៣ ចំណុចដើម្បីប្រើប្រាស់ពេលវេលាឱ្យទៅជាប្រយោជន៍
- 2022-07-13 4:08:54
- ចំនួនមតិ 0 | ចំនួនទស្សនា 522
៣ ចំណុចដើម្បីប្រើប្រាស់ពេលវេលាឱ្យទៅជាប្រយោជន៍
មានមនុស្សជាច្រើនតែងតែសាងនូវកំហុស និងសកម្មភាពដែលមិនអាចធ្វើឱ្យពួកគេសម្រេចបាននូវអ្វីដែលខ្លួនចង់បាន។ ហើយកំហុសទាំងនោះ គឺវាកើតចេញពីការខ្ជះខ្ជាយពេលវេលា ដែលមនុស្សម្នាក់ៗមិនបានចាំអារម្មណ៍ និងសិក្សាពីការប្រើប្រាស់វាឱ្យបានត្រឹមត្រូវ ដែលជាហេតុធ្វើឱ្យយើងម្នាក់ៗបានចំណាយពេលវេលានេះអស់ជាច្រើនទៅលើសកម្មភាពឥតប្រយោជន៍។ ដូច្នេះហើយកុំបណ្តោយឱ្យពេលវេលារបស់អ្នកត្រូវរលត់បាត់ឥតប្រយោជន៍អី។ ហើយខាងក្រោមនេះជាចំណុចខ្លះៗដែលអ្នកគួរយកទៅគិតពិចារណា៖
១. កុំបារម្ភអំពីរឿងដែលមិនអាចគ្រប់គ្រងបាន៖ ជារឿយៗអ្នកខ្ជះខ្ជាយពេលវេលាក្នុងការព្យាយាមផ្លាស់ប្តូរនូវអ្វីដែលអ្នកមិនមានសមត្ថភាពគ្រប់គ្រងបាន ហើយនេះក៏ជាអ្វីដែលអ្នកបានចំណាយពេលច្រើនទៅគិតពីវា ដែលធ្វើឱ្យអ្នកខាតពេលអភិវឌ្ឍន៍ខ្លួនឯង។ អ្នកត្រូវដឹងថារឿងរ៉ាវដែលយើងបានជួបប្រទះទាំងអស់វាមិនមែនសុទ្ធតែយើងអាចដោះស្រាយបានទាំងអស់នោះទេ ពេលខ្លះវាក៏ត្រូវការពេលវេលាមកជួសជុល ឬក៏ជាបញ្ហាអ្វីមួយដែលកើតចេញពីការធ្វេសប្រហែសរបស់យើងដែលបង្កជាលទ្ធផលមួយដែលធ្វើឱ្យយើងពិបាក (ទុកគ្រាន់ជាមេរៀនជីវិត) ហើយទុកឱ្យធម្មជាតិជាអ្នកសម្រេចចុះ។ អ្នកត្រូវដឹងថា មនុស្សជោគជ័យមិនសូវយកចិត្តទុកដាក់ទៅលើអ្វីដែលពួកគេមិនអាចគ្រប់គ្រងបាននោះទេ ព្រោះរឿងនោះវាកន្លងហួសទៅហើយ និងគួរផ្តោតទៅលើអ្វីដែលអាចរីកចម្រើនទៅមុខបាន នោះទើបជារឿងចាំបាច់ដែលយើងត្រូវធ្វើ។
២. បន្តដំណើរទៅមុខរហូត៖ ការរស់នៅក្នុងអតីតកាលវាគឺជាកំហុសមួយដែលធ្វើឱ្យអ្នកជាប់គាំងនៅក្នុងភាពងងឹតសូន្យសុងដែលមិនអាចធ្វើឱ្យអ្នកអាចឈានជើងដើរទៅមុខទៀតបាន។ ហើយនេះគឺជាអ្វីដែលអ្នកត្រូវតែបង្វឹកខ្លួនឯងឱ្យចេញផុតពីរឿងអតីតកាលឥតប្រយោជន៍នេះចោល។ អ្នកមិនគួរនៅសោកស្តាយនូវអ្វីដែលបានធ្វើខុសពីអតីតកាលនោះទេ ព្រោះវាគ្មានប្រយោជន៍។ ហើយអ្វីដែលអ្នកគួរធ្វើនោះគឺគួររៀនពីកំហុសឆ្គងទាំងនោះ ហើយបន្តទៅមុខទៀត។
៣. កុំលេងល្បែងប្រៀបធៀប៖ នៅពេលអ្នកចាប់ផ្តើមប្រៀបធៀបសមិទ្ធផលរបស់អ្នកជាមួយនឹងសមិទ្ធផលរបស់អ្នកដទៃ នោះអ្នកនឹងចាប់ផ្តើមបាត់បង់ទំនុកចិត្តលើខ្លួនឯង នេះគឺជារឿងយ៉ាប់បំផុតដែលអ្នកកំពុងគិតបែបនេះ ដែលជាហេតុធ្វើឱ្យខាតទាំងពេលវេលា ខាតទាំងការគិត។ អ្នកត្រូវដឹងថាមនុស្សខុសគ្នា គោលបំណង និងក្តីស្រមៃក៏ខុសគ្នាដែរ អ៊ីចឹងគួរណាស់អ្នកត្រូវយកពេលទៅគិតលើខ្លួនឯងវិញទើបល្អ។ ប៉ុន្តែអ្នកគួរតែយកការប្រៀបធៀបនេះ ទៅប្រៀបធៀបនឹងសមិទ្ធិផលរបស់អ្នកពីមុន និងពេលឥលូវនេះវិញ ថាវាខុសគ្នាត្រង់ណា? រីកចម្រើនអ្វីខ្លះ? និង ត្រូវកែតម្រូវអ្វីខ្លះ? នេះទើបជាការប្រៀបធៀបមួយដ៏ល្អដែលអ្នកគួរឈ្វេងយល់ និងសិក្សាឱ្យខ្លាំងទៅលើខ្លួនឯង។
អត្ថបទ៖ ប៊ុនហ៊ាង
ផ្នែកមួយនៃសៀវភៅ៖ ផ្តើមពីសូន្យ
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: