ធនាគារពិភពលោក៖ ការងារនៅកម្ពុជាជាង ៦០% នៅតែជាប្រភេទការងារប្រពៃណី និងគ្រួសារ

  • 2019-11-19 2:33:07
  • ចំនួនមតិ 0 | ចំនួនទស្សនា 297


ធនាគារពិភពលោក (World Bank) បានគូសបញ្ជាក់ថា ភាពចម្រុះ និងគុណភាព នៃការងារ ដែលមាននៅក្នុងប្រទេសកម្ពុជា កំពុងមានការកែលម្អឱ្យប្រសើរឡើងហើយ។ ប៉ុន្តែកម្ពុជាចាំបាច់ ត្រូវមានគោលនយោបាយថ្មីៗ ដើម្បីទាញយកអត្ថប្រយោជន៍ ពីឱកាសនានា ដែលអាចរកបាន នៅលើទីផ្សារពិភពលោក នាពេលអនាគត ខណៈការងារនៅកម្ពុជាជាង ៦០% ជាប្រភេទការងារប្រពៃណីនៅឡើយ។

រូបភាព akp

បើតាមរបាយការណ៍ របស់ធនាគារពិភពលោក ដែលត្រូវបានលើកឡើងនៅ ក្នុងវេទិកាស្តីអំពី «អនាគតការងារនៅប្រទេសកម្ពុជា តំណភ្ជាប់ជាមួយសេដ្ឋកិច្ចនាពេលខាងមុខ» ដែលធ្វើឡើងកាលពីម្សិលមិញថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ក្នុងចំណោមការងារចំនួន៨លាន នៅ កម្ពុជា មាន៣៧% ជាការងារមានប្រាក់ឈ្នួល ទទួលប្រាក់ចំណូលខ្ពស់ ខណៈ៦៣% ទៀត នៅតែជាការងារបែបប្រពៃណីនៅឡើយ។ ក្នុងនោះ មានការងារដាំដុះ ឬអាជីវកម្មជាលក្ខណៈគ្រួសារ ដែលមិនសូវបាន ធ្វើសមាហរណកម្ម ចូលទៅក្នុងសេដ្ឋកិច្ចទំនើប ដែលផ្តល់ឱ្យកម្មករ នូវប្រាក់ចំណូលទាបនៅឡើយ។ ក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស បានដើរតួយ៉ាងសំខាន់ ក្នុងការងាររួមចំណែកបង្កើតការងារមានគុណភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជា។ មកដល់ឆ្នាំ ២០១៥ មួយភាគបី នៃការងារមានប្រាក់ឈ្នួល នៅកម្ពុជា គឺស្ថិតនៅ ក្នុងក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស។ ក្នុងអំឡុងឆ្នាំ២០១០-២០១៥ ឧស្សាហកម្ម កាត់ដេរ គឺជាវិស័យមុខរបរ ដែលមានការរីកលូតលាស់យ៉ាងលឿនបំផុត។

លោកស្រី អ៊ិនហ្គូណា ដូប្រាចា បានលើកឡើងថា ក្រុមហ៊ុនក្នុងស្រុកមានចំនួន ច្រើនជាងក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស ប៉ុន្តែពួកគេមិនបានចូលរួមចំណែក បង្កើតការងារបានច្រើនទេ។ ក្រុមហ៊ុនក្នុងស្រុកជួល កម្មករជាមធ្យម៨នាក់ ក្នុងមួយក្រុមហ៊ុន បើប្រៀបធៀបទៅនឹងក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស គឺ ១២៤នាក់ក្នុងមួយក្រុមហ៊ុន។

ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំកម្ពុជា បានបន្ដទៀតថា កង្វល់ធំមួយ គឺនៅត្រង់ការធ្វើយ៉ាងណា ឱ្យពលករកម្ពុជាមានជំនាញច្បាស់លាស់ ដើម្បីឱ្យពួកគាត់អាចទៅប្រកួតប្រជែង ជាមួយកម្មករមកពីប្រទេសផ្សេងទៀតបាន ក្នុងការស្វែងរកការងារធ្វើក្នុងក្រុមហ៊ុន ដែលគ្រប់គ្រងដោយបរទេស។ នៅឆ្នាំ២០១៦ មាន៣៧.៦% នៃក្រុមហ៊ុននាំចេញ បានប្រាប់ឱ្យដឹងថា កម្លាំងពលកម្មដែលមាន ការអប់រំជំនាញមិនគ្រប់គ្រាន់ជាឧបសគ្គចម្បង ដល់ការធ្វើអាជីវកម្ម។

បើតាមលោកស្រី វេនឌី ខាន់ និងហេម សេដ្ឋវិទូជាន់ខ្ពស់ និងជាអ្នករៀបរៀងរបាយការណ៍ បានថ្លែងថា «ជោគជ័យនៃយុទ្ធសាស្ត្រការងារ របស់ប្រទេសកម្ពុជា នឹងអាស្រ័យលើការចូលរួម និងកិច្ចសហប្រតិបត្តិការរបស់ភាគី ពាក់ព័ន្ធនានា លើគ្រប់ផ្នែកនៃសេដ្ឋកិច្ច មិនមែនត្រឹមតែអ្នកធ្វើគោលនយោបាយ និងថ្នាក់ដឹកនាំរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែគឺទាំងសហគ្រិន អ្នកវិនិយោគ ដៃគូអភិវឌ្ឍន៍ និងជាពិសេស គឺពលករខ្លួនឯងតែម្តង»៕

 

ដកស្រង់៖ បូ ទីន /akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com