២ចំណុចដែលជួយឱ្យអ្នករកស៊ីថ្មីថ្មោងអាចសន្សំប្រាក់បានខ្លះ
- 2022-06-17 2:52:09
- ចំនួនមតិ 0 | ចំនួនទស្សនា 336
២ចំណុចដែលជួយឱ្យអ្នករកស៊ីថ្មីថ្មោងអាចសន្សំប្រាក់បានខ្លះ
ការចាប់ផ្តើមរកស៊ីដំបូងៗ អ្នកប្រហែលជាមិនសូវមានដើមទុនច្រើនប៉ុន្មាននោះទេ ដូច្នេះហើយការចំណាយផ្សេងៗអ្នកត្រូវតែគិតយ៉ាងម៉ត់ចត់បំផុត ដើម្បីរក្សាការចំណាយឱ្យស្របនឹងលទ្ធភាពរបស់អ្នក។ ខាងក្រោមនេះជាវិធីសាស្ត្រ២ចំណុចដែលជួយអ្នកឱ្យចំណាយតិច នៅពេលចាប់ផ្តើមអាជីវកម្មដំបូង៖
១. រកប្រព័ន្ធផ្សព្វផ្សាយដែលមានតម្លៃថោក៖ នៅពេលអ្នកប្រកបអាជីវកម្មដែលចង់ឱ្យមានគេស្គាល់ច្រើន អ្នកគួរតែធ្វើការផ្សព្វផ្សាយពីផលិតផលឬសេវាកម្មរបស់ខ្លួនទៅតាមវិធីសាស្ត្រផ្សេងៗដែលអាចធ្វើទៅបានតាមលទ្ធភាព។ បច្ចុប្បន្ននេះវារឹតតែមានភាពងាយស្រួលទៅទៀត ដោយសារបណ្ដាញសង្គមហ្វេសប៊ុកសព្វថ្ងៃមានការពេញនិយមលេងស្ទើគ្រប់ស្រទាប់វណ្ណៈទាំងអស់ ដែលជាហេតុធ្វើឱ្យអ្នកអាចផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មរបស់អ្នកបានដោយចំណាយតិច។ វិធីមួយទៀតអ្នកក៏អាចរកដៃគូសហការដែលជាអ្នកឧបត្ថម្ភដល់ការផ្សព្វផ្សាយអាជីវកម្មរបស់អ្នកក៏បាន។ ដូចជាតាមបណ្តាល ផេក ដែលល្បីៗ (មិនមែនជាស្ថាប័នឯកជន) ដើម្បីជួលពួកគេឱ្យជួយផ្សព្វផ្សាយក្នុងតម្លៃថោកសមរម្យ ដែលជួយកាត់បន្ថយការចំណាយរបស់អ្នកបាន។
២. ចែករំលែកបទពិសោធន៍ការងារដល់បុគ្គលិក៖ ពេលបង្កើតអាជីវកម្មមួយ ច្បាស់ណាស់គឺត្រូវការបុគ្គលិកមកជួយធ្វើការឱ្យអ្នក ព្រោះអ្នកមិនអាចរ៉ាប់រងការងារទាំងអស់តែម្នាក់ឯងបានឡើយ ដូច្នេះហើយដើម្បីឱ្យអ្នកចំណាយប្រាក់តិចទៅលើថ្លៃជួលបុគ្គលិក អ្នកអាចស្វែងរកមនុស្សមកហាត់ការដែលជានិស្សិតកំពុងសិក្សាឬទើបនឹងបញ្ចប់ការសិក្សាលើជំនាញដែលពាក់ព័ន្ធនឹងអាជីវកម្មរបស់អ្នក ដែលពួកគេមិនទាន់មានបទពិសោធន៍នៅឡើយ។ ហើយអ្នកក៏អាចផ្តល់ឱកាសឱ្យពួកគេទទួលបានបទពិសោធន៍ពីការងារនេះ ដែលអ្នកអាចចំណាយតិចលើការផ្តល់ប្រាក់ឧបត្ថម្ភជូនពួកគេ នោះពួកគេប្រាកដជាសប្បាយរីករាយក្នុងការធ្វើការជូនអ្នកជាក់ជាមិនខាន។ ហើយធ្វើបែបនេះវានឹងជួយសម្រាលការងាររបស់អ្នកខ្លះ ក៏ដូចជាកាត់បន្ថយការចំណាយទៅលើបុគ្គលិកជំនាញបានផងដែរ។ ដូចនេះអ្នកនឹងលែងមានការបារម្ភទៀតហើយ ប្រសិនបើអ្នកចង់បង្កើតអាជីវកម្ម ស្របពេលដែលអ្នកមិនសូវមានដើមទុនច្រើន ព្រោះអ្នកបានដឹងពីតិចនិកខ្លះដើម្បីជួយអ្នកសន្សំប្រាក់បានខ្លះដោយកាត់បន្ថយការចំណាយច្រើនមកចំណាយតិចវិញ។
អត្ថបទ៖ ប៊ុនហ៊ាង
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: