គំនិតទាំង០៤ របស់មេ Google ដែលអ្នកអាចយកមកគិតពិចារណាបាន

  • 2019-09-23 4:32:43
  • ចំនួនមតិ 0 | ចំនួនទស្សនា 1200


លោក Sundar Pichai គឺជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Google ដែលលោកគឺជាបុគ្គលដ៏ល្បីម្នាក់ដែលមានសញ្ជាតិពីរ ឥណ្ឌា – អាមេរិច។ បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិប្រមាណ ១ពាន់លានដុល្លារ។ មុននឹងលោកអាចដើរមកដល់ថ្ងៃនេះ លោកបានឆ្លងកាត់នូវបញ្ហា និង ឧបសគ្គជាច្រើន ហើយក្នុងនោះវិធីសាស្រ្តដែលលោកអាចរក្សាបាននូវភាពជោគជ័យទាំងខ្លួនឯង និង ទាំងក្រុមហ៊ុន Google ដែលអាចយកឈ្នះលើដៃគូប្រកួតប្រជែងខ្លាំងៗរបស់ខ្លួនបានយ៉ាងងាយក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ គឺមានដូចខាងក្រោមនេះឯង៖

១. គិតទុកមុននូវការងារបន្ទាប់

នៅត្រង់ចំណុចនេះលោកចង់បញ្ជាក់ថា ប្រសិនបើអ្នកមិនបានគិតអំពីកិច្ចការនូវថ្ងៃខាងមុខ (ការច្នៃប្រឌិត​ ឬ ការបង្កើតថ្មីអ្វីមួយ) ឱ្យបានមុនគេទេនោះ នោះផលិតផល ឬ សេវាកម្មរបស់អ្នកនឹងមិនអាចមានលទ្ធភាពក្នុងការប្រកួតប្រជែងជាមួយគេបានឡើយ។ ហើយអ្នកនឹងក្លាយទៅជាអ្នកប្រើប្រាស់ផលិតផល ឬ សេវាកម្មរបស់គេវិញជាក់ជាមិនខាននៅរយៈពេលពី ២ ទៅ៥ឆ្នាំខាងមុខទៀត។ លោក Sundar Pichai មានប្រសាសន៍ថាលោកតែងតែផ្តោតទៅលើអនាគតជានិច្ចដើម្បីធ្វើឱ្យប្រាកដថាលោកកំពុងធ្វើការច្នៃប្រឌិត និង បង្កើតផលិតផលសម្រាប់អនាគត។ ហើយប្រសិនជាយើងយកករណីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា ដូចជាក្រុមហ៊ុន Yahoo និង Nokia នោះគឺជាគម្រូមួយដែលអាចផ្ដល់ឱ្យយើងនូវមេរៀនដែលគួរឱ្យយើងមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីកុំឱ្យដើរជាន់ដានចាស់របស់ក្រុមហ៊ុនទាំងពីរនោះទៀត។

២. មានគំនិតច្រើន

មិនថាអ្នកមកពីណាទេ ឬ រៀនបានកម្រិនណានោះទេ សំខាន់ណាស់ដែលអ្នកត្រូវតែមានគំនិតឱ្យច្រើន និង ប្លែកៗដែល​អាចយកមកច្នៃចេញជាគំនិតដ៏អស្ចារ្យមួយបាន ដើម្បីយកទៅអភិវឌ្ឍន៍ និង ប្រើប្រាស់សម្រាប់ត្រៀមនូវការផ្លាស់ប្តូរ ឬ ការប្រកួតប្រជែងណាមួយរបស់អ្នក ដែលអាចឱ្យអ្នកមានភាគរយខ្ពស់ក្នុងការទប់ទល់នឹងបញ្ហា ឬ ឧបសគ្គនាពេលអនាគតបាន។ អ្នកត្រូវដឹងថារាល់ភាពជោគជ័យទាំងអស់ វាតែងតែកើតចេញពីការត្រៀមទុកនូវដំណោះស្រាយ ហើយដំណោះស្រាយទាំងនោះវាក៏ទាមទារឱ្យអ្នកមាននូវគំនិតប្លែងៗជាច្រើនដើម្បីយកមកពិចារណាក្នុងការសម្រេចចិត្តធ្វើកិច្ចការទាំងនោះឱ្យជោគជ័យ។

៣. ហ៊ានធ្វើការប្រថុយប្រថាន

បើអ្នកចង់ជោគជ័យលើកិច្ចការអ្វីមួយ ​គឺចំាបាច់ណាស់ដែលទាមទារឱ្យអ្នកមានភាពក្លាយហានក្នុងការប្រថុយប្រថានចំពោះកិច្ចការដែលអ្នកចង់ធ្វើនោះ ប៉ុន្តែសូ​មឱ្យការប្រថុយប្រថាននោះជាការប្រថុយប្រថានដែលប្រកបដោយចំណេះដឹង។ បើអ្នកមិនហ៊ានប្រថុយអ្នកនឹងអាចបាត់បង់ឱកាសជោគជ៏យជាមួយកិច្ចការនោះ ព្រោះថាឱកាសភាគច្រើនតែងតែលាក់ខ្លួនក្នុងបញ្ហា។ ប្រសិនបើអ្នកប្រថុយហើយទទួលបានជោគជ័យ នោះអ្នកនឹងមានជីវភាពរឹតតែល្អប្រសើរជាមុន ប៉ុន្តែប្រសិនបើបរាជ័យ​ អ្នកនឹងបានរៀនពីកំហុសច្រើនជាងមុន ហើយរឹតតែធ្វើឱ្យអ្នកកាន់រឺងមាំជាងមុនថែមទៀតផង។ ចូរចងចាំថាទ្រព្យសម្បត្តិនឹងមានច្រើនដល់មនុស្សដែលក្លាហាន ប៉ុន្តែសូមឱ្យការក្លាហាននោះប្រកបដោយចំណេះដឹង មានចំណេះដឹងបូកនឹងភាពក្លាហានទើបទទួលបានលទ្ធផលល្អ ប៉ុន្តែប្រសិនបើក្លាហានដោយគ្មានចំណេះដឹងទេនោះ ១០០%លទ្ធផលនឹងបរាជ័យ។ ដូច្នេះសូមកុំសម្រេចចិត្តធ្វើអ្វីទាំងអស់នៅពេលដែលមាននរណាម្នាក់ធ្វើឱ្យអារម្មណ៍របស់អ្នកពុះកញ្ជ្រោល ព្រោះភាគរយនៃការបរាជ័យខ្ពស់ខ្លាំងណាស់ ចំាពេលអារម្មណ៍របស់អ្នកស្ងប់សិនចាំសម្រេចចិត្តក៏មិនហួសពេលដែរ។

៤. ដេញតាម​ក្តី​ស្រមៃរបស់​អ្នក

ធ្វើជាមនុស្សយើងត្រូវមានក្តីស្រមៃឱ្យធំ ព្រោះការដែរមានក្តីស្រមៃធំនេះ វាមិនត្រូវការចំណាយប្រាក់អ្វីនោះទេ។ លោក​ Sundar Pichai ​​មានប្រសាសន៍ថាវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរត់តាមក្តីស្រមៃរបស់អ្នក និង ធ្វើអ្វីដែលអ្នកស្រឡាញ់ពេញចិត្តនឹងការងារនោះ នោះអ្នកនឹងធ្វើការងារទាំងនោះដោយសេចក្តីសប្បាយរីករាយ ​ហើយលទ្ធផលនៃការងារក៏នឹងមានផលល្អប្រសើរច្រើនផងដែរ៕​

 

អត្ថបទ៖ វិសាល

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com