ចង់ទិញផ្ទះក្នុងបុរីគួរពិនិត្យមើលលើចំណុចណាខ្លះ?

  • 2019-07-13 4:55:21
  • ចំនួនមតិ 0 | ចំនួនទស្សនា 577


សព្វថ្ងៃយើងសង្កេតឃើញថាកំណើននៃសំណង់បុរី កំពុងពុះកញ្ញ្រោលខ្លាំង ស្របពេលដែលមានបងប្អូនប្រជាពលរដ្ឋជាច្រើនភ្លូកទឹកភ្លូកដីចង់រកទិញផ្ទះក្នុងបុរី។ ដូចនេះហើយទើបទាំងអ្នកទិញ និងអ្នកលក់តែងតែបានផលចំណេញដូចៗគ្នា ដែលអ្នកទិញចង់បានផ្ទះដែលមានគុណភាពល្អ ស្របពេលដែលអ្នកក៏ចង់លក់ក្នុងតម្លៃមួយដែលទទួលបានផលចំណេញច្រើន។ ប៉ុន្តែសម្រាប់ពេលនេះ ក្រុមការងារសូមលើកយកពីគន្លឹះផ្សេងៗដែលអាចជួយឱ្យអ្នកទិញទទួលបានទំនុកចិត្ត និងគុណភាពមួយដែលខ្លួនចង់បានដែលក្នុងនោះមានដូចខាងក្រោមនេះ៖

ភាពស្របច្បាប់៖ ថាតើអ្នកលក់ផ្តល់ឱ្យអ្នកនូវភាពស្របច្បាប់ដែរឬទេសម្រាប់ការលក់ជូនអ្នក? ដោយហេតុថាកម្ពុជាមានប្រភេទនៃឯកសារប្លង់ច្រើន ដូចនេះ ដើម្បីឱ្យសុវត្ថិភាព អ្នកគួរសាកសួរពីប្រភេទប្លង់ដែលអ្នកលក់នោះមាននៅក្នុងដៃ។ ព្រោះជាធម្មតាប្រសិនបើគម្រោងបុរីដែលអ្នកមានបំណងចង់ទិញ ជាគម្រោងស្របច្បាប់ ម្ចាស់គម្រោងត្រូវតែមានប្លង់រឹងមេមួយដែលជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ដែលគ្របដណ្តប់លើផ្ទៃដីនៃគម្រោងទាំងមូល។ ហើយប្លង់មេនេះហើយដែលជាប្លង់ដែលត្រូវធ្វើការបែងចែកជាចំនែកផ្សេងៗគ្នានៃផ្ទះនីមួយៗដើម្បីអាចចេញជាប្លង់រឹងមួយៗផ្សេងៗពីគ្នាបានទៀត។

ពិនិត្យ និងសាកសួររកប្លង់មេ?៖ អាចជួយយើងឱ្យច្បាស់ថា នេះជាគម្រោងស្របច្បាប់ដែលមានផ្ទៃដីដូចនឹងអ្វីដែលអ្នកលក់បានប្រាប់មែន។ ហើយក៏ដើម្បីធានាថាគេពិតជាមានប្លង់រឹងអាចកាត់ជូនអ្នកបាន។ ហើយអ្វីដែលរឹតតែសំខាន់នោះគឺដើម្បីធានាថា ផ្ទៃដីនៃគម្រោងនោះ មិនបានជាប់ប្លង់នៅធនាគារផងដែរ ជៀសវាងមានបញ្ហាផ្សេងទៀតនៅពេលក្រោយ។

ប័ណ្ណចុះបញ្ជីក្រុមហ៊ុន និងអាជ្ញាប័ណ្ណបុរី៖ ថាតើគម្រោងបុរីដែលអ្នកនឹងទិញនេះ គេមានលិខិតចុះបញ្ជីនៅក្រសួងពាក់ព័ន្ធត្រឹមត្រូវហើយឬនៅ? ដោយសារបច្ចុប្បន្នមានគម្រោងអភិវឌ្ឍន៍បុរីជាច្រើនដែលកំពុងរីកដុះដាល ដូចនេះហើយសំខាន់ណាស់ដែលអ្នកចាំបាច់ត្រូវសួរនាំលើបញ្ហាមួយនេះ។ គឺដើម្បីឱ្យប្រាកដថាក្រុមហ៊ុននោះពិតជាមានភាពស្របច្បាប់ត្រឹមត្រូវពិតមែន ព្រោះថាបច្ចុប្បន្ននៅតែមានក្រុមហ៊ុនមួយចំនួននៅមិនទាន់មានភាពស្របច្បាប់នៅឡើយទេ ហើយនេះក៏ដើម្បីគេចពីការបង់ពន្ធ និងការចំណាយផ្សេងៗលើគម្រោងមួយចំនួន ដូចជាអាជ្ញាប័ណ្ណសាងសង់ជាដើម។ ដូចនេះហើយអ្នកគួរតែស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកលក់ដើម្បីធានាថាក្រុមហ៊ុននោះពិតជាស្របច្បាប់មែន។

មានអាជ្ញាប័ណ្ណសាងសង់៖ ក្រៅពីមានភាពស្របច្បាប់ទៅតាមចំណុចខាងលើហើយ គម្រោងនៃបុរីនោះ ក៏ត្រូវតែមានផងដែរនូវអាជ្ញាប័ណ្ណសាងសង់ដែលចេញពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ ព្រោះថាមុននឹងគម្រោងណាមួយទទួលបានអាជ្ញាប័ណ្ណនេះ គម្រោងមួយនោះគឺត្រូវបានឆ្លងកាត់នូវការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួង។ ហើយនៅពេលដែលក្រសួងបានត្រួតពិនិត្យពីបច្ចេកទេសចប់សព្វគ្រប់ហើយ នោះខាងក្រសួងនឹងចេញអាជ្ញាប័ណ្ណសាងសងដល់ក្រុមហ៊ុនមួយនោះលើគម្រោងដែលក្រុមហ៊ុនបានស្នើរ។

នៅពេលក្រោយ ពេលដែលបងប្អូនគិតចង់ទិញផ្ទះនៅក្នុងបុរីដែលប្រកបដោយភាពស្របច្បាប់ និងគ្មានបញ្ហាអ្វីកើតឡើងនៅពេលក្រោយ បងប្អូនអាចយកចំណុចដូចខាងលើនេះ យកទៅធ្វើតាមដើម្បីប្រាកដថាអ្វីៗវាស្របនឹងច្បាប់ត្រឹមត្រូវ៕

 

អត្ថបទ៖ វិសាល 

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com