រកស៊ីផង ធ្វើការផង បងប្អូនគិតម៉េចដែរ?

  • 2019-06-28 2:54:58
  • ចំនួនមតិ 0 | ចំនួនទស្សនា 1015


តើបងប្អូនធ្លាប់គិតចង់ធ្វើការផង រកស៊ីផងដែរឬទេ? ត្បិតតែរកស៊ីផងធ្វើការផង វាហត់ខ្លាំង ប៉ុន្តែឱ្យតែបងប្អូនច្បាស់នឹងខ្លួនឯងហើយ បងប្អូនក៏អាចធ្វើការបណ្តើរ រកស៊ីបណ្តើរបានដែរ ព្រោះវានឹងអាចទៅរួច ហើយថែមទាំងបង្កើនចំណូលដល់បងប្អូន ថែមទៀតផង។ ប៉ុន្តែក្នុងនោះបងប្អូនត្រូវធ្វើយ៉ាងណាដើម្បីរក្សាតុល្យភាពរវាងការងារ និងមុខរបររកស៊ីដើរបានរលូននោះ? នោះខាងក្រោមនេះអាចជួយបងប្អូនបាន៖

ការរកស៊ីនោះមានទីផ្សារ និងកើតចេញពីចិត្តស្រឡាញ់

ជាការពិតណាស់ ភាពច្បាស់លាស់គឺជារឿងដ៏សំខាន់បំផុតក្នុងការសម្រេចធ្វើអ្វីមួយ ដូចនេះបងប្អូនត្រូវតែច្បាស់ថាមុខរបរនោះមានទីផ្សារ និងត្រូវនឹងអ្វីដែលបងប្អូន ស្រឡាញ់។ ព្រោះថាបើផលិតផល ឬអាជីវកម្មរបស់បងប្អូនមិនមានទីផ្សារ ឬបងប្អូន មិនចូលចិត្តអាជីវកម្មមួយនោះទេ នោះអ្នកនឹងប្រឈមនឹងការខាតបង់ ហើយអាចនឹង ឆាប់បោះបង់ការរកស៊ីនេះផងដែរ។

បែងចែកពេលវេលាឲ្យបានច្បាស់លាស់

ដរាបណាបងប្អូនមិនទាន់ឈប់ធ្វើការ នោះមានន័យថា បងប្អូននៅតែមានតួនាទី ជាបុគ្គលិករបស់គេដដែរ។ ហេតុនេះហើយ បងប្អូនគួរបែង ចែកពេលវេលា ឲ្យបានត្រឹមត្រូវរវាងម៉ោងធ្វើការនិងម៉ោងរកស៊ី ជៀសវាងមានការឡូកឡំ គ្នាដែលជាហេតុធ្វើឱ្យមានបញ្ហាទៅលើគុណភាពការងាររបស់បងប្អូន ក៏ដូចជាការរកស៊ី របស់បងប្អូនផងដែរ។ យ៉ាងណា សូមកុំភ្លេចឆ្នាំងបាយដើមដែលជាប្រភពចំណូល ទៀងទាត់របស់បងប្អូនឱ្យសោះ។ ពេលធ្វើការបងប្អូនត្រូវផ្ដោតអារម្មណ៌ និងយក ចិត្តទុកដាក់ព្រមទាំងបំពេញតួនាទីជាបុគ្គលិកល្អម្នាក់។ ដូចនេះស៊ូលាឈប់ពីការងារ ប្រសើរជាងទៅធ្វើការទាំងគ្មានព្រលឹងក្នុងខ្លួននោះ (ប្រសិនបើអ្នកគិតថាការរកស៊ីរបស់បងប្អូនដើរហើយ)។

ត្រូវចេះប្រើបច្ចេកវិទ្យា

ជាការពិតណាស់បច្ចេកវិទ្យាបានដើរតួរយ៉ាងសំខាន់ និងជាផ្នែកមួយនៃជីវិត របស់មនុស្សគ្រប់រូបនាសម័យបច្ចុប្បន្ននេះ។ ពីមុនអ្នករកស៊ី ធ្វើការទាក់ទងគ្នាម្តងៗ ពិតជាពិបាកខ្លាំងណាស់ ប៉ុន្តែការវិវត្តនៃបច្ចេកវិទ្យាចេះតែជឿនលឿន (មានទូរស័ព្ទ បណ្តាញសង្គមផ្សេងៗ) ដែលនេះរឹតតែងាយស្រួលឱ្យអ្នករកស៊ីនាសម័យបច្ចុប្បន្ននេះអាចធ្វើការប្រាស្រ័យទាក់ទងជាមួយអតិថិជនបានរឹតតែងាយ។ ដែលងាយនឹងទទួលការកម្មង់ ទទួលសាច់ប្រាក់ និងការដឹកជញ្ជូនដល់អតិថិជនបានយ៉ាងងាយថែមទៀតផង ទោះកំពុងធ្វើការក៏ដោយ។

 

អត្ថបទ៖ វិសាល

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com