ការប្រើប្រាស់ហិរញ្ញវត្ថុផ្ទាល់ខ្លួនដើម្បីបង្កើតចំណូលឱ្យបានច្រើនច្រក
- 2022-06-30 8:56:12
- ចំនួនមតិ 0 | ចំនួនទស្សនា 404
ការប្រើប្រាស់ហិរញ្ញវត្ថុផ្ទាល់ខ្លួនដើម្បីបង្កើតចំណូលឱ្យបានច្រើនច្រក
បច្ចុប្បន្នមានអ្នករកស៊ីជាច្រើនតែងតែជួបប្រទះនឹងបញ្ហាក្នុងការគ្រប់គ្រង និងការប្រើប្រាស់ហិរញ្ញវត្ថុនៃការរកស៊ីរបស់ខ្លួន។ បើយើងនិយាយជារួម ការគ្រប់គ្រង និងការប្រើប្រាស់ហិរញ្ញវត្ថុវាមានច្រើនរបៀបដើម្បីយកទៅប្រើប្រាស់ ប៉ុន្តែបញ្ហាចំបងនោះគឺ ថាតើរបៀបនៃការគ្រប់គ្រង់ហិរញ្ញវត្ថុមួយណាដែលត្រូវនឹងមុខជំនួញរបស់យើង? ហើយខាងក្រោមនេះ ជាចំណុចខ្លះៗដើម្បីឱ្យបងប្អូនចេះរៀបចំហិរញ្ញវត្ថុរបស់បងប្អូន៖
ចរន្តលំហូរសាច់ប្រាក់នៃចំណូល៖ ក្នុងនោះដើម្បីបង្កើតចរន្តនៃលំហូរសាច់ប្រាក់ យើងត្រូវដឹងជាមុននូវប្រភេទនៃចរន្តសាច់ប្រាក់នោះសិន។ ហើយក្នុងនោះមានពីរប្រភេទដែលផ្ដោតទៅលើសាច់ប្រាក់ថេរ និងសាច់ប្រាក់អថេរ។ សាច់ប្រាក់ថេរ គឺសំដៅទៅលើប្រាក់ខែ ឬប្រាក់ចំណូលទាំងឡាយណាដែលអ្នកទទួលបានចំនួនថេរប្រចាំថ្ងៃ ប្រចាំខែ ឬប្រចាំឆ្នាំដោយគ្មានការប្រែប្រួល (បើប្រែប្រួលក៏ក្នុងរង្វង់តិចតួចដែរ)។ សាច់ប្រាក់អថេរ គឺសំដៅទៅលើប្រាក់ទាំងឡាយណាដែលយើងទទួលបាន ពីចំណូលនៃការធ្វើការងារក្រៅម៉ោង ឬការងារទទួលគម្រោងខ្លីណាមួយ។ ហើយនេះវាជាចរន្តលំហូរសាច់ប្រាក់នៃចំណូលដែលយើងអាចយកទាំងចំណូលថេរ និងចំណូលអថេរបូកចូលគ្នា ដើំម្បីដឹងពីចរន្តសាច់ប្រាក់ដែលទទួលបានសម្រាប់ប្រចាំខែ និងប្រចាំឆ្នាំ ដើម្បីបង្កើតបានទៅជាចរន្តសាច់ប្រាក់ថ្មីមួយទៀត ដែលអាចយកទៅបង្កើតចំណូលបានមួយច្រកថែមទៀត។
ពិនិត្យមើលលើការបែងចែកសាច់ប្រាក់ និងបង្កើតចំណូលថ្មី៖ ដើម្បីធ្វើការបែងចែកសាច់ប្រាក់ឱ្យបានត្រឹមត្រូវ ដំបូងដៃយើងត្រូវមើលទៅលើការចំណាយទូទៅរបស់យើងជាមុនសិន ដែលក្នុងនោះមានចំណាយលើការចាយវាយប្រចំាថ្ងៃ (ម្ហូបអាហារ, ចំណីផ្សេងៗ) ការចាយវាយលើការបង់រំលោះ (បើមាន) ការចាយលើសម្ភារៈម្តងម្កាល (សម្ភារៈនិយម, ការចំបាច់នានា)។ យកចំណាយទាំងអស់នេះមកសរុបចូលគ្នាសម្រាប់ផ្ទាងផ្ទាត់ប្រចាំខែ ដើម្បីដឹងឱ្យច្បាស់ពីការចំណាយនោះ ហើយដកជាមួយចំណូលដែលកើតចេញពីចំណូលថេរ និងចំណូលអថេរដើម្បីដឹងពីប្រាក់ចំណូលដែលនៅសល់។ ហើយនៅពេលដែលយើងដឹងពីចំណូលរបស់យើងច្បាស់ហើយ នោះយើងនឹងដឹងពីប្រាក់ដែលយើងត្រូវយកទៅបង្កើតចំណូលថ្មីបានហើយ។ ហើយប្រាក់ដែលត្រូវបង្កើតសាច់ប្រាក់ថ្មីនោះគឺយកទៅបង្កើតចំណូលមួយផ្សេងទៀត ដូចជាការយកប្រាក់ទាំងអស់នោះទៅបង្កើតអាជីវកម្មខ្នាតតូច យកទៅលេងតុងទីន ឬយកទៅចងការដើម្បីយកការប្រាក់ជាដើម។ ប៉ុន្តែយើងក៏ត្រូវតែសិក្សាពីរបៀបនៃការបង្កើតសាច់ប្រាក់ថ្មីនោះដែរ ថាតើវាមានសុវត្តិភាពឬក៏អត់? ដើម្បីប្រាកដថាវាមានសុវត្តិភាពល្អដែលមិនត្រូវខាត់បង់។
ហើយក្នុងការបង្កើតចរន្តសាច់ប្រាក់ថ្មីនេះក៏យើងត្រូវមើលឱ្យជាក់លាក់ពីចរន្តសាច់ប្រាក់ចាស់របស់យើងដែរ ថាតើចំណូលនៃប្រាក់ដែលបានមកពីសាច់ប្រាក់ចាស់ គ្រប់នឹងការចំណាយទៅលើការបង្កើតសាច់ប្រាក់ថ្មីនេះឬក៏អត់។ ប្រសិនជាប្រាក់ចាស់ដែលយើងបានប្រមូលមកមិនគ្រប់តម្រូវការនៃការចំណាយទៅលើការបង្កើតសាច់ប្រាក់ថ្មីទេ បងប្អូនគួរណាស់ត្រូវពិនិត្យមើលទៅលើចំណូលប្រាក់ចាស់នោះម្តងទៀត ក៏ដូចជាគិតទៅលើវិធីបង្កើតចំណូលថ្មីនោះម្តងទៀតផងដែរ ដើម្បីច្បាស់ថាវាអាចឆ្លើយឆ្លងគ្នាបាន៕
អត្ថបទ៖ ប៊ុនហ៊ាង
ផ្នែកមួយនៃសៀវភៅ៖ ផ្តើមពីសូន្យ
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: