៣វិធីដើម្បីរំលឹកអ្នកឱ្យចេះរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួន

  • 2022-06-25 8:22:40
  • ចំនួនមតិ 0 | ចំនួនទស្សនា 346


បើទោះបីជាលុយមិនអាចទិញអ្វីបានគ្រប់យ៉ាងឬក៏វាមិនមែនជាចុងបញ្ជប់នៃសុភមង្គលរបស់មនុស្សក៏ដោយ ប៉ុន្តែវាក៏ជាតម្រូវការចំាបាច់មួយសម្រាប់មនុស្សដែរ។ អ្នកតែងតែរកវិធីសាស្ត្រក្នុងការធ្វើឱ្យហិរញ្ញវត្ថុរបស់អ្នករីកចម្រើន ប៉ុន្តែអ្នកដូចជាភ្លេចគិតពីជំហានតូចៗដែលអាចជួយអ្នកឱ្យគ្រប់គ្រងហិញ្ញរវត្ថុបានល្អ។ ដូចនេះប្រសិនបើអ្នកកំពុងស្វែងរកវិធីដើម្បីធ្វើឱ្យហិរញ្ញវត្ថុរបស់អ្នករីកចម្រើន ខាងក្រោមនេះគឺជាចំនុចមួយចំនួនដែលអាចជួយអ្នកបាន៖
 
១. តាមដានការចំណាយរបស់អ្នក
មានពេលខ្លះអ្នកមើលមិនឃើញពីការចំណាយបន្តិចបន្តួចរបស់អ្នកនោះទេ។ ហើយអ្នកក៏មិនដែលបានតាមដានលុយដែលអ្នកចំណាយជារៀងរាល់ថ្ងៃដែរ ហេតុនេះហើយទើបអ្នកងាយនឹងចំណាយលើសលប់នៅពេលដែលអ្នកមិនដែលបានតាមដានការចំណាយរបស់អ្នក។ ដូចនេះអ្នកត្រូវតែអនុវត្តន៍ការតាមដានការចាយវាយរបស់អ្នក នោះអ្នកនឹងដឹងថារាល់ការចំណាយនោះវាត្រឹមត្រូវឬក៏អត់។ អ្នកអាចគ្រាន់តែសរសេររាល់ការចំណាយរបស់អ្នកទុក ឬតាមដានតាមរយៈកម្មវិធីណាមួយ (app) ដើម្បីដឹងពីកម្រិតនៃការចំណាយរបស់អ្នក។

២. សន្សំសំចៃ
មនុស្សជាទូទៅមិនសូវមានទម្លាប់ក្នុងការសន្សំលុយឡើយ ដែលជាហេតុធ្វើឱ្យពួកគេពិបាកក្នុងការសន្សំសំចៃប្រាក់ចំណូលរបស់ពួកគេ។ ដោយភាគច្រើនបើកប្រាក់ខែមកម្តងៗគឺសម្រាប់តែមួយចាយតែប៉ុណ្ណោះ គឺសម្រាប់រស់តែមួយពេលៗ។ ពេលរកលុយបានតិចក៏ចាយតាមតិច ដល់ពេលរកបានច្រើនក៏នៅតែចាយតាមច្រើនដោយមិនសូវខ្វល់ខ្វាយនឹងការសន្សំ។ ដើម្បីជំរុញដល់ការសន្សំប្រាក់ អ្នកត្រូវតែកែប្រែរបៀបរស់នៅរបស់អ្នកនេះចេញ ហើយចាប់ផ្តើមរកវិធីដើម្បីសន្សំប្រាក់ខ្លះ គ្រាន់ទុកសម្រាប់គ្រាលំបាក។ ក្នុងនោះអ្នកអាចទុក១៥%នៃប្រាក់ចំណូលរបស់អ្នកសម្រាប់សន្សំ តែប្រសិនបើអ្នកមិន​អាចធ្វើបានទេ នោះមានន័យថា អ្នកមិនមានការតាំងចិត្តគ្រប់គ្រាន់ក្នុងការសន្សំឡើយ។ តែផ្ទុយទៅវិញប្រសិនបើអ្នកអាចប្ដេជ្ញាចិត្តក្នុងការសន្សំប្រាក់បាន នោះវានឹងផ្ដល់រង្វាន់ដល់អ្នកក្នុងរយៈពេលដ៏វែងជាក់ជាមិនខាន។

៣. រកមនុស្សដែលឱ្យតម្លៃទៅលើការរៀបចំហិរញ្ញវត្ថុ
វាពិបាកក្នុងការអភិវឌ្ឍទម្លាប់នៃការសន្សំប្រាក់នៅពេលដែលអ្នកស្ថិតនៅក្នុងចំណោមអ្នកដែលចំណាយច្រើន។ វាពិតជាល្អខ្លាំងណាស់ក្នុងការកសាងទំនាក់ទំនង​ជាមួយមនុស្សដែលចេះជម្រុញអ្នកឱ្យចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន។ ដូច្នេះអ្នកត្រូវកំណត់អាទិភាពលើការលុបបំបាត់ទម្លាប់អាក្រក់ទាំងនោះ ហើយអ្នកត្រូវមានទំនុកចិត្តក្នុងការបង្កើននូវសក្ដានុពលរបស់អ្នកដើម្បីសម្រេចឱ្យបាននូវគោលដៅហិរញ្ញវត្ថុរបស់អ្នក៕

អត្ថបទ៖ វិសាល

——————————————–

ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: