៥ចំណុចដែលយុវជនត្រូវតែមាន មុនពេលពួកគេអាយុ២៨ឆ្នាំ
- 2022-07-19 6:51:14
- ចំនួនមតិ 0 | ចំនួនទស្សនា 527
៥ចំណុចដែលយុវជនត្រូវតែមាន មុនពេលពួកគេអាយុ២៨ឆ្នាំ
សម្រាប់ប្រិយមិត្តរបស់ Business Record ទាំងអស់ ជាពិសេសអ្នកដែលមានអាយុ២៨ឆ្នាំឬជិតឈានដល់អាយុ ២៨ឆ្នាំ ដែលចង់បានជីវិតមួយប្រកបដោយគុណភាព និងមានគោលដៅជិវិត គួរឈ្វេងយល់ចាប់យកគុណតម្លៃទាំង៥ចំណុចនេះមកអនុវត្តន៍ដើម្បីធ្វើឱ្យជីវិតរបស់ខ្លួនរស់នៅដោយភាពសមប្រកបដើម្បីជៀសវាងការស្តាយក្រោយដោយប្រការណាមួយ៖
១) ទេពកោសល្យ៖ មានទេពកោសល្យពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប។ បុគ្គលណាក៏ដោយ ដែលប្រើប្រាស់ទេពកោសល្យរបស់ខ្លួនបានកាន់តែច្រើន គឺកាន់តែមានទំនុកចិត្ត និងកាន់តែជោគជ័យក្នុងជីវិត។ អ្នកមិនគួរមើលរំលងនូវចំណុចនេះឡើយ ព្រោះថាអ្នកដែលចេះប្រើទេពកោសល្យរបស់ខ្លួនបានគឺជាមនុស្សដែលដឹងពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន។
២) បទពិសោធន៍៖ បទពិសោធន៍ដ៏ល្អ គឺជាការផ្តល់ទំនុកចិត្តឱ្យអ្នកក្លាយទៅជាមនុស្សរឹងមាំបាន។ បើអ្នកបរាជ័យអ្នកមិនត្រូវបន្ទោស ឬបង្ខាំងខ្លួនឯងឡើយ គ្រាន់តែចាត់ទុកវាគឺជាមេរៀនទៅបានហើយ ហើយវាក៏ជួយបញ្ជាក់ប្រាប់អ្នកថា សមត្ថភាពរបស់អ្នកនៅមានកម្រិតដែរ។ ដូច្នេះហើយអ្នកក៏ត្រូវអរគុណដល់ភាពបរាជ័យរបស់អ្នក ហើយព្យាយាមបង្កើតបទពិសោធន៍ល្អៗឱ្យបានច្រើន មិនថាជាបទពិសោធន៍សិក្សា ការងារ ឬសកម្មភាពប្រចាំថ្ងៃរបស់អ្នកឡើយ។
៣) ស្គាល់ខ្លួនឯង៖ ការស្គាល់ខ្លួនឯង គឺជារឿងអាទិភាពមុននឹងអ្នកស្គាល់អ្នកដទៃ។ អ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ មានន័យថា អ្នកកាន់តែមើលឃើញពីចំណុចខ្វះខាត និង ចំណុចខ្លាំងរបស់ខ្លួនកាន់តែច្រើន ហើយនេះគឺជាអ្វីដែលអ្នកត្រូវយកចិត្តទុកដាក់ឱ្យមែនទាន់ដើម្បីទៅបំពេញបន្ថែមលើសមត្ថភាពរបស់អ្នក នោះទើបជីវិតរបស់អ្នកអាចសមនឹងបំណងអ្នកបាន។
៤) ទទួលស្គាល់ការពិត៖ ទទួលស្គាល់ការពិត គឺជាទង្វើមួយដែលអ្នកត្រូវមានភាពស្មោះត្រង់ចំពោះខ្លួនឯង ព្រមទទួលស្គាល់លទ្ធផលមួយដែលកើតចេញពីសកម្មភាព និងសមត្ថភាពរបស់ខ្លួន។ មិនចំពោះថាក្នុងវ័យ ២៨ឆ្នាំនេះឡើយ គឺមនុស្សគ្រប់រូបត្រូវទទួលស្គាល់ការពិតរាល់លទ្ធផលទាំងឡាយដែលកើតចេញពីសកម្មភាព និងសមត្ថភាពរបស់ខ្លួន ដើម្បីយកវាមកជួសជុល និងដោះស្រាយ។
៥) ភាពច្នៃប្រឌិត៖ ភាពច្នៃប្រឌិត គឺជាសិល្បៈមួយដែលនាំមកនូវការបង្កើតសមិទ្ធផលថ្មីប្លែកខុសពីអ្នកដទៃដែលមានប្រយោជន៍សម្រាប់មនុស្សជាតិ តាមរយៈការសិក្សាស្រាវជ្រាវដែលច្នៃចេញពីចំណេះដឹង។ ក្នុងវ័យនេះអ្នកគួរតែបង្កើតភាពច្នៃប្រឌិតឱ្យបានច្រើន ទាំងក្នុងវិស័យការងារ អាជីវកម្ម និងការទំនាក់ទំនង៕
អត្ថបទ៖ ប៊ុនហ៊ាង
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: