គោលការណ៍ល្អៗទាំង ៨ របស់លោក ឈិន ឡុង

  • 2019-09-09 7:50:20
  • ចំនួនមតិ 0 | ចំនួនទស្សនា 373


តារា​សម្ដែង​ល្បី​ឈ្មោះលោក Jackie Chan (ឈិន ឡុង) ដែលមាន​ឈ្មោះ​ពេញ​ថា Chan Kong Sang។ លោកបានកើត​ក្នុង​​ឆ្នាំ១៩៥៤ ​នៅ​ទីក្រុង​ហុងកុង ដែលមានឪពុក​ម្ដាយ​គឺ​​ជា​អ្នកក្រីក្រដែលរៀន​មិន​បាន​ដិត​ដល់។ ​ហេតុដូច​នេះ​ហើយ ទើបឳពុកម្តាយរបស់លោក​បាន​ចាត់​ទុក​​ការ​អប់​រំ​​កូនគឺ​ជារឿង​ធំ​ ដែលតែងតែចង់ឲ្យ​ ឈិន ឡុង បានសិក្សារៀនសូត្របានខ្ពង់ខ្អស។ ប៉ុន្តែខុស​ពី​ការ​រំពឹង​ទុក​របស់​ឪពុក​ម្ដាយ ឈិន ឡុង​ វក់​នឹង​ការ​លេង រប៉ិលរប៉ូច និងមិនសូវចូលចិត្តទៅសាលា។ ក្មេង​ប្រុស​ម្នាក់​នេះ​ជាមួយ​នឹង​ក្រុម​មិត្តភ័ក្ដិ​របស់​ខ្លួន​មួយ​ថ្ងៃ​ៗ​ចូល​ចិត្ត​ឡើង​ដើម​ឈើ ផ្លោះ​របង វាយ​ប្រតប់​គ្នា​គ្មាន​ពេល​អង្គុយ​នៅ​មួយ​កន្លែងនោះ។ ប៉ុន្តែបើទោះបីជាយ៉ានេះក្តី ក៏លោកបានប្រែក្លាយជីវិតរបស់លោកឱ្យផ្លាសប្តូរបានដោយជោគជ័យផងដែរ ហើយខាងក្រោមនេះគឺជាសម្រងពាក្យល្អៗមួយចំនួនរបស់លោក៖

១. ត្រូវធ្វើជាខ្លួនឯង៖ ត្រូវធ្វើតាមបេះដូងរបស់អ្នក ប្រសិនបើអ្នកមិនចង់មានការស្តាយក្រោយនៅពេលអនាគត នៅពេលដែលអ្នករកឃើញអ្វីដែលអ្នកស្រឡាញ់ហើយ។ ដូច្នេះអ្នកត្រូវតែដើរតាមបេះដូងរបស់អ្នក។

២.  ត្រូវធ្វើគ្រប់យ៉ាងដើម្បីភាពជោគជ័យ តែមិនបំពានអ្នកដទៃ៖ ធ្វើជាមនុស្សកុំដើម្បីតែភាពជោគជ័យខ្លួនឯងហើយអ្នកទៅបំផ្លាញអ្នកដទៃនោះ ព្រោះថាការដែលមនុស្សម្នាក់អាចសម្រេចបាននូវលទ្ធផលអ្វីមួយបាន មិនមែនទាល់តែទៅបំពានអ្នកដទៃនោះទេ តែពួកគេព្យាយាមធ្វើគ្រប់យ៉ាងដើម្បីភាពជោគជ័យដើម្បីខ្លួនឯង និងអ្នកដទៃផងដែរ។

៣. រៀនសូត្រពីអ្នកដទៃដែលពូកែជាងអ្នក៖ ការរៀនសូត្រវាគ្មានដែនកំណត់នោះទេ ដូច្នេះហើយកុំបិទផ្លូវខ្លួនឯងដោយអំណួតឱ្យសោះ។

៤. ខិតខំឱ្យខ្លាំងតាមដែលអ្នកអាចធ្វើបាន៖ ធ្វើអ្វីមួយក៏ដោយ សំខាន់ណាស់ដែលអ្នកត្រូវដឹងមុនគេ គឺក្តីស្រម៉ៃរបស់ខ្លួន នៅពេលដែលអ្នករកឃើញក្តីស្រម៉ៃរបស់ខ្លួនហើយ នោះអ្នកនឹងខិតខំធ្វើកិច្ចការអស់ទាំងនោះដោយភ្លេចអស់ភាពនឿយហត់។

៥. ត្រូវខិតខំធ្វើការទាន់ខ្លួននៅក្មេង៖ ពេលយើងនៅក្មេងទាំងការគិត ទាំងកំលាំងរបស់យើង គឺសុទ្ធតែអំណោយផលសម្រាប់យើង ដើម្បីឱ្យយើងប្រើប្រាស់វាក្នុងការបង្កើតអនាគតមួយដែលមានភាពរុងរឿង។ ដូច្នេះហើយគួរណាស់យើងត្រូវចេះប្រើប្រាស់វ័យនេះឱ្យបានល្អ ជាជាងខាតពេលទៅលើរឿងឥតប្រយោជន៍ នាំឱ្យមានការស្តាយក្រោយនូវថ្ងៃមុខ។

៦. កុំផ្តោតលើលុយពេករហូតដល់បាត់បង់មនសិការ៖ ក្នុងការរកស៊ីក្តី ធ្វើការក្តី សំខាន់ណាស់ដែលមនុស្សម្នាក់ៗតែងតែខិតខំធ្វើយ៉ាងណាដើម្បីរកកម្រៃសម្រាប់ចិញ្ចឹមជីវិតរបស់ខ្លួន ប៉ុន្តែក្នុងនោះអ្នកក៏ត្រូវមានមនសិការ (ដឹងខុសត្រូវ) ទៅលើកិច្ចការដែលខ្លួនកំពុងធ្វើនោះផងដែរ។ កុំព្រោះតែលុយហើយទៅបំពានអ្នកដទៃនោះ។

៧. រក្សាពាក្យសន្យា ព្រោះវានឹងរក្សាតម្លៃរបស់អ្នក៖ ក្នុងជីវិតរកស៊ីក្តី ក្នុងជីវិតធ្វើការឱ្យគេក្តី ចាំបាច់ណាស់ដែលអ្នកត្រូវមានទំនួលខុសត្រូវខ្ពស់។ ហើយក្នុងនោះ ការរក្សាពាក្យសន្យារបស់ខ្លួនគឺជារឿងចំាបាច់បំផុតដើម្បីធ្វើឱ្យអ្នកក្លាយជាមនុស្សរឹងមាំក្នុងការមានទំនាក់ទំនងល្អជាមួយមនុស្សដទៃទៀតបាន។

៨. ស្វែងរកមនុស្សដែលអ្នកយកគាត់ជាគំរូ៖ នៅពេលដែលអ្នករកឃើញនរណាម្នាក់ដែលអ្នកយកពួកគាត់ធ្វើជាគំរូរបស់អ្នកបានហើយ នោះមានន័យថាអ្នករកខ្លួនឯងឃើញដែរហើយ៕

 

អត្ថបទ៖ បូ ទីន

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com