រយៈពេល៨ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលភ្ញៀវទេសចរជាង៤លាននាក់

  • 2019-10-08 2:58:27
  • ចំនួនមតិ 0 | ចំនួនទស្សនា 344


ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៩ នេះ កម្ពុជាទទួល​បាន​ភ្ញៀវទេសចរមកកម្សាន្តចំនួន ៤.៣៦០.៣៩៧នាក់ គឺកើនឡើង១០.៤% ​បើធៀប​រយៈ​ពេល​ដូចគ្នាឆ្នាំ២០១៨។

រូបភាព akp

របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជាង៤លាននាក់ ក្នុងនោះភ្ញៀវទេសចរចូលតាមផ្លូវអាកាសមានចំនួន ៣.១០៤.៤៨៩នាក់ ស្មើនឹង៧១.២% នៃចំនួន​​ភ្ញៀវសរុបដែលមានកើន១៦.៦ភាគរយ (ក្នុងនោះ ចូលតាមអាកាសយាន​ដ្ឋានអន្តរជាតិភ្នំពេញ​ចំនួន ១.៤២៧.៤៨៧នាក់ កើន១៤.៧% តាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប ១.១៨៨.២៥៤នាក់ ថយចុះ៩.១ភាគរយ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុចំនួន ៤៨៨.៧៤៨នាក់ កើនឡើង៣៤៣.៥%)។

ដោយឡែក ភ្ញៀវទេសចរដែលចូលមកតាមផ្លូវគោកមានចំនួន១.១៦០.៧៤៦នាក់ ស្មើ​នឹង​២៦.៦% នៃចំនួនសរុប ថយចុះ២.៩ភាគរយ និងភ្ញៀវទេសចរចូលតាមផ្លូវទឹក​មាន​ចំនួន៩៥.១៦២នាក់ ស្មើនឹង២.២% នៃចំនួនសរុប កើនឡើង២.៩%។

រូបភាព akp

ជាមួយគ្នានេះ ចំនួនភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងដែលទៅទស្សនាតំបន់អាទិភាព នៅ​ក្នុងរយៈ៨ខែ ដើមឆ្នាំនេះ គឺនៅតំបន់ភ្នំពេញ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ២.៨០៨.​៥៦១​នាក់ ស្មើនឹង៥៣.៨ភាគរយ នៃចំនួនភ្ញៀវសរុប កើនឡើង២៧.៤ភាគរយ។ សៀម​​រាប​អង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១.៥៥១.៨៣៦នាក់ ស្មើនឹង២៩.២ភាគរយ នៃចំនួនភ្ញៀវ​សរុប ថយចុះ១១.១%។ តំបន់ឆ្នេរសមុទ្រទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៨០៤.៥៣៧នាក់ ស្មើនឹង១៥.២% កើន៣៦.៥%។ តំបន់អេកូទេស​ចរណ៍​ភូមិ​ភាគឦសាន្តទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥៦.៧២៣នាក់ ស្មើនឹង១.១% កើនឡើង៩.១%។ តំបន់ប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន​៣៦.៩៥៧នាក់ ថយចុះ៣.៣%។

សូមបញ្ជាក់ថា សម្រាប់រយៈពេល៨ខែ ដើមឆ្នាំ២០១៩នេះដែរ ក៏មានទេសចរកម្ពុជាចេញទៅក្រៅ​ប្រទេសចំនួន ១.៣៤៧.០៦០នាក់ កើនឡើង៤.៧% ធៀបនឹងរយៈ​ពេលដូច​​​គ្នា​កាលពី​ឆ្នាំ២០១៨៕

 

ដកស្រង៖ វិសាល /akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com