៤គន្លឹះសម្រាប់ CEO ក្នុងការបង្កើនទំនុកចិត្តដល់ក្រុមការងារ

  • 2022-07-01 7:26:33
  • ចំនួនមតិ 0 | ចំនួនទស្សនា 444


វាគ្មានអ្វីជាអាថ៌កំបាំងទេ ក្នុងការកសាងខ្លួនឱ្យក្លាយជា CEO ដ៏ល្អម្នាក់ដែលប្រកបទៅដោយភាពជាអ្នកដឹកនាំ ប៉ុន្តែវាក៏មិនស្រួលនោះដែរក្នុងការធ្វើខ្លួនឱ្យមានភាពជាអ្នកដឹកនាំពិតប្រាកដ ហើយខាងក្រោមនេះគឺជាតម្រុយខ្លះៗសម្រាប់មិត្តអ្នកអាន ទុកជាចំណេះដឹងតិចតួចក្នុងការក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យមួយរូប។

១. បង្កើតទំនាក់ទំនងឱ្យកាន់តែស្និទ្ធស្នាល
មាន CEO ជាច្រើនផ្តោតការយកចិត្តទុកដាក់ច្រើនតែទៅលើដំណើរការអាជីវកម្មរបស់ខ្លួន ដែលជារឿយៗធ្វើឱ្យពួកគេមិនសូវមានពេលដើម្បីបង្កើនភាពស្និទស្នាលជាមួយបុគ្គលិករបស់ខ្លួន។ ជាទូទៅការបង្កើតទំនាក់ទំនងជាមួយបុគ្គលិក គឺត្រូវការឱ្យអ្នកបង្កើតភាពស្និទ្ធស្នាលជាមួយពួកគេផ្ទាល់ជាជាងប្រើប្រាស់ អ៊ីម៉ែលឬប្រព័ន្ធសង្គមផ្សេងៗ។ ធ្វើបែបនេះនឹងជួយឱ្យអ្នកធ្វើឱ្យក្រុមការងាររបស់អ្នករឹតតែមានទំនុកចិត្ត និងខិតខំធ្វើការច្រើនជាងមុន។

២. រក្សាពាក្យសន្យា
រាល់ការសន្យារបស់អ្នកគឺជាតម្លៃនៃភាពជាអ្នកដឹកនាំរបស់អ្នក ប្រសិនបើអ្នកសន្យាអ្វីមួយដល់បុគ្គលិករបស់អ្នក ដាច់ខាត់អ្នកត្រូវតែធ្វើឱ្យបាន មិនថាជារឿងតិចតួចក៏ដោយ ព្រោះវាជាការរក្សាកេរ្តិ៍ឈ្មោះរបស់អ្នក ក៏ដូចជាក្នុងនាមអ្នកជាមេដឹកនាំដ៏ល្អផងដែរ។ ក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកត្រូវមានភាពច្បាស់លាស់នូវអ្វីដែលអ្នកនិយាយ នោះហើយជាតម្លៃរបស់អ្នក។

៣. ច្បាស់លាស់ក្នុងការរំពឹងទុកលើលទ្ធផល
ពេលបុគ្គលិកជួបការបរាជ័យ ដោយសារតែពួកគេមិនទាន់យល់ច្បាស់ពីគោលការណ៍ និងមិនច្បាស់ពីអ្វីដែលជាការរំពឹងទុករបស់ក្រុមហ៊ុន ក្នុងនាមជាអ្នកដឹកនាំ វាពិតជាសំខាន់ណាស់ក្នុងការផ្តល់ចំណេះដឹងទាំងផ្នែកមុខជំនាញរបស់ពួកគេ ក៏ដូចជាគោលដៅនៃការរំពឹងទុករបស់ក្រុមហ៊ុនផងដែរ។ ដូចនេះហើយនេះជាការងាររបស់អ្នកដើម្បីធ្វើឱ្យពួកគេយល់ត្រូវវិញ។ នៅពេលមានបញ្ហាកុំទាន់ស្តីបន្ទោសឆាប់រហ័ពេក ទុកឱកាសរៀនសូត្រដល់ពួកគេក៏ដូចជាទុកឱកាសឱ្យខ្លួនអ្នកផ្ទាល់ដើម្បីឆក់យកទំនុកចិត្ត និងបេះដូងរបស់ពួកគេផងដែរ។

៤. ការទុកចិត្តទៅលើបុគ្គលិករបស់អ្នក
ដូចពាក្យខ្មែរមួយបាននិយាយថា៖ បើមិនទុកចិត្តកុំប្រើ!!! ការជឿទុកចិត្តមិនមែនជាកិច្ចសន្យាអីទេ ប៉ុន្តែបើគ្មានវាអាជីវកម្មរបស់អ្នកនឹងមិនអាចរីកចម្រើនទៅមុខបានឡើយ ព្រោះថាការមិនទុកចិត្តទៅលើក្រុមការងារ វាជារឿងមួយដែលជាទូទៅនឹងធ្វើឱ្យមានការមិនយល់ចិត្តគ្នាក្នុងការធ្វើការ ក៏ដូចជាមិនសម្រេចគោលដៅផងដែរ។ ទាំងសមត្ថភាពការងារ ទាំងបុគ្គលិកលក្ខណៈរបស់ក្រុមការងារគឺសុទ្ធតែជាផ្នែកដ៏សំខាន់ក្នុងការរុញច្រានឱ្យការងារមានប្រសិទ្ធភាព ក៏ដូចជាក្រុមហ៊ុនរីកចម្រើនផងដែរ។ ដូចនេះដាច់ខាត់អ្នកត្រូវតែមានទំនុកចិត្តទៅលើក្រុមការងាររបស់អ្នក ជាជាងចំណាយពេលសង្ស័យធ្វើឱ្យខាត់ពេលឥតប្រយោជន៍។ ដូចនេះប្រសិនបើអ្នកមានការសង្ស័យឬមិនទុកចិត្តទៅលើនរណាម្នាក់ហើយនោះ គួរកុំទុកគេអី។

អត្ថបទ៖ ស្មិត

——————————————–

ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: