វិភាគគោលការណ៍ទាំង០៥ របស់លោក Sundar Pichai មេ Google

  • 2019-09-18 8:32:40
  • ចំនួនមតិ 0 | ចំនួនទស្សនា 573


បច្ចុប្បន្ននេះលោក Sundar Pichai គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Google ដែលលោកគឺជាកូនកាត់សញ្ជាតិឥណ្ឌា – អាមេរិច លោក Sundar Pichai មានទ្រព្យសម្បត្តិសរុបប្រមាណ ពាន់លានដុល្លារ។ ដោយសារភាពជោគជ័យរបស់លោកនេះហើយ ទើបធ្វើឱ្យលោកល្បីឈ្មោះក្នុងអាជីពការងាររបស់ខ្លួន ដែលអាចមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំក្រុមហ៊ុន Google បានរឹតតែជឿនលឿន និងអាចទប់ទល់ យកឈ្នះលើដៃគូប្រកួតប្រជែងខ្លាំងៗរបស់ខ្លួនបានយ៉ាងងាយទៀតផង។ ហើយខាងក្រោមនេះគឺជាគោលការណ៍ទាំង៥ របស់លោក៖

១. គិតរឿងដែលអ្នកត្រូវធ្វើបន្ទាប់៖ មនុស្សភាគច្រើនតែងតែមិនសូវគិតដល់រឿងអនាគតនោះទេ ហើយនេះមិនមែនពួកគេមិនចង់គិត ឬមិនដែរគិតនោះទេ ប៉ុន្តែមកពីពួកគេនៅមិនទាន់ស្គាល់ខ្លួនឯងច្បាស់ ឬក៏នៅស្រពិចស្រពិលចំពោះអនាគតរបស់ខ្លួន។ ការដែរអាចឱ្យនរណាម្នាក់អាចគិតដល់កិច្ចការនាពេលអនាគត់បាន លុះត្រាតែពួកគេអាចស្គាល់ខ្លួនគេឱ្យច្បាស់ជាមុនសិន។ ហើយសម្រាប់លោក Sundar Pichai គឺលោកតែងតែគិតទៅដល់រឿងនាពេលអនាគតដែលជាសក្តានុពលដែលអាចធ្វើឱ្យកិច្ចការដែលលោកកំពុងធ្វើនេះរឹតតែមានភាពរីកចម្រើនទៅមុខរឹតតែខ្លាំង ក៏ដូចជាដើម្បីត្រៀមខ្លួនឱ្យរួចជាស្រេចក្នុងការទទួលយកនូវការផ្លាស់ប្តូរណាមួយដែលអាចកើតឡើងដោយមិនបានដឹងមុននាថ្ងៃក្រោយ។

២. ហ៊ានប្រឈមនឹងហានិភ័យ៖ ធម្មតាទៅហើយដែលមនុស្សម្នាក់ៗតែងតែត្រូវប្រឈមនឹងហានិភ័យ ប៉ុន្តែវាគ្រាន់តែ មានអ្នកខ្លះអាចយកឈ្នះវាបាន និងអ្នកខ្លះក៏ត្រូវចុះចាញ់ទាំងដែលខ្លួនមិនហ៊ានសូម្បីតែប្រឈមនឹងហានិភ័យទាំងនោះ។ សម្រាប់លោក Sundar Pichai ការដែលហ៊ានប្រឈមនឹងហានិភ័យមិនមែនមានន័យថាយើងត្រូវតែប្រឈមនឹងវាដោយខ្វះចំណេះដឹងនោះទេ។ ការប្រឈមនឹងហានិភ័យវាតម្រូវឱ្យយើងម្នាក់ៗត្រូវចេះត្រៀមខ្លួន ត្រៀមចំណេះដឹង និងត្រៀមភាពក្លាហានដើម្បីបំបែកឱ្យបាននូវបញ្ហា ឬឱបសគ្គទាំងឡាយដែលមករារាំងដំណើររបស់យើង។

៣. គិតបែបវិជ្ជមានជានិច្ច៖ រឿងគិតវិជ្ជមានមិនមែនគ្រាន់តែនិយាយ ហើយអាចអនុវត្តបាននោះទេ ព្រោះការគិតបែបនេះ វាមិនងាយដូចជាយើងនិយាយនោះទេ ការសំខាន់នោះ គឺយើងត្រូវស្វែងយល់ និងសិក្សាឱ្យច្បាស់ពីពាក្យមួយនេះសិន ទើបយើងអាចទាញប្រយោជន៍ចេញពីពាក្យមួយឃ្លានេះបាន។ ការដែលមនុស្សម្នាក់អាចគិតវិជ្ជមានបាន វាទាមទាឱ្យពួកគេម្នាក់ៗត្រូវចេះស្វែងយល់ និងសិក្សាទៅលើការគិតទៅលើអ្វីមួយ ផ្នត់គំនិតបែងចែក និងទស្សនជីវិតឱ្យបានច្រើន ដើម្បីឈានទៅដល់ការយល់មួយដែលយើងអាចបែងចែកបាននូវអ្វីខុស អ្វីត្រូវ និងអ្វីគួរ អ្វីមិនគួរ ហើយដល់ពេលនោះទើបយើងអាចចេះគិតបែបវិជ្ជមានបាន។ ហើយនៅពេលណាដែលអ្នកអាចគិតបែបវិជ្ជមានបានហើយ នោះរាល់កិច្ចការណាក៏ដោយឱ្យតែអ្នកធ្វើ គឺភាគច្រើនសុទ្ធតែទទួលបានជោគជ័យទាំងអស់។

៤. ត្រូវដោះស្រាយបញ្ហាដែលខ្លួនកំពុងប្រឈម៖ បញ្ហានរណាក៏មិនអាចជៀសផុតដែរ ដរាបណាអ្នកនៅមានដង្ហើម អ្នកនៅតែមានបញ្ហាអ៊ីចឹង។ ការដែរត្រូវដោះស្រាយបញ្ហាចំពោះមុខ វាគឺជារឿងសំខាន់ដែលវាតម្រូវឱ្យអ្នក ត្រូវតែដោះស្រាយជាដាច់ខាត។ បើទោះបីជាអ្នកអាចរត់គេចពីវានៅថ្ងៃនេះបាន ប៉ុន្តែអ្នកនឹងជួបវានៅថ្ងៃក្រោយជាក់ជាមិនខាន ប្រសិនជាអ្នកនៅតែរត់គេច វាស្មើរនឹងអ្នកសន្សំបញ្ហានោះពីតូចទៅធំ។ ដូច្នេះហើយដើម្បីកាត់បន្ថយនូវបញ្ហាបាន រាល់ការធ្វើកិច្ចការអ្វីមួយវាទាមទាឱ្យអ្នកគិតឱ្យបានច្រើន និងមានចំណេះដឹងខ្ពស់ផងដែរ។

៥. ធ្វើអ្វីដែលខ្លួនស្រឡាញ់ កុំគិតរឿងលុយតែមួយមុខ៖ ប្រសិនបើអ្នកគិតរឿងលុយ មុនពេលដែលអ្នកគិតរឿងអ្វីដែលអ្នកចូលចិត្ត ឬស្រឡាញ់ នោះចុងក្រោយអ្នកនឹងបរាជ័យ។ ហេតុអ្វី? អ្នកត្រូវចាំថាលុយវាអាចកើតឡើងបានលុះត្រាណាដែលអ្នកធ្វើឱ្យកិច្ចការណាមួយមានដំណើរការល្អ ឬក៏មានភាពរីកចម្រើនសិន ទើបលុយទាំងនោះអាចរត់មករកអ្នកបាន។ ប៉ុន្តែប្រសិនបើអ្នកនៅគិតរឿងថាធ្វើការនេះ ឬធ្វើការនោះ ទើបបានលុយច្រើន នោះមានន័យថាអ្នកកំពុងរត់តាមលុយ មិនលុយរត់តាមអ្នកនោះទេ។ ហើយអ្នកខ្លួនឯងនឹងគ្មានជំហរណាមួយដើម្បីធ្វើកិច្ចការដែលខ្លួនស្រឡាញ់បានឡើយ ដោយសារអ្នករត់តាមគ្រប់វិស័យដែលអ្នកដទៃគិតថា ធ្វើអានេះល្អ ឬធ្វើអានោះល្អ រហូតដល់ចុងក្រោយសូម្បីតែអ្នកខ្លួនឯងក៏មិនដឹងថាខ្លួនកំពុងធ្វើអ្វីដែរ៕

 

អត្ថបទ៖ ប៊ុនហ៊ាង

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com