Jack Ma: ដំណើរនៃអាយុ និងការងារដែលអ្នកត្រូវដឹង

  • 2019-11-20 4:25:46
  • ចំនួនមតិ 0 | ចំនួនទស្សនា 365


រាល់កំហុសទាំងអស់សុទ្ធតែមានដំណោះស្រាយ ដូច្នេះអ្នកកុំបារម្ភច្រើនពេកអី ព្រោះថារាល់ការបរាជ័យទាំងអស់គឺវាសុទ្ធសឹងតែជាមេរៀនមួយដ៏ល្អសម្រាប់អ្នក។​ ដូច្នោះអ្វីដែលអ្នកត្រូវចាំក្នុងចិត្តថានោះគឺ៖

 

១. មុនអ្នកអាយុ២០ឆ្នាំ អ្នកត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យក្លាយជាសិស្សល្អ៖

នៅត្រង់ចំណុចនេះមិនមែនផ្តោតសំខាន់អ្នកខិតខំរៀនសូត្រឱ្យក្លាយជាសិស្សល្អក្នុងថ្នាក់រៀនតែប៉ុណ្ណោះ ទេ គឺលោក Jack Ma ចង់សង្កត់ធ្ងន់ទៅលើការរៀនសូត្រទូទៅ មិនចាំបាច់ថារៀននៅក្នុងថ្នាក់វិទ្យាល័យ ឬមហាវិទ្យាល័យនោះទេ។ អ្នកត្រូវសិក្សាស្វែងយល់នូវជំនាញផ្សេងៗឱ្យបានច្រើន ហើយរាល់ជំនាញទាំងឡាយណាដែលខ្លួនឯងស្រឡាញ់និងចូលចិត្ត។​ ប៉ុន្តែប្រសិនបើអ្នករកខ្លួនឯងមិនទាន់ឃើញទេ សំខាន់ណាស់ក្នុងវ័យនេះអ្នកត្រូវប្រឡូកខ្លួនចូលក្នុងកិច្ចការឱ្យបានច្រើនវិស័យតាមដែលអាចធ្វើបាន ដើម្បីធ្វើឱ្យប្រាកដថាអ្នករកខ្លួនឯងឃើញហើយ បន្ទាប់មកចាប់យកជំនាញមួយនោះមកអភិវឌ្ឍន៍ និងសិក្សាឱ្យបានច្រើនដើម្បីទទួលបានបទពិសោធន៍មួយច្បាស់លាស់។ ហើយមួយវិញទៀត អ្នកត្រូវដឹងថាអំឡុងពេលដែលអ្នកមានអាយុ២៥ឆ្នាំ វាគឺជាពេលដែលអ្នកត្រូវហ៊ានប្រឈមនឹងបញ្ហាខ្លាំងបំផុត ដូច្នោះហើយពេលដែលអ្នកបរាជ័យ សូមកុំកើតទុកអី! ព្រោះថាវ័យនេះគឺជាវ័យដែលអ្នកកំពុងរៀន អ៊ីចឹងហើយទើបពេលដែលអ្នកធ្វើខុសអ្នកត្រូវតែងើបឡើងវិញ ធ្វើខុសងើបឡើងវិញ ធ្វើខុសងើបឡើងវិញ រហូតដល់អ្នកមានបទពិសោធន៍ពេញខ្លួន។ អាយុ២៥ឆ្នាំអ្នកត្រូវតែសប្បាយជាមួយនឹងកំហុសឆ្គងទាំងហ្នឹង ដើម្បីយកវាធ្វើបទពិសោធន៍ជីវិតរបស់អ្នក។

២. មុនអ្នកអាយុ៣០ឆ្នាំ អ្នកត្រូវរៀនពីនរណាម្នាក់

ក្នុងន័យនេះគឺសំដៅខ្លាំងទៅលើការជ្រើសរើស និងស្វែងរកថានរណាជាមនុស្សដែលអ្នកនិងយកមកធ្វើជាគំរូ? ព្រោះថានៅពេលដែលអ្នកដឹងថានរណាគឺជាគំរូរបស់អ្នកហើយ មានន័យថាអ្នកនឹងដើរតាមផ្លូវរបស់មនុស្សដែលអ្នកយកជាគំរូនោះ វាប្រៀបដូចជាអ្នកបានស្គាល់ពីខ្លួនឯងអ៊ីចឹងដែរ។ ហើយអ្វីដែលរឹតតែសំខាន់នោះគឺអ្នកត្រូវស្វែងរកក្រុមហ៊ុនតូចមួយដើម្បីទៅធ្វើការនៅទីនោះ។ ព្រោះជាធម្មតាធ្វើការនៅក្នុងក្រុមហ៊ុនធំវាក៏ជារឿងល្អដែរ ព្រោះអ្នកអាចរៀនពីដំណើរការការងារទូទៅ ដំណើរការនៃការចាត់ចែងការងារទៅដល់បុគ្គលិក និងការរៀបចំប្រព័ន្ធការងារផ្សេងៗដែលមានលក្ខណៈវិជ្ជាជីវៈត្រឹមត្រូវ។​ ប៉ុន្តែប្រសិនបើអ្នកធ្វើការនៅក្នុងក្រុមហ៊ុនតូចវិញ នោះអ្នកនឹងបានរៀនពីការតាំងចិត្ត រៀនពីការរៀបចំទស្សនវិស័យ ភាពអត់ធ្មត និងមានកិច្ចការជាច្រើនទៀតដែលយើងអាចរៀនបានក្នុងការចាប់ផ្តើមអាជីវកម្មថ្មីថ្មោង។ ដូច្នោះហើយមុនអ្នកអាយុ៣០ ឆ្នាំវាមិនមែនជាពេលដែលអ្នកត្រូវគិតថា ក្រុមហ៊ុនណាដែលអ្នកត្រូវធ្វើការនោះទេ តែត្រូវគិតថា តើមេប្រភេទណា ឬ របៀបនៃការ​​គ្រប់គ្រងមួយណាដែលអ្នកត្រូវរៀនតាម។ ព្រោះថាប្រសិនបើអ្នករកបានមេល្អ នោះគាត់នឹងបង្រៀនអ្នកឱ្យចេះគិត និងធ្វើការតាមរបៀបផ្សេង (Think different) ដែលរឺតតែល្អប្រសើរ។

