៤ ចំណុចងាយៗដែលអាចផ្លាស់ប្តូរទម្លាប់ដ៏សែនអាក្រក់របស់អ្នក

  • 2022-06-23 3:06:44
  • ចំនួនមតិ 0 | ចំនួនទស្សនា 594


ការងារ​ល្អឬមិនល្អ វា​កើត​មកពី​ទម្លាប់​​ប្រចាំថ្ងៃ​របស់​អ្នក។ ទម្លាប់​ល្អជា​ប្រភព​ដ៏​សំខាន់​ដែល​ធ្វើ​ឱ្យអ្នក​សម្រេចបាននូវ​អ្វី​ដែល​​អ្នក​ចង់​បាន ចំណែក​​​ឯទម្លាប់​អាក្រក់​វិញ​តែង​តែធ្វើ​ឱ្យអ្នក​ជួប​នឹង​បញ្ហា​ជា​ច្រើន​ពិបាក​ដោះស្រាយ។ ហើយខាងក្រោម​នេះគឺ​ជា​វិធី​ងាយៗ​ដែល​អាច​ផ្លាស់ប្ដូរ​ទម្លាប់​អាក្រក់ទៅជាទម្លាប់​ល្អ​វិញបាន៖

) ចាប់ផ្តើមពីចំណុចតូច៖ មនុស្ស​តែង​ព្យាយាមចង់​ផ្លាស់ប្ដូរ​ទម្លាប់​អាក្រក់​របស់​ខ្លួនជា​មួយ​នឹង​សកម្មភាព​ជា​ច្រើន ក្នុងបំណងដើម្បី​អាច​ផ្លាស់​ប្តូរ​ឱ្យបាន​ឆាប់​ ប៉ុន្តែ​​តិច​ណាស់​ដែលទទួលបាន​ជោគជ័យ ព្រោះ​ទម្លាប់​អាក្រក់​នេះវា​សឹងតែ​ក្លាយ​ជា​វត្ថុដែលអ្នកខ្វះមិនបាន​ទៅ​ហើយ។ ដូចនេះអ្នកគួរ​ចាប់​ផ្តើម​ពី​ចំណុច​តូចៗ​ទៅ​មុនដើម្បី​ធ្វើ​ឱ្យខ្លួន​អ្នក​មាន​អារម្មណ៍​ថាចង់​ធ្វើ​វា​ និងអាច​ធ្វើ​វា​បាន។

) ពង្រឹងពីតូចទៅ​​ធំ៖ ការ​ចាប់ផ្តើមគឺ​ជា​ចំណុច​ដ៏​សំខាន់​មួយ​ តែ​ត្រូវ​ប្រើ​រយៈពេល​​យូរ​បន្តិចដើម្បី​អាច​បង្កើត​ទម្លាប់​ថ្មី​បាន។ បន្ទាប់​ពី​អ្នក​បាន​ចាប់​ផ្តើមបង្កើត​ទម្លាប់​ថ្មី​ជា​មួយ​នឹង​ជំហាន​ខ្លីៗ​ហើយ​នោះ អ្នក​គួរ​តែ​ពង្រឹង​វា​ជា​ប្រចាំ ព្រោះ​ធ្វើ​បែប​នេះដើម្បី​ឱ្យអ្នក​សុំា​ខ្លួន​ជា​មួយ​នឹង​ទម្លាប់​ថ្មី​កាន់​តែ​ប្រសើរ​ជាង​មុន។​ អ្នកត្រូវ​ដឹង​ថា មិនគួរធ្វើអ្វី​ឱ្យហួសពីសមត្ថភាព​របស់អ្នកឡើយ ព្រោះវានឹងធ្វើ​ឱ្យអ្នកមានអារម្មណ៍ថា តានតឹងខ្លាំង រហូតធ្វើឱ្យអ្នកមិនអាចកែប្រែទម្លាប់អាក្រក់ចេញបាន។ បើ​អ្នក​បាន​ចាប់​ផ្តើម​អាន​សៀវភៅ​កន្លះ​ទំព័រ​ក្នុង​មួយ​ថ្ងៃ ដូច្នេះ​អ្នក​គួរ​បន្ថែម​ការ​អាន​ឱ្យបាន​ច្រើន​ជាង​នេះ​នៅ​ថ្ងៃ​បន្ទាប់​ ម្ដង​បន្តិច​ៗ​​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។ និយាយឱ្យស្រួលស្តាប់ធ្វើដោយសន្សឹមៗកុំបង្ខំ។

) បរាជ័យហើយនៅតែធ្វើ​៖ ការ​ផ្លាស់​ប្តូរ​ទម្លាប់​អាក្រក់ គឺ​ជា​រឿង​ដ៏​ពិបាក​ ដូច្នេះ​ក្នុង​ដំណើរ​នៃ​ការ​ផ្លាស់​ប្តូរនេះ វា​ជៀស​មិន​ផុត​ពី​ការ​បរាជ័យនោះ​​ទេ តែ​អ្វី​ដែល​សំខាន់​នោះ ​អ្នក​ត្រូវ​ធ្វើ​វា​ម្តង​ទៀត។ វាមានន័យថា អ្នក​ដែល​ជោគជ័យ​ពិត​ប្រាកដ ក្នុង​ការ​បង្កើត​ទម្លាប់​ថ្មី​ គឺ​ជា​មនុស្ស​ដែល​មិន​បោះបង់ បើ​ទោះបីជា​មាន​ពេល​ខ្លះ​បរាជ័យក៏ដោយ។

) ស្វែងរកការលើកទឹកចិត្ត​៖ ការ​លើក​ទឹក​ចិត្ត ពិត​ជា​មាន​សារៈសំខាន់ខ្លាំង​ណាស់ក្នុង​ការ​ធ្វើ​ការងារ​អ្វីមួយ ជាពិសេស​នៅពេល​ដែល​ជួប​នឹងបញ្ហា។ អ្នក​អាច​ស្វែង​រក​ការ​លើក​ទឹកចិត្ត​នេះតាម​រយៈ​​គ្រួសារ, មិត្តភ័ក្ដិ ឬ មនុស្សជាទីស្រឡាញ់ ដែល​ការ​ធ្វើ​បែបនេះវានឹងអាច​ជួយ​ឱ្យអ្នក​មាន​កម្លាំង​ចិត្ត​បន្ត​ការផ្លាស់ប្តូរនូវទម្លាប់អាក្រក់មួយនេះដោយមិនរុញរា។ ហើយអ្វី​ដែល​រឹតតែសំខាន់​ទៀត​នោះ គឺអ្នក​ខ្លួនឯង​ត្រូវ​តែ​ចេះ​លើក​ទឹកចិត្ត​ដល់​ខ្លួន​ឯង​ផង​ដែរ៕

អត្ថបទ៖ ប៊ុនហ៊ាង

——————————————–

ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: