៤ វិធីដែលអាចជួយឱ្យអ្នកសម្រេចចិត្តបានត្រឹមត្រូវ
- 2022-07-08 2:46:57
- ចំនួនមតិ 0 | ចំនួនទស្សនា 735
៤ វិធីដែលអាចជួយឱ្យអ្នកសម្រេចចិត្តបានត្រឹមត្រូវ
មនុស្សភាគច្រើនចូលចិត្តគិតពីបញ្ហាច្រើនជាងដំណោះស្រាយ អ៊ីចឹងហើយទើបជីវិតរបស់ពួកគេស្ទើរតែគ្រប់ដង្ហើមចេញចូលគឺមានតែបញ្ហា។ ហើយនៅពេលដែលពួកគេធ្វើការសម្រេចចិត្តឬចង់ធ្វើអ្វីមួយ ពួកគេតែងតែមិនអាចធ្វើបានដោយរលូនឡើយ គឺតែងតែប្រយុទ្ធប្រឆាំងនឹងខ្លួនឯងជានិច្ច។ ខួរក្បាលរបស់ពួកគេម្តងប្រាប់ពួកគេឱ្យធ្វើហើយម្តងទៀតក៏ប្រាប់ថាកុំឱ្យធ្វើ។ ដូច្នេះហើយប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនេះ ចូរអាននូវវិធីទាំង៤ខាងក្រោមនេះដើម្បីជួយឱ្យអ្នកធ្វើការសម្រេចចិត្តបានល្អជាងមុន៖
១. សរសេរពីគុណវិបត្តិ និងគុណសម្បត្ត៖ ដើម្បីឱ្យការសម្រេចចិត្តរបស់អ្នកកាន់តែល្អ អ្នកត្រូវតែសរសរពីគុណសម្បត្តិ និង គុណវិបត្តិនៃការសម្រេចចិត្តនោះ ដើម្បីយកវាមកវិភាគថាតើវាល្អឬអាក្រក់ ឬម្យា៉ងវិញទៀតអ្នកក៏អាចយកការសម្រេចចិត្តនោះទៅពិភាក្សាជាមួយនរណាម្នាក់ដែលអ្នកទុកចិត្តលើការគិតរបស់ពួកគេ។ ព្រោះការពិភាក្សាជាមួយអ្នកដទៃ វានឹងធ្វើឱ្យបន្ទុកលើស្មាររបស់អ្នកបានធូរស្រាលខ្លះ ហើយក៏ដើម្បីជាគំនិតខ្លះៗសម្រាប់ឱ្យអ្នកយកទៅគិតពិចារណា ដែលវាអាចជួយឱ្យអ្នកសម្រេចចិត្តបានត្រឹមត្រូវជាងមុន។
២. ពិចារណាពីជម្រើស៖ អ្នកត្រូវតែយល់ដឹងពីជម្រើសផ្សេងៗ ដែលនៅពីមុខការសម្រេចចិត្តរបស់អ្នក។ ហើយអ្នកក៏ត្រូវតែដឹងដែរថា អ្នកកំពុងតែឈរនៅកន្លែងណា ហើយមានងារជាអ្វី (ស្គាល់ពីសមត្ថភាព និងលទ្ធភាពរបស់ខ្លួន)។ ត្រូវគិតពិចារណាឱ្យបានច្បាស់អំពីជម្រើសរបស់អ្នកដែលអ្នកចង់ជ្រើសរើស កុំសូម្បីតែជម្រើសនោះជារឿងតូចៗក៏ដោយ ព្រោះវានឹងបណ្តុះទម្លាប់របស់អ្នកឱ្យចេះគិតពិចារណារាល់ការសម្រេចចិត្តរបស់អ្នកនៅពេលក្រោយៗ។
៣. កំណត់ថ្ងៃផុតកំណត់៖ កាលណាអ្នកពន្យាពេលក្នុងការសម្រេចចិត្តកាន់តែច្រើនដង នោះភាពតានតឹងរបស់អ្នកក៏កាន់តែកើនឡើងទៅតាមនឹងដែរ។ មកដល់កន្លែងនេះ អ្នកត្រូវចាំថា នៅពេលដែលអ្នកសម្រេចចិត្តចង់ធ្វើអ្វីមួយដែលអ្នកគិតថាវាពិបាក នោះអ្នកនឹងពន្យាពេលនៃការសម្រេចចិត្តនោះ ដែលជាហេតុធ្វើឱ្យអ្នកនៅតែមិនអាចសម្រេចចិត្តបានដដែល ដូច្នេះហើយអ្នកត្រូវតែដាក់កាលកំណត់នៃការសម្រេចចិត្តរបស់អ្នក។
៤. ធ្វើអ្វីដែលត្រូវ កុំតាមអារម្មណ៍៖ មានមនុស្សជាច្រើន ពិបាកធ្វើការសម្រេចចិត្តពីព្រោះតែពួកគេចូលចិត្តធ្វើតាមអារម្មណ៍របស់ខ្លួនច្រើនជាងដក់ឃ្លាដើម្បីគិតពិចារណា។ ការយកអារម្មណ៍មកសម្រេចចិត្ តវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះថាអារម្មណ៍របស់មនុស្សតែងតែវិលវល់ជានិច្ច។ ដូច្នេះហើយដើម្បីសម្រេចចិត្តឱ្យបានល្អ អ្នកត្រូវជៀសវៀងក្នុងការសម្រេចចិត្តនៅពេលដែលអារម្មណ៍របស់អ្នកកំពុងតែពុះកញ្ជ្រោល៕
អត្ថបទ៖ ប៊ុនហ៊ាង
ផ្នែកមួយនៃសៀវភៅ៖ ផ្តើមពីសូន្យ
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: