៤វិធីនេះសម្រាប់អ្នកដែលមិនដឹងពីគោលដៅជីវិត
- 2022-07-12 10:04:50
- ចំនួនមតិ 0 | ចំនួនទស្សនា 753
៤វិធីនេះសម្រាប់អ្នកដែលមិនដឹងពីគោលដៅជីវិត
មិនថាអ្នកជានរណា ហើយកំពុងធ្វើអ្វីនោះទេ? នៅពេលដែលអ្នកមិនដឹងអំពីគោលដៅជីវិតរបស់អ្នក ច្បាស់ណាស់គឺអ្នករស់នៅប្រៀបដូចជាជិះទូកនៅក្នុងមហាសមុទ្រដែលមើលមិនឃើញកោះត្រើយអ៊ីចឹង។ ដូចនេះ Business Record សូមនាំអារម្មណ៍មិត្តអ្នកអានឱ្យមកឈ្វេងយល់ពីចំណុចសំខាន់ៗទាំង៤ របស់លោក Jack Ma ដែលអាចដឹកនាំជីវិតរបស់អ្នកឱ្យស្គាល់អ្វីទៅជាគោលដៅ៖
១. មិនដឹងពីអនាគតខ្លួនឯង៖ ពេលខ្ញុំអាយុ៤០ឆ្នាំ ទើបខ្ញុំដឹងថាខ្លួនឯងចង់ក្លាយទៅជាអ្វីពិតប្រាកដ ខ្ញុំមិនដែលគិតថាខ្ញុំអាចក្លាយទៅជាអ្នកជំនួញ ហើយក៏មិនដែលគិតថាខ្ញុំអាចក្លាយទៅជាគ្រូបង្រៀនដែរ បើនិយាយជារួមទៅរឿងទាំងអស់នេះ ខ្ញុំមិនដែលស្រមៃនឹកឃើញទាល់តែសោះ។ ប៉ុន្តែអ្វីដែលខ្ញុំចង់ធ្វើ និងជាក្តីស្រមៃរបស់ខ្ញុំ ខ្ញុំចង់ធ្វើជាប៉ូលីស និងចង់ធ្វើជាអ្នករត់តុនៅ KFC តែសំណាងអាក្រក់ខ្ញុំមិនបានជាប់។ អ្នកត្រូវដឹងថាពេលខ្លះក្តីស្រមៃទាំងអស់ ដែលអ្នកតែងតែគិតពីវា និងខិតខំដើម្បីវា វាក៏នៅតែគ្មានលទ្ធផលដដែល។ ដូចនេះមិនត្រូវដើរថយក្រោយ ដោយសារតែវាមិនបានផលនោះទេ ធ្វើហើយធ្វើទៀតរហូតដល់អ្នកទទួលបានផលនោះ។
២. មិនចាំបាច់ធ្វើរឿងដែលអស្ចារ្យបំផុតនោះទេ៖ កុំទាន់ព្យាយាមធ្វើរឿងដែលអស្ចារ្យបំផុត តែសូមចាប់ផ្តើមធ្វើវាសិន (Don’t try to be the best, but to be the first) ធ្វើជាមនុស្សដំបូងដែលផ្លាស់ប្តូរ, ធ្វើជាមនុស្សដំបូងដែលប្រកួតប្រជែង និងធ្វើជាមនុស្សដំបូងដែលពុះពាយកឈ្នះនឹងបញ្ហាធំៗទាំងនោះ។ ពីព្រោះដើម្បីក្លាយជាមនុស្សជោគជ័យបាន អ្នកត្រូវតែខ្លាំង សម្រាប់ខ្ញុំ ខ្ញុំមិនគិតថាខ្ញុំមានសំណាងល្អគ្រប់គ្រាន់ដើម្បីក្លាយជាអ្នកខ្លាំងនោះទេ ប៉ុន្តែខ្ញុំតែងតែព្យាយាមរកអ្វីដែលថ្មី និងមិនដែលចង់បោះបង់នូវការជឿជាក់របស់ខ្ញុំឡើយ ព្រោះខ្ញុំខុសពីគេ ហើយមនុស្សទាំងអស់សុទ្ធតែខុសៗគ្នា ធ្វើអ្វីដែលខ្លួនអាចធ្វើបាន។
៣. សម័យនេះគឺពោរពេញទៅដោយឱកាស៖ ពិភពលោកនេះគឺពោរពេញទៅដោយការប្រកួតប្រជែង និងឱកាស។ ២,០០០ឆ្នាំមុនពិភពលោកពោរពេញទៅដោយការប្រកួតប្រជែង និងឱកាស ហើយ ២,០០០ឆ្នាំក្រោយ ពិភពលោកក៏នៅតែពោរពេញទៅដោយការប្រកួតប្រជែង និងឱកាសដដែល។ អ្វីដែលសំខាន់ថាតើអ្នកមើលឃើញពិភពលោកនេះយ៉ាងម៉េច។ អ្នកខ្លះមើលឃើញការប្រកួតប្រជែងជាឱកាស ប៉ុន្តែក្មេងៗជំនាន់ក្រោយតែងតែនិយាយថាគ្មានឱកាស ប៉ុន្តែខ្ញុំគិតថារាល់ឱកាសទាំងអស់ សុទ្ធតែលាក់ខ្លួននៅក្នុងការប្រកួតប្រជែង និងសុទ្ធតែលាក់ខ្លួននៅក្នុងការត្អូញត្អែររបស់មនុស្ស។ បើអ្នកហ៊ានប្រឈមនឹងការប្រកួតប្រជែង នោះអ្នកនឹងជោគជ័យ បញ្ហារឹតតែធំឱកាសរបស់អ្នករឹតតែច្រើន។
៤. ត្រូវតែមានសុខភាពល្អ៖ ខ្ញុំគិតថាជីវិតវាដូចជាដំណើរផ្សងព្រេងមួយចឹង ហើយអ្នកកើតនៅលើផែនដីនេះ អ្នកត្រូវតែសប្បាយចិត្ត និងមានសុខភាពល្អផងដែរ។ ថ្ងៃចុងក្រោយដែលអ្នកនឹងចាកចេញពីផែនដីនេះ អ្នកត្រូវនិយាយថា ខ្ញុំពិតជាសប្បាយចិត្តនឹងជីវិតមួយនេះណាស់ ខ្ញុំពិតជាមានសុខភាពល្អណាស់។ ពីព្រោះបើអ្នកសុខភាពមិនល្អ នោះអ្នកក៏មិនសប្បាយជាមួយនឹងជីវិតមួយនេះដែរ ខ្ញុំជឿថាសេចក្តីសប្បាយរីករាយ និងសុខភាពល្អ វាគឺជាអ្វីដែលមនុស្សគ្រប់គ្នាចង់បាន៕
អត្ថបទ៖ ប៊ុនហ៊ាង
ផ្នែកមួយនៃសៀវភៅ៖ ផ្នត់គំនិតមេដឹកនាំ
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: