៣ចំណុចដែលបង្ហាញថាអ្នកជាមេដឹកនាំដ៏ល្អ

  • 2022-06-22 4:28:19
  • ចំនួនមតិ 0 | ចំនួនទស្សនា 397


ក្លាយទៅជាអ្នកដឹកនាំ គឺជា​ក្តី​ប្រាថ្នា​ដែល​មនុស្ស​មួយចំនួនប្រាថ្នាចង់បាន ប៉ុន្តែ​នៅពេលដែល​​ក្លាយខ្លួនទៅជាមេដឹកនាំគេ​ហើយ​នោះ មាន​ភារកិច្ច​ជាច្រើន​ដែលអ្នក​ត្រូវធ្វើ ហើយ​វា​ក៏​មិនមែនជា​រឿង​ងាយស្រួលនោះ​ដែរ  ព្រោះ​អ្នក​ត្រូវតែមាន​ទំនួល​ខុសត្រូវ​ខ្ពស់ជាង​មនុស្ស​ដទៃ​ផ្សេងទៀត ជាពិសេសនោះ​គឺជាអ្នកឈរមុខគេដើម្បីសម្រេចចិត្តលើការងារផ្សេងៗ។ ដូចនេះ​ក្រុមការងារ Business Record បាន​ស្វែងរកនូវ​គុណ​តម្លៃ​ទាំង៣ចំណុចនេះ ទុកគ្រាន់​ជា​ជំនួយសម្រាប់​ជាចំណេះដឹងខ្លះៗដល់​មិត្ត​អ្នកអាន។

ឱ្យតម្លៃ​ដល់បុគ្គលិក៖ មិន​ថាជា​ការងារ​ប្រភេទ​អ្វី​ក៏ដោយ បើទោះបីជា​អ្នកជា​ចៅហ្វាយ​ដែលមាន​សមត្ថភាព​ខ្ពស់​ប៉ុណ្ណា​ក៏ដោយ អ្នក​ប្រាកដជា​មិនអាច​ធ្វើ​ការងារ​តែម្នាក់ឯង​បានដោយ​ជោគជ័យនោះទេ ព្រោះ​ទាល់តែ​មានការ​ចូលរួម និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​បុគ្គលិករបស់អ្នក ទើបការងារនោះ​សម្រេចបានជោគជ័យ។ ក្នុងនោះ​មិន​ថា​បុគ្គលិក​របស់​អ្នកមាន​តំណែងឬតួនាទី​បែបណា​នោះទេ ​អ្នកត្រូវគោរព និងឱ្យតម្លៃ​លើ​ការងារ​របស់​ពួកគេ ព្រោះ​តម្លៃ​របស់​មនុស្ស​មិន​ស្ថិត​លើ​តំណែងតួនាទីឡើយ គឺវាស្ថិតនៅលើ​លទ្ធផល​​ការងារ​ និងភាពស្មោះត្រង់របស់មនុស្ស។

ជឿជាក់លើពួកគេ៖ ការជឿជាក់​ពិតជា​មាន​សារៈសំខាន់ណាស់ ពីព្រោះ​មនុស្ស​មិនអាច​ធ្វើការងារ​ជាមួយគ្នាបាន​ឡើយ ប្រសិនបើ​ខ្វះ​ការជឿជាក់រវាងគ្នានឹងគ្នា។ ក្នុងនាម​ជា​ចៅហ្វាយ​របស់គេ អ្នក​មិនគួរ​បង្ហាញថា អ្នក​មិន​ជឿជាក់​លើ​សមត្ថភាព​រប​ស់​បុគ្គលិក​របស់អ្នកនោះទេ ព្រោះ​វា​នឹងធ្វើ​ឱ្យ​ពួកគេ​បាក់​ទឹកចិត្ត ហើយថែមទាំងធ្វើឱ្យពួកគេមិនអាច​បញ្ចេញ​សមត្ថភាពល្អ​ៗរបស់ពួកគេបានទៀតផង។ បុគ្គលិករបស់អ្នក ពួកគេ​នឹងមាន​អារម្មណ៍​ថាខ្លួន​គេមិនមាន​តម្លៃ​ទេ ព្រោះ​ពួកគេខ្វះ​ការជឿជាក់​ពី​ចៅហ្វាយនាយ​របស់ពួកគេ។

ការគាំទ្រ និងការអនុគ្រោះ៖ ជា​រឿង​ធម្មតា​នោះទេ នៅពេល​ធ្វើ​ការ ​បុគ្គ​លិ​ក​តែងតែ​ជួប​បញ្ហា​ និង​មាន​កំហុសឆ្គងផ្សេងៗ។ ដូច្នេះ​ក្នុងនាម​អ្នកជា​ចៅហ្វាយរបស់ពួកគេ អ្នកត្រូវ​ធ្វើជា​ជំហរ​ និងផ្តល់​ជា​ដំណោះស្រាយផ្សេងៗទៅដល់​ពួកគេ។ ប្រសិនបើ​ចៅហ្វាយយកចិត្តទុកដាក់​លើ​បញ្ហា​ទាំងនេះ នោះអ្វីៗក៏មាន​លក្ខណៈ​ប្រសើរឡើង​ផងដែរ។ អ្នក​អាចជួយ​លើក​ទឹក​ចិ​ត្ដ ដូចជា​ប្រាក់រង្វាន់ ការតំឡើង​ប្រាក់ខែ ឬ​ការតំឡើង​តំណែង​ជាដើម៕

អត្ថបទ៖ ប៊ុនហ៊ាង

——————————————–

ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: