ដំណោះស្រាយ ៤ ចំណុចដែលកម្ពុជា-វៀតណាមបានដាក់ចេញដើម្បីសម្រួលដល់ការដោះដូរទំនិញទៅវិញទៅមក

  • 2020-03-20 10:47:47
  • ចំនួនមតិ 0 | ចំនួនទស្សនា 412


កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ មានកិច្ចប្រជុំទ្វេភាគីមួយរវាងកម្ពុជា-វៀតណាម ដើម្បីដោះស្រាយបញ្ហាដោះដូរទំនិញ ដែលខាងភាគីកម្ពុជាសហដឹកនាំដោយបណ្ឌិតគុណញឹមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និង លោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀងអមដោយសមត្ថកិច្ចពាក់ព័ន្ធនៃច្រកទ្វារព្រំដែនអន្តរជាតិបាវិតរួមជាមួយសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា និងប្រតិភូតំណាងភាគីវៀតណាមដឹកនាំដោយលោកអភិបាលរងខេត្តតៃនិញអមដោយលោកអនុប្រធាននាយកដ្ឋានគយខេត្តតៃនិញនិងសមត្ថកិច្ចពាក់ព័ន្ធនៃច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ។

អង្គប្រជុំបានឯកភាពសម្រេចអនុវត្តដំណោះស្រាយចំពោះមុខចំនួន០៤ចំណុចដូចតទៅ៖

១៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់សហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ។

២៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់សហើយប្តូរក្បាលឡានសណ្តោង។

៣៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់សហើយធ្វើការផ្ទេរទំនិញឬលើកផ្ទេរកុងតែន័រពីរថយន្តភាគីម្ខាងទៅដាក់លើរថយន្តភាគីម្ខាងទៀត។

៤៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញពីភាគីវៀតណាមចូលដល់ផែស្ងួតណាមួយនៅក្បែរព្រំដែនរួចផ្ទេរទំនិញចេញនិងអាចផ្ទុកទំនិញដែលត្រូវនាំចេញពីកម្ពុជាទៅវិញដោយតម្រូវឱ្យអ្នកបើកបរត្រូវស្លៀកពាក់សម្លៀកបំពាក់សុវត្ថិភាពការពារVirus ដែលអនុញ្ញាតដោយចត្តាឡីស័កនិងសូមឱ្យសមត្ថកិច្ចពាក់ព័ន្ធខាងកម្ពុជាជួយសហការធានាថាអ្នកបើកបរមិនបានទៅណាខុសពីតម្រាយផ្លូវនិងទៅជួបប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេង។

យោងតាមស្មារតីនៃអង្គប្រជុំភាគីទាំងពីរបានឯកភាពផ្សព្វផ្សាយនូវដំណោះស្រាយទាំងនេះទៅដល់ធុរជនដែលមានការពាក់ព័ន្ធដល់ការដឹកជញ្ជូនទំនិញហើយធុរជនអាចជ្រើសយកជម្រើសមួយណាក៏បានដែលល្អសម្រាប់ពួកគាត់ដោយអនុវត្តតាមវិធានការពារដែលណែនាំដោយចត្តាឡីស័ក។

ដំណោះស្រាយទាំង៤ ជម្រើសនេះនឹងត្រូវបានអនុវត្តចំពោះគ្រប់មាត់ច្រកដែលមានព្រំប្រទល់ជាប់ខេត្ តតៃនិញ របស់ប្រទេសវៀតណាម និង បានឯកភាពគ្នាបន្តកិច្ចសហការដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខដែលអាចកើតមានជាយថាហេតុ៕

 

ដក់ស្រងដោយ៖ បូ ទីន / ប្រភព៖ akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com