាពមួយដើម្បីធ្វើឱ្យក្រុមហ៊ុនមានដំណើរការទៅមុនបាន ប៉ុន្តែអ្នកក៏ត្រូវមើលដែរអំពីគុណភាពពិតប្រាដកនៃផលិតផលឬសេវាកម្មនោះ ថាតើវាសមគ្នាឬក៏អត់។ កុំឱ្យថោកពេករហូតដល់អតិថិជនមើលងាយផលិតផលឬសេវាកម្មរបស់អ្នក ហើយក៏កុំឱ្យថ្លៃពេករហូត ហួសពីគុណតម្លៃនៃផលិតផលឬសេវាកម្មនោះដែរ។
៤– ‘ទេ‘ ចំពោះការរើសអើង៖ ក្នុងនាមជាមេដឹកនាំក្តី ជាអ្នកទីផ្សារក្តីឬជាបុគ្គលិកធម្មតាក្តី។ អ្នកដាច់ខាតមិនត្រូវធ្វើអ្វីឱ្យវាហួសដែនកំណត់របស់ខ្លួនពេកឡើយ។ អ្នកត្រូវដឹងថាគ្រប់អតិថិជនដែលដើរមករកអ្នកទាំងអស់គឺសុទ្ធតែមានតម្លៃ បើទោះបីសម្លៀកបំពាក់របស់ពួកគាត់មិនសូវសមរម្យ ឬក៏មើលទៅដូចមិនទំនងក៏ដោយ កុំឱ្យសោះរឿងប្រើភាសារដែលធ្វើឱ្យប៉ះពាល់ដល់ពួកគាត់។ កុំរើសអើងព្រោះពួកគាត់មើលទៅមិនស្អាតបាតឬមិនសូវទំនង តែអ្នកត្រូវទទួលយកពួកគាត់ដោយក្តីរីករាយ និងប្រកបដោយក្រមសីលធម៌ខ្ពស់។
អត្ថបទ៖ បូ ទីន
ផ្នែកមួយនៃសៀវភៅ៖ ផ្តើមពីសូន្យ
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: