៤វិធីដែលអាចជួយអ្នកឱ្យផ្តោតលើគោលដៅច្រើនជាងការបោះបង់

  • 2022-07-02 3:52:16
  • ចំនួនមតិ 0 | ចំនួនទស្សនា 638


នៅពេលដែលអ្នកកំពុងស្ថិតក្នុងស្ថានភាពប្រកួតប្រជែងក្នុងជីវិត អ្នកតែងតែរំពឹងថាខ្លួននឹងខិតខំយកឈ្នះឱ្យអស់ពីសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ប៉ុន្តែពេលខ្លះអ្នកក៏អាចមានអារម្មណ៍បាក់ទឹកចិត្ត មានអារម្មណ៍ថាចង់បាននរណាម្នាក់ គ្រាន់ជាអ្នកផ្តល់កម្លាំងចិត្តឬក៏អាចចង់បោះបង់ចោលនូវអ្វីដែលខ្លួនកំពុងធ្វើថែមទៀតផង។ ហើយខាងក្រោមនេះគឺជា៤ចំណុចដែលធ្វើឱ្យអ្នកអាចបណ្តុះស្មារតីរឹងមាំបាន៖

១. មានទំនុកចិត្ត៖ ទំនុកចិត្តគឺជាកូនសោដ៏សំខាន់បំផុត ដើម្បីពុះពារជំនះរាល់ឧបសគ្គដែលមានរាប់មិនអស់ ដែលវានៅឈរចាំអ្នកនៅតាមផ្លូវទៅរកគោលដៅរបស់អ្នក។ នៅពេលដែលអ្នកមានទំនុកចិត្តខ្ពស់ នោះវានឹងជួយអ្នកឱ្យមានជំនឿលើខ្លួនឯងរឹតតែខ្លាំងទៅលើអ្វីដែលអ្នកកំពុងធ្វើ ​និងរឹតតែធ្វើឱ្យអ្នកសម្រេចបាននូវជោគជ័យជាមួយនឹងសក្តានុពលដែលចេញពីខ្លួនរបស់អ្នក។

២. ការលើកទឹកចិត្ត៖ នៅពេលដែលអ្នកចាប់ផ្តើមធ្វើការងារអ្វីមួយ ដំបូងដៃការជម្រុញទឹកចិត្តដល់ខ្លួនឯង (Self-Motivation) របស់អ្នកនឹងខ្ពស់ ប៉ុន្តែវានឹងចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗ នៅពេលដែលអ្នកចាប់ផ្តើមជួបនឹងឧបសគ្គ។ ដូច្នេះបើទោះបីជាយ៉ាងនេះក៏ដោយ អ្នកត្រូវតែផ្តោតឱ្យខ្លាំងទៅលើការជម្រុញលើកទឹកចិត្តខ្លួនឯងជានិច្ច ដែលនេះវានឹងធ្វើឱ្យអ្នកចាប់ផ្តើមទទួលបានផលបន្តិចម្តងៗវិញជាក់ជាមិនខាន។ ហើយនៅពេលដែលអ្នកគិតថាចង់បោះបង់ អ្នកត្រូវគិតពីលទ្ធផលចុងក្រោយនៃគោលដៅរបស់អ្នកឡើងវិញ ព្រោះថាលទ្ធផលចុងក្រោយនៃគោលដៅរបស់អ្នកនឹងជួយជម្រុញទឹកចិត្តរបស់អ្នកឱ្យរឹតតែខ្លាំង។

៣. រក្សានូវការប្តេជ្ញាចិត្ត៖ នៅពេលដែលអ្នកចង់សម្រេចគោលដៅរបស់អ្នក អ្នកត្រូវតែមានការប្តេជ្ញាចិត្តខ្ពស់។ អ្នកមិនអាចគ្រាន់តែរៀបចំផែនការហើយ ក៏ដើរចោលឬបួងសួងឱ្យវាជោគជ័យនោះទេ តែអ្នកត្រូវតែស្ថិតនៅក្នុងផែនការនោះផងដែរ ដូចនេះអ្នកត្រូវតែខំ!…ខំហើយខំទៀត ខំដើម្បីសម្រេចការងារទាំងនោះឱ្យបាន ហើយនេះគឺជាដំណើរទៅរកគោលដៅរបស់អ្នកហើយ។

៤. ជឿជាក់លើខ្លួនឯង៖ អ្នកត្រូវតែមានចក្ខុវិស័យឱ្យខ្ពស់ហើយរឹងមាំ ដើម្បីធ្វើឱ្យដំណើរការនៃសកម្មភាពរបស់អ្នក ត្រូវនឹងអ្វីដែលអ្នកចង់បាន។ អ្នកត្រូវតែឈ្វេងយល់នឹងសិក្សាឱ្យរឹតតែខ្លាំង និងរឹតតែច្បាស់ដើម្បីឱ្យការងារទាំងនោះ វាទៅដោយរលូនបាន៕

អត្ថបទ៖ បូ ទីន

——————————————–

ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: