អាជ្ញាធរខេត្តសានតុងសន្យាជំរុញ​អ្នកវិនិយោគចិនឱ្យមកវិនិយោគនៅខេត្តសៀមរាប​ឱ្យកាន់តែច្រើន

  • 2019-11-20 2:41:04
  • ចំនួនមតិ 0 | ចំនួនទស្សនា 386


ថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើសមត្ថភាពផលិតកម្មរបស់សហគ្រាស កម្ពុជា-ខេត្តសានតុង របស់ចិន ក្នុងក្របខ័ណ្ឌខ្សែក្រវាត់មួយផ្លួវមួយនៅខេត្តសៀមរាប កាលពី​ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក វ៉ាង ស៊ូជៀន (Wang Shujian) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណ:កម្មាធិការបក្សខេត្ត និងជាអភិបាល​រង​ខេត្ត​សានតុង បាន​មាន​ប្រសាសន៍ថា គំនិតផ្តួចផ្តើម ផ្លូវមួយខ្សែក្រវាត់មួយ ដែលបានអនុវត្តន៍នាពេលកន្លងមក ពិតជាសម្រេចបាននូវផ្លែផ្កាគួរឱ្យកត់សម្គាល់ជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងលើសកលលោក។

រូបភាព akp

លោកបានបញ្ជាក់ថា សម្រាប់ កម្ពុជា-ចិន​ គឺមាន​ទំនាក់ទំនងការទូតជាយូមកហើយ ចំណែក​ទំទាក់ទំនងពាណិជ្ជកម្មក៏មានភាពល្អប្រសើរដែរ ជាក់ស្តែងនៅក្នុងថ្ងៃនេះ ក្រុមហ៊ុន Guomei Liquor Group របស់ចិន ក៏បាន​ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ប្រាយវេ គ្រុប របស់កម្ពុជា ក្នុងការបង្កើតសួនឧស្សាហកម្មជីសរីរាង្គនៅខេត្តសៀមរាប បន្ទាប់ពីក្រុមហ៊ុននេះ បានទទួលភាពជោគជ័យនៅខេត្តក្រចេះ។ លោកអភិបាលរងខេត្តក៏បានសន្យាជួយជំរុញ​ អ្នកវិនិយោគចិន ឱ្យធ្វើការវិនិយោគនៅខេត្តសៀមរាប​ឱ្យបានកាន់តែច្រើនបន្ថែម ទៀតផងដែរ។

លោក នាក់ ណុន អភិបាលរងខេត្តសៀមរាប​បាន​មានប្រសាសន៍ថា សម្រាប់ខេត្ត សៀមរាបបានចងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេត្ត-ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន បានចំនួន២៨ ខេត្ត-ក្រុង។ តាមរយ:ការចងសម្ព័ន្ធមេត្រីភាពនេះ បានធ្វើឱ្យខេត្តសៀមរាប ទទួលបាននូវការជួយឧបត្ថម្ភគាំទ្រនានា ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗទៀត មានដូចជា ការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ការជួសជុលស្ថាបនាឡើងវិញនូវផ្លូវជាតិលេខ៦ ដែលតភ្ជាប់ខេត្តសៀមរាប ទៅកាន់រាជធានីភ្នំពេញជាដើម។ នៅក្នុងរយៈពេល៩ខែឆ្នាំ២០១៩នេះខេត្តសៀមរាប មានការវិនិយោគរបស់វិនិយោគិនចិន កើនឡើងផងដែរ ដូចជាការវិនិយោគលើការបង្កើតមហោស្រពស្នាមញញឹមអង្គរ ការវិនិយោគលើការបង្កើតមហោស្រពអាណាចក្រអង្គរ ហើយបច្ចុប្បន្ននេះមានក្រុមហ៊ុន និងសហគ្រាសចិនចំនួន ១៩៤បាន និងកំពុងប្រតិបត្តិការវិនិយោគរបស់ខ្លួន ក្នុងខេត្តសៀមរាប។

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ប្រទេសកម្ពុជាគឺបានទទួលនូវអត្ថប្រយោជន៍យ៉ាងច្រើន តាមរយ:ការអនុវត្តនូវគំនិតផ្តួច ផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយនេះ ដែលក្នុងនោះរួមមាន ការកសាង ការស្តារ និងជួសជុល ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ព្រលានយន្តហោះ ផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ ការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសការវិនិយោគលើវិស័យ សំណង់ និងការវិនិយោគលើវិស័យផ្សេងៗទៀត ពីសំណាក់វិនិយោគិនចិនរួមជាមួយនឹងការជំរុញ អ្នកទេសចរចិនឱ្យចូលមកទស្សនាក្នុងប្រទេសកម្ពុជា។ ឯកឧត្តបាន​គាំទ្រចំពោះការមក វិនិយោគបង្កើតសួនឧស្សាហកម្មជីសរីរាង្គនៅខេត្តសៀមរាបរបស់អ្នកវិនិយោគចិនផងដែរ៕

 

ដកស្រង់៖ បូ ទីន/akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com