៤ចំណុចដែលអាចជួយអ្នកឱ្យចាក់ចេញពីភាពតានតឹងនៃការងារ
- 2022-06-27 9:10:35
- ចំនួនមតិ 0 | ចំនួនទស្សនា 652
៤ចំណុចដែលអាចជួយអ្នកឱ្យចាក់ចេញពីភាពតានតឹងនៃការងារ
មិនថាអ្នកប្រកបការងារអ្វីក៏ដោយ វាសុទ្ធតែអាចធ្វើឱ្យអ្នកមានភាពតានតឹងបានគ្រប់ពេល។ ដូចនេះថាតើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលអ្នកមានភាពតានតឹង ហើយមិនមានពេលសម្រាកនោះ? ពេលនោះទាំងការងារ ទាំងសុខភាពរបស់អ្នកនឹងចុះខ្សោយ ដែលជាហេតុធ្វើឱ្យលទ្ធផលការងាររបស់អ្នកមិនសូវបានល្អ។ ហើយខាងក្រោមនេះគឺជាគន្លឹះទាំង៤ដែលអាចជួយអ្នកឱ្យចាកចេញពីភាពតានតឹងនៃការងារ៖
១. រក្សាសុខភាព៖ ការធ្វើលំហាត់ប្រាណ និងការបរិភោគអាហារដើម្បីសុខភាពឱ្យបានទៀងទាត់អាចជួយឱ្យអ្នកបង្កើនសមត្ថភាពនៃការគ្រប់គ្រងភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព។ ហើយអ្នកគួរតែជៀសវាងនូវប្រភេទអាហារទាំងឡាយណាដែលមិនបានផ្តល់ផលល្អឱ្យអ្នក។ ការងាកមកទទួលទានបន្លែ និងផ្លែឈើគឺជាជម្រើសដ៏ល្អមួយ ព្រោះថាបន្លែផ្លែឈើ សម្បូរទៅដោយសារធាតុចិញ្ចឹមដែលអាចទប់ទល់នឹងភាពតានតឹងបាន ដោយបង្កើននូវប្រព័ន្ធភាពស៊ាំរបស់រាងកាយ និងបំពេញបន្ថែមនូវសារធាតុប្រឆាំងអុកស៊ីតកម្មក្មុងរាងកាយថែមទៀតផង។
២. សម្រាក់ពេញមួយថ្ងៃ៖ ចំពោះបុគ្គលដែលកំពុងបម្រើការងារពេញម៉ោង គួរណាស់តែសម្រាក់ឱ្យបានពេញមួយថ្ងៃ បើសិនមានសម្ពាធខ្លាំងនឹងការងារ។ តាមការសិក្សាមួយបានបង្ហាញថាការសម្រាក់តាមការកំណត់ណាមួយពេញមួយថ្ងៃ វានឹងអាចនាំឱ្យមានប្រសិទ្ធភាពការងារកាន់តែខ្ពស់ និងកាត់បន្ថយភាពនឿយហត់ផ្នែកផ្លូវអារម្មណ៍បានកាន់តែប្រសើរ។
៣. ការរៀបចំពេលវេលាឱ្យបានច្បាសលាស់៖ ដំបូងអ្នកត្រូវរៀបចំពេលវេលារបស់អ្នកជាមុនសិន មុនពេលដែលអ្នកចាប់ផ្តើមការងាររបស់អ្នកដែលអ្នកអាចចំណាយពេលប្រហែលជា១០ ទៅ២០នាទី។ អ្នកអាចធ្វើបញ្ជីមួយដែលរាយការងាររបស់អ្នកដែលត្រូវធ្វើពេញមួយថ្ងៃ ហើយរៀបលំដាប់នៃទំហំការងារ និងសកម្មភាពមួយចំនួនទៀតដែលអ្នកនឹងចំណាយពេលជាមួយក្រុមគ្រួសាររបស់អ្នក។ មិនថាមានសកម្មភាពអ្វីក៏ដោយ អ្នកត្រូវប្រាកដថាអ្នកបានកត់ចូលក្នុងបញ្ជីសកម្មភាពរបស់អ្នកទាំងអស់។
៤. កិច្ចការសម្រាប់ថ្ងៃស្អែក៖ ចំណាយពេលប្រហែល ១០ ទៅ ២០នាទី បន្ទាប់ពីចប់ការងារ បន្ទាប់មកសូមអ្នកសរសេរនូវអ្វីដែលជាផែនការរបស់អ្នកនៅថ្ងៃបន្ទាប់ដើម្បីជៀសវាងកុំឱ្យមានភាពស្មុគស្មាញ។ ហើយសកម្មភាពទាំងនេះនឹងធ្វើឱ្យអ្នកជៀសផុតពីភាពតានតឹងនៃការរៀបចំការងាររបស់អ្នកផងដែរ៕
អត្ថបទ៖ វិសាល
——————————————–
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: