៤ ក្បាច់របស់ CEO ដើម្បីបង្កើនទំនុកចិត្តដល់ក្រុមការងារ

  • 2022-07-15 2:36:46
  • ចំនួនមតិ 0 | ចំនួនទស្សនា 516


វាគ្មានទេពាក្យថាអាថ៌កំបាំងចំពោះការកសាងខ្លួនឱ្យក្លាយជា CEO ដែលប្រកបទៅដោយភាពជាអ្នកដឹកនាំជាមួយនឹងជំនឿទុកចិត្ត និងសាមគ្គីភាពទៅដល់សមាជិកក្រុមការងារនោះ។ ដូចនេះក្រុមការងារ Business Record សុំផ្តល់ជាតម្រុយខ្លះៗសម្រាប់មិត្តអ្នកអានទុកគ្រាន់ជាចំណេះដឹងតិចតួចក្នុងការក្លាយខ្លួនជាអ្នកដឹកនាំដ៏អស្ចារ្យម្នាក់៖

. បង្កើតទំនាក់ទំនងស្និទ្ធស្នាល៖ មាន CEO ជាច្រើនផ្តោតការយកចិត្តទុកដាក់ច្រើនតែទៅលើដំណើរការអាជីវកម្មរបស់ខ្លួន ដែលជារឿយៗធ្វើឱ្យពួកគេមិនសូវខ្វល់ខ្វាយពីតួនាទីដ៏សំខាន់របស់បុគ្គលិកដែលជាផ្នែកដ៏សំខាន់មួយក្នុងការរុញច្រានអាជីវកម្មឱ្យទៅមុខ និងជាអ្នកនៅពីក្រោយភាពជោគជ័យរបស់អាជីវកម្មផងដែរ។ ជាទូទៅការបង្កើតទំនាក់ទំនងជាមួយបុគ្គលិកគឺត្រូវការឱ្យអ្នកបង្កើតភាពស្និទ្ធស្នាលជាមួយពួកគេផ្ទាល់ ជាជាងប្រើប្រាស់អ៊ីម៉ែលឬប្រព័ន្ធសង្គមផ្សេងៗ។ ហើយការធ្វើបែបនេះនឹងជួយអ្នកធ្វើឱ្យក្រុមការងាររបស់អ្នករឹតតែមានទំនុកចិត្តជាងមុន ដែលជាហេតុធ្វើឱ្យពួកគេមានទំនុកចិត្ត និងបង្កើនគុណភាពការងាររឹតតែខ្លាំងថែមទៀត។

២. ពាក្យសន្យា៖ រាល់ការសន្យារបស់អ្នកគឺជាតម្លៃនៃភាពជាអ្នកដឹកនាំរបស់អ្នក។ ប្រសិនបើអ្នកសន្យាអ្វីមួយដល់បុគ្គលិករបស់អ្នក ដាច់ខាត់អ្នកត្រូវតែធ្វើឱ្យបាន មិនថាជារឿងតិចតួចក៏ដោយ ព្រោះវាជាការរក្សានូវកេរ្តិ៍ឈ្មោះរបស់អ្នក ក៏ដូចជាក្នុងនាមអ្នកជាមេដឹកនាំម្នាក់ផងដែរ។ ក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកត្រូវមានភាពច្បាស់លាស់នូវអ្វីដែលខ្លួននិយាយ និងសម្រេចចិត្ត ប្រសិនបើអ្នកមិនធ្វើបែបនេះទេ ហើយព្រមទាំងមិនរក្សាពាក្យសន្យារបស់អ្នកទៀត នោះតម្លៃរបស់អ្នកក៏អស់ទៅតាមហ្នឹងដែរ ហើយថែមទាំងធ្វើឱ្យបុគ្គលិករបស់អ្នកមើលងាយអ្នកផងក៏ថាបាន។

៣. ភាពច្បាស់លាស់ក្នុងការរំពឹងទុក៖ នៅពេលបុគ្គលិកជួបការបរាជ័យ ដោយសារតែពួកគេមិនទាន់យល់ច្បាស់ពីគោលការណ៍ឬមិនច្បាស់អំពីអ្វីដែលជាការរំពឹងទុករបស់ក្រុមហ៊ុន ក្នុងនាមជាអ្នកដឹកនាំ វាពិតជាសំខាន់ណាស់ ក្នុងការផ្តល់ចំណេះដឹងទាំងផ្នែកមុខជំនាញរបស់ពួកគេ ក៏ដូចជាគោលដៅនៃការរំពឹងទុករបស់ក្រុមហ៊ុនផងដែរ។ បើទោះជាពេលខ្លះការងារនោះ វាមានភាពងាយស្រួលក្នុងការធ្វើក៏ដោយ ប៉ុន្តែក៏អាចធ្វើឱ្យបុគ្គលិករបស់អ្នកយល់ខុសដែរ។ ដូច្នេះនេះហើយជាការងាររបស់អ្នកដើម្បីធ្វើឱ្យពួកគេយល់ត្រូវវិញ។ កុំទាន់ស្តីបន្ទោសឆាប់រហ័ពេក ទុកឱកាសរៀនសូត្រដល់ពួកគេ ក៏ដូចជាទុកឱកាសឱ្យខ្លួនអ្នកផ្ទាល់ដើម្បីឆក់យកទំនុកចិត្ត និងបេះដូងរបស់ពួកគេដែរ។

៤. ការទុកចិត្ត៖ ដូចមានពាក្យខ្មែរមួយបាននិយាយថា៖ បើមិនទុកចិត្តចូរកុំប្រើ!!! ការជឿទុកចិត្តទៅលើនរណាម្នាក់វាមិនមែនដូចជាកិច្ចសន្យាដែលយើងសរសេរដើម្បីបញ្ជាក់ពីវត្ថុតាំងនៃការធ្វើអ្វីមួយនោះទេ តែវាជាជំនឿមួយដែលមនុស្សទូទៅបានដាក់សេចក្តីទុកចិត្តលើនរណាម្នាក់ដោយឥតសង្ស័យ។ ដូចនេះហើយសេចក្តីទុកចិត្តរវាងអ្នកជាអ្នកដឹកនាំ និងមនុស្សក្រោមបង្គាប់អ្នកត្រូវតែមាន ដើម្បីធ្វើកិច្ចការណាមួយឱ្យសម្រេចបានយ៉ាងរលូន និង ជោគជ័យគួរជាទីគាប់ចិត្ត។ ប៉ុន្តែប្រសិនបើគ្មានសេចក្តីទុកចិត្តក្នុងការធ្វើការងារក្នុងក្រុមទេ អាជីវកម្មរបស់អ្នកនឹងមិនអាចរីកចម្រើនទៅមុខបាននោះទេ ព្រោះថាការមិនទុកចិត្តទៅលើក្រុមការងារ វាជារឿងមួយដែលជាទូទៅនឹងធ្វើឱ្យមានការមិនយល់ចិត្តគ្នាក្នុងការធ្វើការ ក៏ដូចជាមិនសម្រេចគោលដៅផងដែរ។ ទាំងសមត្ថភាពការងារ ទាំងបុគ្គលិកលក្ខណៈរបស់ក្រុមការងារ គឺសុទ្ធតែជាផ្នែកដ៏សំខាន់ក្នុងការរុញច្រានឱ្យការងារមានប្រសិទ្ធភាព ក៏ដូចជាក្រុមហ៊ុនរីកចំរើនផងដែរ។ ដូចនេះដាច់ខាត់អ្នកត្រូវតែមានទំនុកចិត្តទៅលើក្រុមការងាររបស់អ្នក ជាជាងចំណាយពេលសង្ស័យ ធ្វើឱ្យខាត់ពេលឥតប្រយោជន៍។ តែប្រសិនបើអ្នកមានការសង្ស័យឬមិនទុកចិត្តទៅលើនរណាម្នាក់ហើយនោះ គួរកុំទុកគេអី៕

អត្ថបទ៖ ប៊ុនហ៊ាង

ផ្នែកមួយនៃសៀវភៅ៖ ផ្តើមពីសូន្យ

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: