៣ចំណុចដែលបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់អ្នកដឹកនាំ

  • 2022-06-26 10:39:52
  • ចំនួនមតិ 0 | ចំនួនទស្សនា 450


មានអត្ថបទជាច្រើនដែលបានសរសេររៀបរាប់អំពីភាពជាអ្នកដឹកនាំ និងបាននិយាយរឿងរ៉ាវជាច្រើនដែលទាក់ទង់ទៅនឹងភាពជាអ្នកដឹកនាំ។ បើយើងស្តាប់ទៅ វាហាក់ដូចជាងាយស្រួលក្នុង​ការរុករកវីធីដើម្បីដឹកនាំខ្លួនឱ្យក្លាយជាអ្នកដឹកនាំ ប៉ុន្តែវាមិនដូចនូវអ្វីដែលអ្នកកំពុងគិតនោះទេ ព្រោះវាជារឿងដ៏សែនពិបាកបំផុតក្នុងការអនុវត្ត។ ដូចនេះទើបក្រុមការងាររបស់ Business Record បានខិតខំស្វែងរកនូវអ្វីដែលថ្មីសម្រាប់មិត្តអ្នកអានដើម្បីឈ្វេងយល់បន្ថែមនូវគន្លឹះថ្មីៗ៖

បើកចិត្តស្តាប់អ្នកដទៃ៖ ដើម្បីយល់ឱ្យកាន់តែច្បាស់ពីតម្រូវការ និងការចង់បាននៅក្នុងក្រុមហ៊ុន អ្នកត្រូវតែក្លាយជាមនុស្សម្នាក់ដែលពូកែស្ដាប់។ ដូចនេះអ្នកត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតទៅលើមនុស្សដែលកំពុងធ្វើការជាមួយអ្នក។ ជំនាញ និងសមត្ថភាពរបស់ពួកគេពិតជាមានតម្លៃខ្លាំងណាស់ដើម្បីធ្វើឱ្យក្រុមហ៊ុនដំណើរការទៅមុខបានល្អ។ ដូចនេះអ្នកចាំបាច់ត្រូវដឹងពីរបៀបធ្វើឱ្យពួកគេមានកម្លាំងកាយចិត្តក្នុងការធ្វើការឱ្យកាន់តែល្អប្រសើរ។ ហើយអ្នកក៏ត្រូវតែអនុញ្ញាត្តិឱ្យពួកគេបានបញ្ចេញគំនិតខ្លះ ព្រោះថានេះគឺជាការលើកទឹកចិត្តដល់ពួកគេ និងធ្វើឱ្យពួកគេមានអារម្មណ៍ថាពួកគេក៏ដើរតួរយ៉ាងសំខាន់ក្នុងកិច្ចការទាំងមូលរបស់ស្ថាប័នផងដែរ។ ហើយម៉្យាងវិញទៀតអ្នកក៏បានរៀនសូត្រនូវអ្វីដែលថ្មីៗពីពួកគេផងដែរ។

ការ​ទទួល​ខុស​ត្រូវខ្ពស់៖ ក្នុងនាមជាអ្នកដឹកនាំអ្នកត្រូវមានទំនួលខុសត្រូវខ្ពស់ មិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែអ្នកត្រូវមានទំនួលខុសត្រូវចំពោះក្រុមការងារ និងអតិថិជនរបស់អ្នកផងដែរ។ អ្នកត្រូវដឹងថាការសម្រេចចិត្តដែលអ្នកធ្វើក្នុងនាមជាអ្នកដឹកនាំ គឺដាច់ខាតមិនឱ្យប៉ះពាល់ដល់អ្នកខ្លួនឯង និងជាពិសេស មិនត្រូវឱ្យប៉ះពាល់ដល់ក្រុមហ៊ុន ក៏ដូចជាក្រុមការងាររបស់អ្នកផងដែរ។ ប្រសិនបើអ្នកគ្មានទំនួលខុសត្រូវទេនោះ ក្រុមការងាររបស់អ្នកនឹងឈប់ជឿទុកចិត្តលើអ្នក។ ដូចនេះកុំសូម្បីតែគិតរឿងភាពជាអ្នកដឹកនាំថាអ្នកមានឬក៏អត់ សូម្បីតែស្ថាប័នរបស់អ្នកក៏មិនដឹងថាអាចទៅមុខទៀតឬក៏អត់ផង។

គោរពមនុស្សជុំវិញខ្លួន៖ ជាអ្នកដឹកនាំម្នាក់មិនតម្រូវឱ្យអ្នកគិតថាខ្លួនឯងមានឋានៈខ្ពស់ជាងអ្នកដទៃនោះទេ។ ផ្ទុយទៅវិញអ្នកត្រូវគោរពចំពោះអ្នកដទៃតាមរបៀបដែលអ្នកចង់ឱ្យអ្នកដទៃគោរពចំពោះអ្នកវិញ។ ប្រសិនបើអ្នកជាមនុស្សមិនចេះគោរព ឬឱនលំទោនដល់ពួកគេ ពួកគេក៏មិនគោរពអ្នកដូចគ្នាដែរ។ នៅពេលអ្នកគោរពពួកគេហើយស្តាប់យោបល់របស់ពួកគេ អ្នកនឹងឃើញថាបុគ្គលិករបស់អ្នកកាន់តែមានផលិតភាពដែលនឹងនាំឱ្យក្រុមហ៊ុនរបស់អ្នកទទួលបានភាពជោគជ័យផងដែរ៕
 
អត្ថបទ៖ ប៊ុនហ៊ាង

——————————————–

ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: