៥រឿងដែលអ្នករកស៊ីថ្មីថ្មោងត្រូវតែមានជាដាច់ខាត

  • 2022-07-22 6:16:09
  • ចំនួនមតិ 0 | ចំនួនទស្សនា 897


បង្កើត​អាជីវកម្ម​​លើក​ដំបូង ​វាមិនមែន​ជា​រឿង​​ងាយ​ស្រួល​នោះ​ទេ​​​ គឺវា​​​​​ទាមទារ​​​​នូវ​ការ​រៀបចំ​គម្រោង​​នានា​​ទៅ​តាម​​ដំណាក់ការនីមួយៗ​ឱ្យ​បាន​ច្បាស់លាស់។ ដើម្បីផ្តល់ជា​តម្រុយ​ខ្លះៗខាងក្រោមនេះគឺជា​ជំហាន​​គោល​សំខាន់ៗ​​សម្រាប់ឱ្យបងប្អូនយកទៅគិតពិចារណាមុនចាប់ផ្តើម​អាជីវកម្ម​។

រឿងទី: ​​ផែនការអាជីវកម្ម (Business Plan)៖ អ្នក​មិន​អាច​សង់​ផ្ទះ​​​ដោយ​មិន​​ដឹង​ពីប្លង់ផ្ទះបាន​ឡើយ ដូច​គ្នា​នេះ​ដែរ​ការ​ធ្វើ​អាជីវកម្ម​​មួយ​ក៏​ត្រូវ​ចាប់​ផ្តើម​ពី​ផែនការ​អាជីវកម្ម​​ដែរ។ ការ​សរសេរ​ផែន​ការ​អាជីវកម្ម​​​​កើត​ឡើង​ពី​ការ​សិក្សា​​ពី​អាជីវកម្ម​ដែល​អ្នក​​ចង់​បើក​ឱ្យ​បាន​ច្បាស់​លាស់​​ ហើយ​ត្រូវ​​រៀប​រាប់​ពី​​ទស្សន​វិស័យ​ ​បេសកកម្ម​ ​​លក្ខណៈ​ផលិតផល​ និងសេវកម្ម​ ការ​ចាត់​ចែង​ហិរញ្ញវត្ថុ​ រចនា​សម្ព័ន្ធ​គ្រប់គ្រង​ យុទ្ធសាស្ត្រ​ទីផ្សារ​ និង​​ផែនការ​ផ្សេង​ៗ​សំខាន់​ៗ​ជា​ច្រើន​ទៀត។ ​

រឿងទី២: ទីតាំង​​អាជីវកម្ម៖ ការ​ជ្រើសរើស​ទីតាំង​សម្រាប់​បើក​អាជីវកម្ម​ គឺ​ជា​ជំហាន​សំខាន់​មួយ​ទៀត​បន្ទាប់​ពី​​​ផែន​ការ​អាជីវកម្ម។ គន្លឹះ​ដ៏​ល្អ​ដើម្បីធ្វើឱ្យអាជីវកម្ម​របស់​អ្នក​​លេច​ឈ្មោះ​ទៅដល់​សាធារណជន​ទូទៅបាន​ គឺ​​មាន​​គម្រោង​ និងការ​ស្រាវជ្រាវ​ច្បាស់លាស់​ជា​មុន​​ទៅលើ​ទីតាំង​ភូមិសាស្ត្រ ​ស្ថានភាព​ប្រកួតប្រជែង​ រួមជាមួយ​នឹង​ការ​ឈ្វេងយល់​ពី​នីតិវិធី​ច្បាប់ និងពន្ធដារ​នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ។

រឿងទី: មានដើមទុនសម្រាប់បើកអាជីវកម្ម​​​​៖ ហិរញ្ញវត្ថុឬទុន​សម្រាប់​បើក​អាជីវកម្ម​អាច​មិនមែន​ជា​បញ្ហានោះទេ ​ប្រសិន​បើ​អ្នក​មាន​​ប្រាក់​គ្រប់គ្រាន់​សម្រាប់​បើក​អាជីវកម្ម​របស់​ខ្លួន។ តែ​នៅ​មាន​ច្រក​ផ្លូវ​ជា​ច្រើន​ទៀត​ដែល​អ្នក​អាច​​បង្កើត​អាជីវកម្មបាន បើទោះបី​ជា​គ្មាន​ប្រាក់​គ្រប់គ្រាន់ក៏ដោយ ដូច​ជាខ្ចីប្រាក់​ពី​គ្រួសារឬមិត្តភក្ដិ ធនាគារ ឬអាច​ចូលហ៊ុន​គ្នា​ក៏​បាន។​​

រឿងទី: មានអាជ្ញាប័ណ្ណបើកអាជីវកម្ម៖ សម្រាប់​ប្រទេស​កម្ពុជា ការ​ចុះ​អាជ្ញាប័ណ្ណ​អាច​ធ្វើឡើង​​នៅ​​​ក្នុង​​ក្រសួង​ពាណិជ្ជកម្ម។ ការ​សុំ​អាជ្ញាប័ណ្ណ​​គឺជា​​ផ្នែក​មួយ​នៃ​​ការ​ទទួល​ស្គាល់​ និងផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​របស់​អ្នក​​អាច​​ដំណើរ​ការ​​​អាជីវកម្ម​ដោយ​ស្រប​ច្បាប់បាន។ ហើយនេះក៏អាច​ការពារ​ហានិភ័យ​មួយចំនួន​ដូចជា​​​ការ​រំលោភ​កម្មសិទ្ធិបញ្ញា​​ ព្រមទាំង​ចែង​ពី​​កាតព្វកិច្ច​ និង​ទំនួលខុសត្រូវ​នានា​ដែល​អ្នក​ត្រូវ​​បំពេញ​​ជា​មុន​ ដូច​ជា​លក្ខខណ្ឌ​​ការងារ បង់​ពន្ធដារ​ជូន​រដ្ឋ​ជា​ដើម។​

រឿងទី: ទំនួលខុសត្រូវលើ​​បុគ្គលិក៖ ការ​បំពេញ​បែបបទ​​ខាងលើ​គ្រាន់តែ​ជា​វិថី​មួយ​បើក​ច្រក​ផ្លូវ​ឱ្យអ្នករកស៊ី​ទាំង​អស់​អាច​ដំណើរការ​អាជីវកម្ម​បាន​ត្រឹមត្រូវ​ស្របតាម​នីតិវិធី​​ច្បាប់​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្វី​ដែល​ជា​ជំហាន​បន្ទាប់​របស់​អ្នក​​ក្នុង​នាម​ជា​​អ្នករកស៊ីឬប្រធាន​ក្រុមហ៊ុន ​គឺ​ត្រូវ​មាន​ទំនួលខុសត្រូវ​លើ​ស្ថានភាព​ទូទៅ​របស់​បុគ្គលិក។ ការ​បង់ពន្ធ ប្រាក់ខែ ប័ណ្ណ​ធានា​រ៉ាប់រង​សុខភាព និងអត្ថប្រយោជន៍​ផ្សេងៗ​គឺ​សុទ្ធតែ​ជាទំនួលខុសត្រូវ​ដែល​សហគ្រិន​ត្រូវ​ធ្វើទាំងអស់។

អត្ថបទ៖ វិសាល

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: