ការប្រកួតរូបថតអាស៊ីអាគ្នេយ៍ស្តីពីអ្នកកសិកម្មវ័យក្មេងនឹងបើកទទួលសម្រាប់អ្នកថតរូបកម្ពុជា

  • 2019-11-08 2:40:47
  • ចំនួនមតិ 0 | ចំនួនទស្សនា 401


មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការសិក្សា និងស្រាវជ្រាវផ្នែកកសិកម្ម (SEARCA) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា អ្នកថតរូបកម្ពុជាទាំងអ្នកស្ម័គ្រចិត្ត និង​អ្នកជំនាញគ្រប់វ័យទាំងអស់មានពេលរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលជាថ្ងៃផុត​កំណត់នៃការដាក់ស្មើរូបថតសម្រាប់កម្មវិធីប្រកួតប្រជែងរូបថតឆ្នាំ ២០១៩ របស់មជ្ឈមណ្ឌល​តំបន់​អាស៊ីអាគ្នេយ៍សម្រាប់ការសិក្សា និងស្រាវជ្រាវផ្នែកកសិកម្ម(SEARCA)។

ក្នុងសេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ការប្រកួតប្រជែងរូបថតនេះ​ត្រូវបាន​បើក​សម្រាប់ជនជាតិទាំងអស់នៃប្រទេសកម្ពុជា ព្រុយណេដារូសាឡឹម ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម។ ជាមួយនឹង​​ប្រធាន បទ «អ្នកកិសកម្មវ័យក្មេងនៃការដាំដុះអាស៊ីអាគ្នេយ៍» នៃការប្រកួតប្រជែងរូបថតរបស់ SEARCA នៅក្នុងឆ្នាំនេះ មានការពង្រីកបន្ថែមទៅលើរូបភាពរស់រវើកដែលពិពណ៌នាអំពី យុវជនដែលមានលក្ខណៈច្នៃប្រឌិតនៅអាស៊ីអាគ្នេយ៍ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងវិស័យ កសិកម្មនាពេលបច្ចុប្បន្ន និងអនាគត។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា មានតែរូបថតពណ៌ច្បាប់ដើមប៉ុណ្ណោះ​ដែលត្រូវបានពិចារណា។ រូបថតចំនួន ៥សន្លឹកនឹងត្រូវជ្រើសរើស។ អ្នកដែលទទួលបាន​ចំណាត់​ថ្នាក់លេខ ១ នឹងទទួលបានទឹកប្រាក់១.០០០ដុល្លារអាម៉េរិក ជ័យលាភីចំណាត់​ថ្នាក់​លេខ ២ និងលេខ ៣ នឹងទទួលបានទឹកប្រាក់ ៨០០ដុល្លារអាម៉េរិក និង៥០០ដុល្លារអាម៉េរិក ចំណែករង្វាន់រូបថតប្រជាប្រិយនឹងទទួលបានទឹកប្រាក់២០០ដុល្លារអាម៉េរិកផងដែរ។

ជាមួយ គ្នានេះ ពួកគេក៏នឹងទទួលបានរង្វាន់ពិសេសសម្រាប់ ការជ្រើសរើសរបស់រដ្ឋមន្រ្តី​ក្រសួងអប់រំ​ហ្វីលីពីន និងការជ្រើសរើសរបស់នាយក SEARCA ផងដែរ។ ចំពោះអ្នកថតរូបដែល​មាន បំណងចូលរួមកម្មវិធីនេះ ត្រូវផ្ញើរូបថតតាមប្រព័ន្ធអ៊ិនធឺរណែតតាមរយៈគេហទំព័រ https://photocontest.searca.org/ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩។ សម្រាប់ បេក្ខជនម្នាក់ៗអាចដាក់រូបថតចូលរួមបានច្រើន តែត្រូវតែជារូបថតដែលមិនធ្លាប់ត្រូវ បានដាក់ ចូលរួមកម្មវិធីប្រកួតរូបថត និងមិនដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅកន្លែងណាមួយ ពីមុនមក៕

 

ដកស្រង់៖ បូ ទីន, បកប្រែដោយ៖ យា ចិន្តាខន្តី /akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com