៣. ពីអាយុពី៣០ ទៅ៤០ឆ្នាំអ្នកត្រូវតែដឹងច្បាស់ពីគោលដៅរបស់ខ្លួន

ប្រសិនជាអ្នកចង់ក្លាយជាអ្នករកស៊ីដែលធ្វើការឱ្យខ្លួនឯងមែននោះសំខាន់ណាស់ដែលអ្នកត្រូវគិតគូក្នុងអំឡុងពេលវ័យនេះ ព្រោះក្នុងវ័យនេះអ្នកប្រាកដជាធ្លាប់បានឆ្លងកាត់នូវបទពិសោធន៍ការងារជាច្រើន ដែលវាល្មមឱ្យអ្នកអាចឈានជើងចាប់ផ្តើមចេញធ្វើខ្លួនឯងបានហើយ។ ព្រោះពេលដែលអ្នកឈានដល់អាយុនេះ វាសំខាន់ណាស់ដែលអ្នកត្រូវតែដឹងច្បាស់ពីគោលដៅរបស់ខ្លួនឯងដែលអ្នកចង់បាន។ ហើយការដែលអ្នកមានភាពច្បាស់លាស់ចំពោះខ្លួនឯងនេះហើយដែលវាជាដង្ហើមមួយដែលអាចធ្វើឱ្យអ្នកខិតខំបង្វឹងខ្លួនឯងឱ្យរឹតតែខ្លាំងទៅលើគោលដៅរបស់ខ្លួន។

៤. អាយុពី ៤០ ទៅ៥០ឆ្នាំត្រូវផ្តោតឱ្យខ្លាំងទៅលើគោលដៅដែលយើងកំពុងមាន

ស្ថិតក្នុងវ័យនេះអ្នកមិនគួរផ្លាស់ប្តូគោលដៅខ្លួនឯង ហើយលោតទៅធ្វើអានេះ ឬអានោះ នោះទេ ព្រោះថាក្នុងវ័យនេះ វាយឺតពេលហើយក្នុងការផ្លាស់ប្តូរគោលដៅរបស់ខ្លួន ហើយអត្រានៃភាពជោគជ័យក៏មានតិចតួចផងដែរ។ ដូច្នោះហើយអ្នកត្រូវតែប្រាកដថាអ្វីដែលអ្នកគិតថាវាជាគោលដៅរបស់អ្នកនេះ គឺជាអ្វីដែលអ្នកស្រឡាញ់ពេញចិត្តនឹងធ្វើវាពិតប្រាកដ១០០%មែន។ គឺអ្នកត្រូវតែរត់តាមគោលដៅរបស់ខ្លួន ដែលអ្នកបានដៅវាមកហើយនេះ បើទោះបីជាអ្នកជួបនឹងបញ្ហា ឬមានចិត្តចង់ប្តូរទិសដៅរបស់ខ្លួនក៏ដោយ ក៏អ្នកត្រូវតែតាំងចិត្តបន្តពុះពារជាមួយនឹងគោលដៅរបស់ខ្លួននេះដែរ។

៥. អាយុពី ៥០ ទៅ៦០ឆ្នាំធ្វើការជាមួយក្មេងៗជំនាន់ក្រោយ

ការដែលអ្នកត្រូវធ្វើការជាមួយក្មេងៗជំនាន់ក្រោយនេះ ក៏ព្រោះថាក្មេងៗជំនាន់ក្រោយនឹងអាចធ្វើការងារល្អប្រសើរជាងអ្នក ទាំងកំលាំងកាយចិត្ត និងបញ្ញាស្មារតី។ ដូច្នេះអ្នកគួរធ្វើការជាមួយពួកគាត់ វិនិយោគលើពួកគាត់ និងសិក្សាសុំយោបល់ពីពួកគាត់ទាំងនោះ ដើម្បីយកគំនិតយោបល់ទាំងនោះមកគិតពិចារណាក្នុងការវិវត្តន៍នូវក្រុមហ៊ុនរបស់អ្នក ហើយក៏ដើម្បីជួយយឹតយោងពួកគាត់ក្នុងនាមជាទំពាំងស្នងឬស្សី ដើម្បីក្លាយជាមនុស្សល្អទៅថ្ងៃអនាគតផងដែរ។

៦. អាយុ ៦០ឆ្នាំអ្នកអាចំណាយពេលដើម្បីខ្លួនឯងម្តងហើយ

អ្នកអាចធ្វើដំណើរកំសាន្តផ្សេងៗ ឬក៏ទៅលេងសមុទ្រដេកហាលថ្ងៃ។ ហើយនេះវាគ្រាន់តែជាដំបូន្មាន និងជាគំនិតខ្លះៗតែប៉ុណ្ណោះដើម្បីឱ្យអ្នកយកទៅគិតពិចារណាទៅលើខ្លួនឯង។ ហើយក្នុងវ័យនេះជាសេរីភាពក្នុងការសម្រេចចិត្តរបស់អ្នកហើយ ក្នុងការធ្វើអ្វីដែលអ្នកចង់សម្រាកលំហែកាយ ឬក៏ធ្វើកិច្ចការណាមួយដែលជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ៕

 

អត្ថបទ៖ វិសាល

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com