គុណសម្បត្តិ និងគុណវិបត្តិនៃបំណុល

  • 2022-07-14 10:25:02
  • ចំនួនមតិ 0 | ចំនួនទស្សនា 547


មុននឹងសម្រេចចិត្តខ្ចីប្រាក់ដើម្បីធ្វើអ្វីមួយ អ្នកត្រូវចេះឈ្វេងយល់ឱ្យបានច្បាស់ពីផលល្អ និងផលអាក្រកនៃការខ្ចីនោះជាមុនសិន ព្រោះថាវាពិតជាសំខាន់ខ្លាំងណាស់រវាងកម្ចីដែលផ្តល់ផលល្អ និងអាក្រក់។ ប្រសិនបើអ្នកមិនចង់ក្លាយជាកូនបំណុលដែលជំពាក់បំណុលគេគ្រប់ទិសទីនោះទេ អ្នកគួតែឈ្វេងយល់ពីបំណុលណាដែលល្អ និងបំណុលណាដែលមិនល្អជាមុនសិន។ ហើយខាងក្រោមនេះគឺជាវិធីក្នុងការបែងចែកភាពខុសគ្នារវាងបំណុលល្អ និងអាក្រក់៖

បំណុលល្អ វាសំដៅទៅលើការវិនិយោគណាមួយដែលធ្វើឱ្យអ្នកអាចចំណេញប្រាក់ក្នុងរយៈពេលវែងឬខ្លីណាមួយ វាមានន័យថាអ្នកខ្ចីប្រាក់ដើម្បីបង្កើនប្រាក់។ ដែលក្នុងនោះមានដូចជា៖
១. លើការអប់រំ: ការខ្ចីប្រាក់សម្រាប់បន្តការសិក្សាគឺជារឿងមួយដ៏ល្អបំផុត ព្រោះការអប់រំវាគឺជាស្ពានមួយដែលអាចនាំយើងទៅរកភាពរីកចម្រើននាថ្ងៃអនាគតបាន។ មួយវិញទៀតវានឹងធ្វើឱ្យយើងទទួលបាននូវចំណេះដឹងដើម្បីកសាងអាជីពការងារណាមួយដែលយើងអាចរកចំណូលបានតាមរយៈចំណេះដឹងរបស់យើង។
២. លើការរកស៊ី: កម្ចីលើកការពង្រីកការរកស៊ីគឺជាវិធីមួយដែលអាចឱ្យអ្នកទទួលបានប្រាក់ចំណូលរឹតតែខ្ពស់ជាងមុន និងអាចធ្វើឱ្យអាជីវកម្មរបស់អ្នករឹតតែរីកចម្រើនជាងមុន ក៏ដូចជារឹតតែធ្វើឱ្យអាជីវកម្មរបស់អ្នកមានដំណើរការល្អថែមទៀតផង។ ហើយមួយវិញទៀតក៏អាចឱ្យអ្នកមានប្រាក់ដើម្បីបង្វិលសងគេវិញបានផងដែរ។

បំណុលមិនល្អគួរជៀសវាង
គឺជាបំណុលដែលអាចធ្វើអ្នកចំណាយច្រើនទៅលើវត្ថុដែលមិនសូវចាំបាច់ និងមិនអាចទទួលបានផលចំណេញមកវិញដើម្បីបង្វិលសងគេ។ ជាក់ស្តែងដូចជារបស់របរប្រើប្រាស់ដែលមានតម្លៃខ្ពស់ ដែលទិញហើយមានតែខាតគ្មានផលចំណេញ។ ដែលក្នុងនោះមានដូចជា៖
១. ការទិញរថយន្ដទំនើបពេក៖ បើមានប្រាក់ក្នុងដៃស្រាប់ដោយមិនបាច់ខ្ចីគេទិញរថយន្ត នោះវាជារឿងល្អ តែនេះខ្ចីប្រាក់គេយកមកទិញ វាពិតជារឿងមួយដែលខុសឆ្គងបំផុត ព្រោះតម្លៃរថយន្ដនៅកម្ពុជាមានតម្លៃថ្លៃណាស់។ ប្រសិនបើអ្នកទិញរថយន្ដមកគ្រាន់តែសម្រាប់ជិះហ៊ឺហាទេ គួរណាស់កុំខ្ចីប្រាក់គេអី កុំឱ្យបំណុលមកសង្កត់ករ តែបើសម្រាប់ប្រកបរបរអាជីវកម្ម នោះមិនថ្វីទេ ព្រោះវាអាចរកចំណូលឱ្យអ្នកវិញបាន។ អ្នកត្រូវដឹងថា បំណុលទិញឡានវាច្រើនណាស់សម្រាប់អ្នកដែលមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ព្រោះឡានដែលទិញមកហើយ អ្នកត្រូវចំណាយថ្លៃសាំងច្រើនជាងមុន ចូលជាងម្តងៗក៏ចំណាយច្រើន អ៊ីចឹងហើយអ្នកត្រូវគិតឱ្យច្បាស់ត្រង់ចំណុចនេះ ដើម្បីកុំឱ្យមានការស្តាយក្រោយនៅពេលក្រោយ។
២. គ្រឿងអេឡិចត្រូនិច៖ ជាពិសេសនោះគឺទូរស័ព្ទដែលចេញដេញជើងគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានតម្លៃថ្លៃកប់ពពក។ ប្រសិនបើមានប្រាក់គ្រប់គ្រាន់ (ប្រាក់សល់) សម្រាប់ទិញ នោះវាមិនជាបញ្ហាអ្វីនោះទេ តែបើមានចិត្តចង់ទៅខ្ចីបុលគេហើយ គួរណាស់តែគិតឡើងវិញ កុំឱ្យចិត្តចង់បាននេះ មកគ្រប់ដណ្តប់លើខ្លួន ដោយសុខចិត្តដើរទៅខ្ចីលុយគេមកដើម្បីតែរបស់មិនចាំបាច់។ ព្រោះគ្រឿងអេឡិចត្រូនិចទាំងនេះ វាមានសមត្ថភាពមិនលើគ្នាប៉ុន្មាននោះទេរវាងសេរីថ្មី និងសេរីចាស់។ អ៊ីចឹងហើយបើអាចាស់អាចប្រើបានប្រើសិនទៅកុំហក់លោតតាមគេមានលុយ។
៣. គ្រឿងលំអរក្រៅខ្លួន៖ ដូចជាគ្រឿងអង្ការ និងសំលៀកពាក់ថ្លៃៗ ប្រេនៗ ជាដើម បើមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទេគួរណាស់កុំអាលគិតចង់ទិញនូវវត្ថុទាំងនេះ ព្រោះថាវាថ្លៃៗណាស់ ហើយថែមទាំងមិនអាចរកចំណូលឱ្យអ្នកបានទៀត។ អ៊ីចឹងហើយចូរកុំខ្ចីប្រាក់គេដើម្បីទិញវាអី ជាពិសេសនោះគឺយុវវ័យនេះតែម្ដង។ អ្នកអាចអត់ធ្មត់ចាំរហូតដល់មានលទ្ធភាពគ្រប់គ្រាន់ចាំទិញក៏មិនយឺតពេលដែរ។

ជារួមមនុស្សទូទៅតែងតែគិតថាឱ្យតែបំណុលគឺសុទ្ធតែមិនល្អ ដោយមិនបានសិក្សាពីវាឱ្យបានច្បាស់។ តែផ្ទុយទៅវិញបំណុលដែលល្អវាក៏អាចជួយឱ្យយើងកសាងទ្រព្យសម្បត្តិផ្ទាល់ខ្លួនបានដែរ៕

អត្ថបទ៖ ប៊ុនហ៊ាង

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: