ពន្ធដារខេត្តព្រះសីហនុប្រមូលពន្ធបានជាង ៦៩ប៊ីលលានរៀលក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៩នេះ

  • 2019-07-10 2:55:01
  • ចំនួនមតិ 0 | ចំនួនទស្សនា 404


លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានឱ្យដឹងនៅកាលពីព្រឹកថ្ងៃពុធ ម្សិលមិញថា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៩នេះ សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលថវិកាបានចំនួនជាង ៦៩ប៊ីលលាន ស្មើនឹងជាង ១៧លានដុល្លារអាម៉េរិក។ បើប្រៀបធៀបរយៈពេល ៦ខែ ដូចគ្នានឹងដើមឆ្នាំ២០១៨ មានការកើនឡើង ២៧ប៊ីលលាន ស្មើនឹង ៦លានដុល្លារអាម៉េរិក កើនឡើងស្មើនឹង ៦៤%។

លោកប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានបន្តថា ការកើនឡើងនូវចំណូលពន្ធ រយៈពេល ៦ខែដើមឆ្នាំនេះ មានដូចជាចំណូលពន្ធប្រថាប់ត្រា ពន្ធលើឈ្នួលផ្ទះ ពន្ធអចលន ទ្រព្យ ពន្ធលើតម្លៃបន្ថែម ពន្ធលើមធ្យោបាយដឹកជញ្ជូនជាដើម និងមានពន្ធផ្សេងៗទៀត។ កត្តាដែលធ្វើឱ្យកំណើនពន្ធក្នុងខេត្តព្រះសីហនុ មានការកើនឡើងដោយផ្អែកលើប្រទេសជាតិ មានសុខសន្តិភាព ពិសេសប្រជាពលរដ្ឋមានការយល់ដឹងពីកាតព្វកិច្ចបង់ពន្ធ។  ម្យ៉ាងវិញ ទៀតវិស័យអចលនទ្រព្យមានការកើនឡើង បូកនឹងមធ្យោបាយដឹកជញ្ជូននៅទូទាំងប្រទេស មានការកើនឡើង ពិសេសនៅខេត្តព្រះសីហនុ។

លោកបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកពន្ធដារ ឱ្យមានការបើកសិក្ខាសាលាផ្សព្វផ្សាយដល់ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ស្តីពីកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ទើបបងប្អូនប្រជាពលរដ្ឋ នាំគ្នាមកបង់ពន្ធនៅតាមសាខាពន្ធដារ ឬនៅតាមធនាគារ។

លោកបានបន្តទៀតថា ដោយសារនាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋកាន់តែមានការយល់ ដឹងពីកាតព្វកិច្ចបង់ពន្ធជូនរដ្ឋកាន់តែច្រើន ហើយពួកគាត់បាននាំគ្នាចូលមកបង់ពន្ធនៅតាម ស្នាក់ការសាខាពន្ធដារក្រុង ស្រុក និងតាមធនាគារដែលអគ្គនាយកដ្ឋានពន្ធដារ បានសហ ការចុះកិច្ចព្រមព្រៀងក្នុងការប្រមូលពន្ធនៅតាមធនាគារ។ ធនាគារដែលបានចុះកិច្ចព្រម ព្រៀងសហការជាមួយពន្ធដារ មានដូចជា ធនាគារអេស៊ីលីដា ធនាគារការណាឌីយ៉ា. ធនាគារវឌ្ឍនៈ  ធនាគារកម្ពុជាសាធារណៈ និងធនាគារ ANZ។

លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានសំណូមពរ បងប្អូន ប្រជាពលរដ្ឋ អញ្ជើញមកបង់ពន្ធនៅតាមធនាគារណាមួយក៏បាន ដែលនៅជិតផ្ទះ លោកអ្នក កាន់តែមានភាពងាយស្រួលប្រកបដោយតម្លាភាព គណនេយ្យភាព និងការជឿជាក់លើមន្ត្រី បម្រើ សេវាដែលនៅរង់ចាំបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់ពេលម៉ោងធ្វើការ ចៀសវាងឱ្យអ្នកផ្សេងមកបង់ជំនួស នាំឱ្យខាតពេល និងខាតបង់ថវិកា ថែមទៀតផង។

លោកសង្ឃឹមថា ឆ្នាំ២០១៩នេះ សាខាពន្ធដារខេត្តព្រះសីហនុ និងប្រមូលថវិកាមាន ការកើនឡើងជាងបណ្តាឆ្នាំកន្លងមកជាក់ជាមិនខាន ហើយរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលថវិកាលើសផែនការឆ្នាំ និងមានការកើនឡើងជាបន្ត បន្ទាប់ និងជារៀងរាល់ឆ្នាំផងដែរ។

លោកបានឱ្យដឹងបន្ថែមទៀតថា ក្នុងឆ្នាំ២០១៩នេះ អគ្គនាយកពន្ធដារ តម្រូវឱ្យសាខា ពន្ធដារខេត្តព្រះសីហនុ ប្រមូលថវិកាបានចំនួន ៦៦ប៊ីលលានរៀល នៃផែនការប្រចាំឆ្នាំ៕

 

ដកស្រង់៖ បូ ទីន /akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com