ដំបូន្មានរបស់លោក Richard Branson សម្រាប់សហគ្រិនជំនាន់ក្រោយ

  • 2019-08-14 3:55:03
  • ចំនួនមតិ 0 | ចំនួនទស្សនា 765


លោក Richard Branson គឺជាមនុស្សម្នាក់ដែលធ្វើឱ្យគូប្រកួតប្រជែងរបស់លោកតែងតែខ្លាចរអាលចំពោះយុទ្ធសាស្រ្តបង្កើត និងគ្រប់គ្រងអាជីវកម្មជាច្រើនរបស់លោក។ លោកគឺជាមនុស្សម្នាក់ដែលចូលចិត្តបង្កើតនូវអ្វីដែលថ្មីហើយប្លែកដែលធ្វើឱ្យមនុស្សជុំវិញពិភពលោកមិនសរសើរមិនបាន ដែលជាទូទៅត្រូវបានគេឱ្យរហ័សនាមលោកថាជាសហគ្រិនដ៏ឆ្នើមមួយរូបរបស់ពិភពលោក។ ហើយខាងក្រោមនេះគឺជាដំបូន្មានរបស់លោកទៅកាន់សហគ្រិនថ្មីថ្មោង៖

លោកនិយាយថា៖ យើងគួរតែស្វែងរកការរកស៊ីអ្វីដែលខ្លួនឯងស្រលាញ់ជាជាងមើលឃើញតែផលចំណេញ ឬឱកាសតែមួយមុខ។ ព្រោះថាក្តីស្រឡាញ់របស់យើងនឹងមិនធ្វើឱ្យយើងនឿយហត់នឹងកិច្ចការរកស៊ីទាំងអស់នោះទេ ហើយការដែលអ្នករកស៊ីម្នាក់គិតតែពីរឿងប្រាក់តែមួយមុខនោះ នោះការរកស៊ីរបស់ពួកគេនឹងមិននៅគង់វង់យូអង្វែងនោះទេ ព្រោះថាពេលខ្លះពួកគេនឹងអាចធ្វើអំពើមិនសមរម្យណាមួយដើម្បីតែប្រាក់។

នៅមានរឿងមួយទៀត នោះគឺយើងអាចផ្តើមរកស៊ីដោយការរៀនពីអ្នកដទៃ ប៉ុន្តែត្រូវចំាថាការរៀននោះវាត្រូវនឹងចំណងនៃក្តីស្រឡាញ់របស់យើងផងដែរ ទើបវាឆាប់ទទួលបានផល។ ការចាប់ផ្តើមអាជីវកម្មដំបូងយើងត្រូវផ្តោតទៅលើក្តីស្រឡាញ់ជាមុនសិន ព្រោះក្តីស្រឡាញ់នឹងមិនធ្វើឱ្យមនុស្សហត់នឿយ ហើយក្តីស្រឡាញ់ក៏នឹងធ្វើឱ្យកិច្ចការរកស៊ីមួយនោះប្រកបដោយគុណធម៌ផងដែរ។

តែបើយើងនិយាយពីឱកាសគឺជារឿងសំខាន់ដែរ ព្រោះថាការធ្វើជំនួញគឺជាការស្វែងរកឱកាស ប៉ុន្តែយ៉ាងណាក៏ក្តីស្រឡាញ់ត្រូវដើរពីមុខវាដែរ ព្រោះថាឱកាសនៃជំនួញវាចេញពីការគិត និងសិក្សាស្រាវជ្រាវរបស់មនុស្សយើង។ អ៊ីចឹងហើយទើបការចាប់ផ្តើមចេញពីក្តីស្រឡាញ់ វានឹងជម្រុញឱ្យយើងមានឱកាសទៅតាមហ្នឹងផងដែរ។ នោះវាមិនខុសអ្វីពីមនុស្សពីរនាក់បើកហាងកាហ្វេតែមួយ តែហេតុអ្វីមានអ្នកជោគជ័យ និងមានអ្នកបរាជ័យ នោះក៏ព្រោះតែក្តីស្រឡាញ់នៃមុខជំនួញមួយនោះ បានរុញមនុស្សម្នាក់ក្នុងចំណោមពួកគេឱ្យខិតខំប្រឹងប្រែងគិតទាំងយប់ទាំងថ្ងៃដើម្បីរកវិធីធ្វើឱ្យអាជីវកម្មរបស់ខ្លួនរស់។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សហគ្រិនវ័យក្មេង ឬថ្មីថ្មោងដើម្បីលើកទឹកចិត្តដល់ខ្លួនឯង និងព្យាយាមធ្វើការរកស៊ីរបស់ខ្លួនឱ្យអស់ពីលទ្ធភាព និងសមត្ថភាព។

សរុបមកមិនថាក្នុងកិច្ចការអ្វីក៏ដោយ បើយើងធ្វើដោយក្តីស្រឡាញ់ នោះវានឹងធ្វើឱ្យយើងភ្លេចអស់ការនឿយហត់ក្នុងការសម្រេចវាឱ្យបានជោគជ័យ៕

 

អត្ថបទ៖ វិសាល

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com